ជាតិ
គម្រោងស្ថាបនាផ្លូវជាតិលេខ៧១C៖ ពលរដ្ឋមួយចំនួន មិនពេញចិត្តគោលការណ៍ដោះស្រាយផលប៉ះពាល់
07, Mar 2022 , 9:19 am        
រូបភាព
ក្រូចឆ្មារ-ត្បូងឃ្មុំ៖ ក្រុមហ៊ុនចិន កំពុងចាប់ផ្តើមដំណើរការគម្រោងស្ថាបនាផ្លូវជាតិលេខ ៧១C បន្ទាប់ពីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ រួចរាល់ជាស្ថាពរនៅចុងឆ្នាំ ២០២១ កន្លងទៅ។ គម្រោងផ្លូវដែលភ្ជាប់ពីស្រុកចំការលើ ដល់ទីរួមខេត្តត្បូងឃ្មុំនេះ ប៉ះពាល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋច្រើនគ្រួសារ ដែលបច្ចុប្បន្ន អាជ្ញាធរកំពុងចុះវាស់វែង កំណត់ផលប៉ះពាល់។ ពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ដែលប៉ះពាល់ក្នុងគម្រោងនេះច្រើនជាងគេ បានបង្ហាញការមិនពេញចិត្តចំពោះសំណងទូទាត់ផលប៉ះពាល់ទាំងអម្បាលម៉ាន ដែលរដ្ឋផ្តល់ជូន ដោយយល់ថា សំណងទាំងនោះ មិនសមស្របតាមតម្លៃដីធ្លីដែលពួកគេបាត់បង់ គឺក្នុងតម្លៃទាប ដែលមិនសមស្រប។

 
«ស្រះខ្ញុំចិញ្ចឹមត្រី គេវាស់ឱ្យមួយម៉ែត្រការ៉េ ០.៦ ដុល្លារ (៦០សេន) តើអាចទទួលយកបានទេ? វាថោកពេក ធ្វើប៉ះពាល់លើឆ្នាំងបាយខ្ញុំ របរចិញ្ចឹមត្រីនេះហើយ ដែលខ្ញុំប្រឹងប្រែង ជួយឱ្យកូនខ្ញុំរៀនចប់បរិញ្ញាបត្រ ខ្ញុំមិនព្រមឱ្យធ្វើទេ»។ នេះជាការលើកឡើងរបស់លោក តាំ អ៊ីសា ពលរដ្ឋម្នាក់នៅភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ដែលហាក់មិនទាន់ទទួលយកបាន ចំពោះគោលនយោបាយដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 
 
កាលពីចុងខែ កុម្ភៈ កន្លងទៅ ក្រុមការងារនៃគណៈកម្មការដោះស្រាយផលប៉ះពាល់គម្រោងស្ថាបនាផ្លូវជាតិលេខ ៧១ C បានចុះជួបប្រជាពលរដ្ឋ និងបានប្រាប់ពីតម្លៃសំណង នៃគម្រោងធ្វើផ្លូវថ្មីនេះ។ 
 
លោក តាំ អ៊ីសា ប្រាប់ថា ដីចម្ការលោកទាំងអស់ ប៉ះពាល់ជិត៣ពាន់ម៉ែត្រការ៉េ ដោយក្នុងនោះ ដីស្រះដែលគាត់កំពុងចិញ្ចឹមត្រី ខាងក្រសួងឱ្យតម្លៃមិនដល់មួយដុល្លារទេក្នុងមួយម៉ែត្រការ៉េ។ លោកយល់ថា ក្រសួងគួរឱ្យសំណងក្នុងតម្លៃសមរម្យណាមួយដែលអាចទទួលយកបាន ខណៈដែលវាបានប៉ះពាល់ដល់របរប្រចាំថ្ងៃរបស់គ្រួសារលោក។ លោកបន្តថា៖« ខ្ញុំជាប្រជាពលរដ្ឋ រីករាយណាស់ ពេលឃើញមានការអភិវឌ្ឍផ្លូវនៅក្នុងភូមិ យើងចង់ឃើញការអភិវឌ្ឍដូចគ្នា ពួកយើងមិនប្រឆាំងចំពោះការអភិវឌ្ឍនេះទេ យើងគ្រាន់តែចង់បានសំណងសមរម្យណាមួយ ដែលអាចទទួលយកបានតែប៉ុណ្ណោះ»។


