អន្តរជាតិ
អ៊ុយក្រែននិងរុស្ស៊ី តតាំងគ្នានៅ ICJ ជុំវិញហេតុផលប្រល័យពូជសាសន៍ដែលរុស្ស៊ីប្រើដើម្បីបញ្ជូនទ័ពចូលអ៊ុយក្រែន
07, Mar 2022 , 12:03 pm        
រូបភាព
ទីស្នាក់ការតុលាការយុត្តិធម៌អន្តរជាតិ។ រូបថតវេបសាយ ICJ
ទីស្នាក់ការតុលាការយុត្តិធម៌អន្តរជាតិ។ រូបថតវេបសាយ ICJ
អ៊ុយក្រែន និងរុស្ស៊ីនៅថ្ងៃទី៧ និងទី៨ ខែមីនានឹងត្រូវប្រឈមមុខគ្នានៅក្នុងសវនាការជាសាធារណៈរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលស្នើដោយភាគីអ៊ុយក្រែនពាក់ព័ន្ធនឹងសំណុំរឿងអំពើប្រល័យពូជសាសន៍ដែលរុស្ស៊ីប្រើដើម្បីបញ្ជូនទ័ពចូលអ៊ុយក្រែន។ ទីក្រុងកៀវអះអាងថា ហេតុផលដែលទីក្រុងមូស្គូប្រើ មិនត្រឹមត្រូវទៅតាមបំណកស្រាយនៃច្បាប់ប្រល័យពូជសាសន៍ឡើយ។

 
តុលាការកំពូលរបស់អង្គការសហប្រជាជាតិ (ICJ) នៅថ្ងៃទី៧ និងទី៨ខែមីនា នឹងបើកសវនាការជាសាធារណៈពាក់ព័ន្ធនឹងសំណុំរឿងអំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែន។ អំឡុងសវនាការនេះ ភាគីអ៊ុយក្រែនស្នើឱ្យ ICJ ចេញសេចក្តីសម្រេចជាបន្ទាន់ទាមទារឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពាន។ 
 
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនប្រកាសធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែនដោយសម្អាងថា ជាចាំបាច់ដើម្បីការពារប្រជាជនដែលមានភាសាដើមជារុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនពីការគំរាម និងការប្រល័យពូជសាសន៍បង្កដោយអាជ្ញាធរទីក្រុងកៀវ។ អ៊ុយក្រែនដាក់ពាក្យបណ្តឹងប្រឆាំងវិញថា ការអះអាងរបស់រុស្ស៊ីទាក់ទិននឹងអំពើប្រល័យពូជសាសន៍នេះមិនស្របទៅនឹងបំណកស្រាយនៃច្បាប់ប្រល័យពូជសាសន៍ឡើយ ហើយមិនបានផ្តល់អំណាចច្បាប់ឱ្យមានការវាយប្រហារនេះដែរ។ 
 
សំណុំរឿង​នេះ ផ្តោតសំខាន់​លើ​បំណកស្រាយ​នៃ​សន្ធិសញ្ញា​ស្តីពី​ការ​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​ឆ្នាំ ១៩៤៨ ដែល​ចុះហត្ថលេខា​ដោយ​ប្រទេស​ទាំងពីរ។ នៅក្នុងសន្ធិសញ្ញានេះ ICJ ដើរតួជាវេទិកាដោះស្រាយវិវាទរវាងប្រទេសហត្ថលេខី។
 
សូមបញ្ជាក់ថា នៅក្នុងសវនាការនេះ អ៊ុយក្រែននឹងត្រូវបង្ហាញពីសេចក្តីសម្អាងរបស់ខ្លួនដោយផ្ទាល់តាមវីដេអូ ឬនៅទីក្រុងឡាអេនៅថ្ងៃទី៧ ខែមីនា។ ចំណែកឯ រុស្ស៊ីនឹងត្រូវបង្ហាញពីសេចក្តីសម្អាងរបស់ខ្លួនទាក់ទិននឹងបទចោទនេះដោយផ្ទាល់ដែរនៅថ្ងៃទី៨ ខែមីនា៕
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
 ICJ
© រក្សាសិទ្ធិដោយ thmeythmey.com