ជាតិ
សម្តេច ហ៊ុន​ សែន ប្រាប់ពលរដ្ឋថា កុំឈានហួស​រហូតដល់ស្ម័គ្រ​ចិត្តទៅធ្វើទ័ព​នៅអ៊ុយក្រែន
07, Mar 2022 , 9:14 am        
រូបភាព
«ខ្ញុំ​មិន​ឲ្យ​ពលរដ្ឋ​កម្ពុជាទៅស្លាប់​លើទឹក​ដីអ៊ុយក្រែននោះទេ»។ នេះជាការ​អះអាងរបស់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីសម្ពោធមន្ទីរពេទ្យមួយ​នៅខេត្ត​ត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ទី​៧ ខែមីនា បន្ទាប់ពីសម្តេចបានបន្តពន្យល់ពី​ជំហរ​របស់​កម្ពុជា​លើ​ការឈ្លានពាន​របស់រុស្ស៊ីលើអ៊ុយក្រែន។



ប្រមុខ​រដ្ឋាភិបាល កត់សម្គាល់ឃើញថា ពលរដ្ឋកម្ពុជា រួមទាំង​ក្មេងៗ សុទ្ធតែចាប់អារម្មណ៍ពីបញ្ហានៅអ៊ុយក្រែន ប៉ុន្តែសម្តេចមិនលើកទឹក​ចិត្ត​រហូតដល់អនុញ្ញាតពួកគេទៅធ្វើទ័ពនៅអ៊ុយក្រែននោះឡើយ។ សម្តេចពន្យល់ថា វាជារឿងមិនអាចទៅរួច ដោយសារគ្មាន​អ្វី​ដែល​ត្រូវដឹកពួកគេទៅអ៊ុយក្រែនឡើយ ហើយក៏មិនគួរយក​សាំងទៅចាក់លើភ្លើងនោះដែរ។

សម្តេច ហ៊ុន សែន បាន​រំលឹក​ថា កម្ពុជាចូលអន្តរាគមន៍បាន​តែក្រោមឆត្រ​អង្គការ​សហប្រជាជាតិ ពោល​គឺកងកម្លាំងមួកខៀវ តែប៉ុណ្ណោះ។

ទាក់ទង​បញ្ហា​រុស្ស៊ី អ៊ុយក្រែន សម្តេចបានបញ្ជាក់ថា៖ «យើងមិនអាច​ព្រងើយ​កន្តើយ​លើការវាយ​លុយ​ទ្រង់ទ្រាយ​ធំពីប្រទេសមួយទៅប្រទេសមួយទៀតនោះឡើយ»។ សម្តេចបន្ត​អំពាវនាវឲ្យមាន​ការចរចា ជាពិសេស​ការ​ចរចាឈាន​ទៅដល់បទឈប់បាញ់នៅហ្នឹងកន្លែង៕

© រក្សាសិទ្ធិដោយ thmeythmey.com