 
ពលរដ្ឋមួយរូបទៀត ដែលប៉ះពាល់ក្នុងគម្រោងផ្លូវខ្នែង នៃគម្រោងផ្លូវជាតិលេខ ៧១C អ្នកស្រី ឆយ វុត្ថា ក៏មិនទាន់ផ្តិតមេដាយ ទទួលយកតម្លៃសំណងទូទាត់ផលប៉ះពាល់ដែរ។ អ្នកស្រីថា ក្រសួងមិនមានភាពច្បាស់លាស់ ចំពោះការរៀបចំតារាងសំណងផលប៉ះពាល់ ដោយទ្រព្យសម្បត្តិប៉ះពាល់ខ្លះមិនបានដាក់បញ្ចូលក្នុងតារាងទូទាត់ឱ្យពលរដ្ឋទេ។ 
អ្នកស្រីលើកឡើងថា៖« យើងក៏មិនមាត់ដែរ សុំមើលឯកសារដែលទូទាត់ ឃើញថា គេគិតអស់ហើយ តែខុសមិនទាន់បញ្ចូលបង្គន់២ ហើយរបងឥដ្ឋ២០ គេដាក់ឥដ្ឋ១០»។
 
ពលរដ្ឋរូបនេះ ប៉ះពាល់ដីផ្ទះ និងចម្ការចំនួន ៧០០ម៉ែត្រការ៉េ និងបានត្អូញត្អែរទៀតថា៖« កាលមុនវាស់ យើងមិនឱ្យវាស់ទេ យើងថាទាល់តែមានសំណងឱ្យសមរម្យ ហើយគេហៅពួកយើង៣, ៤នាក់ទៅប្រជុំនៅឃុំ...យើងសុំថា ដីកន្លែងនេះមិនដូចដីខាងលើខាងក្រោមទេ ព្រោះតម្លៃវាទីផ្សារដីត្រង់ហ្នឹងវាមានតម្លៃថ្លៃ ហើយយើងថា ប្រសិនណាបើយើងព្រមវាស់ ទាល់តែមានកិច្ចសន្យាថា បានតម្លៃសមរម្យ បើប្អូនទីផ្សារប្អូនតិចតួច សមរម្យ ហើយខាងឃុំក៏គេយល់ស្របរឿងនេះដែរ ក៏ផ្តិតមេដៃព្រមគ្នាទៅ ស្រាប់តែមកវាទាបតែហ្មង វាមិនមែនខ្ពស់ មិនបានពាក់កណ្ដាលគេ វាលេចខាងក្រោមតែម្ដង...ដីផ្ទះដែលកាលទៅប្រជុំលើកមុន ថាឱ្យ១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ តែឥឡូវឱ្យ១០ដុល្លារ»។


 
ទាក់ទងនឹងករណីនេះ ប្រធានអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ ៧១ C ខេត្តត្បូងឃ្មុំ  លោក ហាក់ សុខមករា បកស្រាយថា ដោយសារជាគម្រោងថ្នាក់ជាតិ ដូច្នេះថ្នាក់ខេត្តមិនទាន់ដឹងពីតារាងតម្លៃ សម្រាប់សំណងដល់ប្រជាពលរដ្ឋទេ គឺសមត្ថកិច្ចលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបន្ថែមថា ជាទូទៅ ប្រជាពលរដ្ឋតែងចង់បានតម្លៃថ្លៃ តែការដាក់តម្លៃនេះ គឺរាជរដ្ឋាភិបាលរៀបចំច្បាស់លាស់ មិនមែនចេះតែដាក់ៗនោះទេ។
 
លោកពន្យល់ថា៖« យើងគួរយល់ជារួមថា គម្រោងដោះស្រាយផលប៉ះពាល់នេះ តាមនីតិវិធី មានការត្រួតពិនិត្យ និងវាយតម្លៃដោយក្រុមហ៊ុនឯករាជ្យមួយ ដែលធ្វើការងារនេះលើតម្លៃដី កាលដែលមិនទាន់មានផ្លូវកាត់ ដើម្បីសុំគោលការណ៍ទៅរាជរដ្ឋាភិបាលសម្រេច ពេលរាជរដ្ឋាភិបាលសម្រេចរួច បានគណៈកម្មការក្រសួងដោះស្រាយផលប៉ះពាល់នេះ យកមកអនុវត្តន៍ ចឹងការទាមទារនេះ ធម្មតាទេ ប្រជាពលរដ្ឋយើងនេះ គាត់តែងតែចង់បាននូវការដោះស្រាយនូវតម្លៃខ្ពស់ហើយ ប៉ុន្តែយើងគួរក្រឡេកនូវសមិទ្ធផលដែលទទួលបានពីការសាងសង់ហើយ គឺដីមួយចំនួនដែលមិនរងផលប៉ះពាល់ វាមានតម្លៃនឹងកើនឡើង។ ចឹងការចូលរួមទាំងអស់រវាងប្រជាពលរដ្ឋ ជាមួយរដ្ឋ ដើម្បីស្ថាបនាផ្លូវនេះឡើង ទើនបាន ហើយយើងថា ត្រូវតែដោះស្រាយតាមតម្លៃដែលបងប្អូនប្រជាពលរដ្ឋយើងចង់បាន ប្រហែលជាមិនត្រូវចិត្តទេ»។
 
