ជាតិ
សៀវភៅ«នៅពីក្រោយវាំងននខ្មៅ» បង្ហាញពីទិដ្ឋភាពរស់នៅក្នុងពន្ធនាគាររបស់សកម្មជនបរិស្ថាន
05, Mar 2022 , 8:39 pm        
រូបភាព
សកម្មជនបរិស្ថានទាំង៣រូប ដែលជាប់ពន្ធនាគារ(រូបខាងឆ្វេង)។ រូបផ្ដល់ដោយ​ លោក ម៉ាឡា
សកម្មជនបរិស្ថានទាំង៣រូប ដែលជាប់ពន្ធនាគារ(រូបខាងឆ្វេង)។ រូបផ្ដល់ដោយ​ លោក ម៉ាឡា
ភ្នំពេញ៖ ជីវិតរស់នៅក្នុងពន្ធនាគារខេត្តកោះកុង របស់សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ៣រូប ត្រូវបានលោក សាន់ ម៉ាឡា និពន្ធសៀវភៅឡើងក្រោយចំណងជើងថា «នៅពីក្រោយវាំងននខ្មៅ»។ អ្នកនិពន្ធរូបនេះ អះអាងថា សាច់រឿងពិតនៃជីវិតក្នុងពន្ធនាគារ នឹងមានបង្ហាញក្នុងសៀវភៅនេះ។

 
លោក សាន់ ម៉ាឡា ជាអ្នកនិពន្ធសៀវភៅ «នៅពីក្រោយវាំងននខ្មៅ» ដែលសព្វថ្ងៃជាមន្រី្តតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) បានឲ្យដឹងថា លោកផ្ដួចផ្ដើមសរសេរសៀវភៅនេះ ចាប់តាំងពីលោកចេញពីពន្ធនាគារវិញ បន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេល១០ខែ និង១៤ថ្ងៃ នៅពន្ធនាគារខេត្តកោះកុង កាលពីអំឡុងឆ្នាំ២០១៥។ នៅពីក្រោយវាំងននខ្មៅនេះ អ្នកនិពន្ធបង្ហាញពីបុគ្គលបីរូប គឺលោក សាន់ ម៉ាឡា, លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ដែលជាអតីតសកម្មជនបរិស្ថានរបស់អង្គការមាតាធម្មជាតិ។ 
 
គោលបំណងនៃការសរសេរសៀវភៅ «នៅពីក្រោយវាំងននខ្មៅ» គឺដើម្បីចែករំលែកជីវភាពឬទិដ្ឋភាពរស់នៅក្នុងពន្ធនាគារ របស់អ្នកទោសមនសិការ ដែលជាអតីតសកម្មជនបរិស្ថានមាតាធម្មជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួន។ ការចាប់ខ្លួននេះ ធ្វើឡើងដោយអយុត្តិធម៌ ក្រោយពីក្រុមរបស់លោកទាំង៣រូប និងសហគមន៍នៅមូលដ្ឋាន ធ្វើយុទ្ធនាការអហិង្សាជំទាស់ នឹងការបូមខ្សាច់ក្នុងខេត្តកោះកុង។ នេះបើតាមលោក សាន់ ម៉ាឡា ដែលបានផ្ដល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានថ្មីៗ(Thmey Thmey) នៅថ្ងៃទី២មីនា ដោយលោកបន្ថែមថា សៀវភៅនេះ ជាស្នាដៃនិពន្ធដំបូងរបស់លោក។ 
 
សៀវភៅមួយក្បាលនេះ បានបង្ហាញយ៉ាងលម្អិតពីវង់អាហារតាមបន្ទប់, ការប្រជុំប្រចាំសប្ដាហ៍ និងការធ្វើពលកម្មបន្ថែមក្នុងពន្ធនាគារ។ អ្នកនិពន្ធវ័យ២៩ឆ្នាំរូបនេះ ពោលថាស្នាដៃនេះនឹងកាន់តែមានតម្លៃនាថ្ងៃខាងមុខ គឺបង្ហាញឲ្យអ្នកជំនាន់ក្រោយ ដឹងពីការពិតនៃទិដ្ឋភាពក្នុងពន្ធនាគារ ពិសេសគឺការប្ដេជ្ញាចិត្តការពារធនធានធម្មជាតិ របស់សកម្មជនបរិស្ថានក្នុងជំនាន់នេះ។ 
 
«សកម្មភាព និងជីវភាពរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ ជារឿងកំបាំងភ្នែកពីមហាជនទូទៅ ហើយសុខទុក្ខ អាហារហូបចុក និងការរស់នៅប្រចាំថ្ងៃ ពុំមានអ្នកដឹងថាបែបណានោះទេ! អ៊ីចឹង ខ្ញុំចាត់ទុកថារឿងទាំងអស់នេះ គឺស្ថិតនៅពីក្រោយវាំងននខ្មៅ ហើយសៀវភៅមួយក្បាលនេះ នឹងរួមចំណែកបង្ហាញទិដ្ឋភាពទាំងអស់នេះ ដល់មហាជន ពិសេសអ្នកគាំទ្រសកម្មភាពបរិស្ថានបានទទួលដឹងឮ»។ នេះជាហេតុផលដែលលោក សាន់ ម៉ាឡា ដាក់ចំណងជើងថា «នៅពីក្រោយវាំងននខ្មៅ»។ 
 
សៀវភៅនេះ បានបោះពុម្ពផ្សាយចំនួន ១ ០០០ក្បាល ជាលើកដំបូង នៅថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២២ ដោយមាន១៨ជំពូក និងកម្រាស់១ ០៦៨ទំព័រ៕ 

Tag:
 សកម្មជនបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com