អភិបាលរងខេត្តត្បូងឃ្មុំ បន្ថែមទៀតថា៖« នីតិវិធីមានច្រើន ទម្រាំចេញជាតម្លៃនេះ មិនមែនជាតម្លៃមួយដែលយើងចេះតែដាក់ដើម្បីគាបប្រជាពលរដ្ឋ ឬដាក់បន្ទុកប្រជាពលរដ្ឋឱ្យព្រមទេ យើងមានការសិក្សាច្បាស់ណាស់ ពីក្រុមហ៊ុនឯករាជ្យមួយដែលចំណាយពេល តាំងពីមិនទាន់មានគម្រោងនេះមកម្ល៉េះ ពេលនោះវាមានតម្លៃផ្សេង ដល់តែមានគម្រោងវាមានតម្លៃផ្សេងទៀត ហើយធ្វើរួច ដីវារិតតែឡើងថ្លៃទៀតហើយ»។
 
តាមតម្លៃត្រួសៗ ដែលមន្រ្តីនៃគណៈកម្មការដោះស្រាយផលប៉ះពាល់ប្រាប់ប្រជាពលរដ្ឋ ដីស្រែចម្ការដែលប៉ះពាល់លើគន្លងផ្លូវមេ (ផ្លូវជាតិលេខ៧១ C) គឺមួយម៉ែត្រការ៉េតម្លៃ ១.៣ដុល្លារ (១ដុល្លារ និង៣០សេន) ចំណែកផ្លូវទទឹងកាត់ផ្លូវមេនេះ ដែលភាគច្រើនជាដីភូមិ មានផ្ទះ និងចម្ការអាស្រ័យផលជាក់ស្ដែង រដ្ឋគិតក្នុងតម្លៃ ៤ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីផ្ទះ ក្នុងតម្លៃ ១០ដុល្លារ។  


 
ពលរដ្ឋភាគច្រើនយល់ថា តម្លៃនេះ ខុសគ្នាឆ្ងាយពីតម្លៃទីផ្សារបច្ចុប្បន្ន។ តម្លៃដីដែលឈ្មួញទិញបច្ចុប្បន្ន នៅតាមបណ្ដោយផ្លូវជាតិលេខ ៧១ C ដែលកំពុងឈូសឆាយធ្វើនោះ មានតម្លៃ ១០ដុល្លារ ក្នុងមួយម៉ែត្រការ៉េទៅហើយ ខណៈដីក្នុងតំបន់ផ្លូវខ្នែង តម្លៃចន្លោះពី៣០ ទៅ៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ 
 
រហូតមកដល់ពេលនេះ ក្រុមការងារថ្នាក់ខេត្ត មិនទាន់កំណត់ពីតួលេខជាក់លាក់ ពីចំនួនប្រជាជន និងផ្ទៃដីដែលរងផលប៉ះពាល់ សម្រាប់បណ្ដាស្រុកដែលប៉ះពាល់បានទេ។ លោក ហាក់ សុខមករា ប្រាប់ថា ការចុះវាស់វែងផលប៉ះពាល់ជាក់ស្ដែង មិនទាន់បញ្ចប់នៅឡើយ ព្រោះការងារនេះមិនមែនធ្វើតែលើគន្លងផ្លូវមេទេ គឺតាមគន្លងផ្លូវខ្នែងចំនួន ៩ទៀត ផងដែរ។
 
សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ ៧១ C បានប្រកាសបើកការដ្ឋានសាងសង់នៅខែ វិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ផ្លូវនេះមានប្រវែងសរុប ១១៤ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកចំការលើ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងផ្នែកខ្លះនៃស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្រុមហ៊ុនសំណង់សៀងហៃ (SCG) ជាអ្នកស្ថាបនាផ្លូវនេះ ក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលចិន។ ផ្លូវនេះ ត្រូវបានពន្យារពេល ខណៈផ្ទុះឡើងនូវជំងឺកូវីដ១៩ ខណៈដែលគម្រោងគ្រោងបញ្ចប់តំណាលគ្នាជាមួយស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៕

Tag:
 ផ្លូវជាតិលេខ ៧១C
  ស្រុកក្រូចឆ្មារ
© រក្សាសិទ្ធិដោយ thmeythmey.com