ជាតិ
សង្គមជាតិ
ធនាគារអភិវឌ្ឍន៍អាស៊ីរៀបចំ «សន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍» នៅសប្តាហ៍ក្រោយ
07, Mar 2022 , 5:20 pm        
រូបភាព
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងរៀបចំសន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (SEADS) ជាលើកទីបីចាប់ពីថ្ងៃ១៦ ដល់ថ្ងៃ ១៧ ខែមីនាខាងមុខ ក្រោមមូលបទ «ដំណោះស្រាយប្រកបដោយចរីភាពដើម្បីការងើបឡើងវិញនៃតំបន់អាស៊ីអាគ្នេយ៍»។ 

វេទិកាសន្និសីទតំបន់នេះនឹងប្រមូលផ្តុំដោយវាគ្មិនល្បីឈ្មោះ និង មានឥទ្ធិពលជាច្រើននាក់រួមមានទាំងអ្នកជំនាញ បុគ្គលដែលមានអំណាចក្នុងការសម្រេចចិត្ត និងបុគ្គលដែលមានការច្នៃប្រឌិតថ្មីផងដែរ។ វាគ្មិនទាំងនោះនឹងជជែកពិភាក្សាពីទស្សនវិស័យថ្មីៗ ស្វែងរកដំណោះស្រាយបច្ចេកវិទ្យានានា និងពិនិត្យមើលពីគោលនយោបាយឆ្លើយតបនានាដែលអាចជួយឱ្យបណ្តាប្រទេសក្នុងតំបន់អាចងើបពីវិបត្តិជំងឺរាតត្បាត កូវីដ-១៩ ដោយចីរភាព។
 
ស្របពេលដែលប្រទេសជាច្រើនកំពុងរួមរឹតដោយឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច សុខុមាលភាព និងសង្គម សន្និសីទតំបន់ឆ្នាំ ២០២២ នឹងជជីកចូលជ្រៅដើម្បីស្វែងរកវិធីជួយឱ្យតំបន់អាស៊ីអាចធ្វើឱ្យឧស្សាហកម្មទេសចរណ៍ដែលធ្លាប់លូតលាស់មុនជំងឺរាតត្បាតកូវីដ-១៩ នោះចាប់ផ្តើមរស់ឡើងវិញ ដោះស្រាយឱ្យបាននូវបញ្ហាច្រវ៉ាក់ផ្គត់ផ្គង់ដែលទន់ខ្សោយនិងតូចចង្អៀត ក៏ដូចជាពន្លឿនការផ្លាស់ប្តូរឌីជីថល ដែលសុទ្ធសឹងតែអាចជួយដល់ការកសាងឡើងវិញដែលមានប្រសើរជាងមុនផង។
 
ក្នុងវេទិកានេះ ភាគីពាក់ព័ន្ធក៏អាចនឹងរិះរកឱកាសថ្មីៗ សម្រាប់តំបន់ និងមានលក្ខខណៈច្នៃប្រឌិតជាងមុន ដែលវាអាចជួយជំរុញឱ្យប្រទេសក្នុងតំបន់មានលទ្ធភាពកៀងគររកធនធាន បង្កើតដំណោះស្រាយបៃតងដែលសមស្របនឹងបរិស្ថាន និងមានចីរភាព ពង្រីកបរិយាប័ន្នសម្រាប់ប្រជាជនក្រីក្រ និងក្រុមងាយរងគ្រោះ ក៏ដូចជាដើម្បីធានាឱ្យបាននៅសមភាពសង្គម និង បង្កើតឱកាសសម្រាប់ស្ត្រី។ 
 
សន្និសីទដែលមានរយៈពេលពីរថ្ងៃនេះដែរ នឹងមានបញ្ចូលទាំងកិច្ចប្រជុំកម្រិតខ្ពស់ ការពិភាក្សា និងសិក្ខាសាលាដែលផ្តោតលើប្រធានបទជាច្រើន ដែលសន្និសីទនេះបើកចំហរដល់សាធារណជន និងអ្នកសារព័ត៌មានមានឱកាសចូលរួមស្តាប់ដោយឥតគិតថ្លៃ។ 
 
ទាក់ទិននឹងកម្មវិធីនានានៃសន្និសីទនេះ នាថ្ងៃទី ១៦ ខែមីនា  សន្និសីទនឹងចាប់ផ្តើមបើកដោយ ការថ្លែងសុន្ទរកថាគន្លឹះរបស់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោក Masatsugu Asakawa ក៏ដូចជាមានសុន្ទរកថាផ្សេងទៀតដែលផ្តល់ដោយ តំណាងរដ្ឋាភិបាល និងមេដឹកនាំក្នុងវិស័យធុរកិច្ចតំបន់ជាដើមផងដែរ។  
 
ប្រធានបទសំខាន់ៗជាច្រើនដែលនឹងត្រូវលើកយកមកនោះមានដូចជា ការកសាងឡើងវិញឱ្យប្រសើរជាងមុនតាមរយៈដំណោះស្រាយដែលប្រកបដោយបរិយាប័ន្ន រួមជាមួយការបង្ហាញរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីស្តីពី «ការងើបឡើងវិញពីផលប៉ះពាល់នៃមេរោគរាតត្បាតនៃតំបន់អាស៊ីអាគ្នេយ៍ផងដែរ»។ ក្នុងពេលរសៀល វាមានវេទិកាជជែកពិភាក្សាសំខាន់ៗ ៦ ផ្សេងគ្នាដែលផ្តោតលើប្រធានបទអាទិភាពនៃសន្និសីទនេះ។
 
ប្រធានបទសំខាន់រួមមាន៖ តួនាទីស្ត្រីក្នុងការជំរុញការផ្លាស់ប្តូរក្នុងតំបន់ប្រាប់ដោយចរីភាព, ពន្លឿនហិរញ្ញប្បទានអាកាសធាតុសម្រាប់ការងើបឡើងវិញដែលមានភាពបៃតង, ការជំរុញការចូលរួមរបស់អាស៊ានក្នុងច្រវ៉ាក់តម្លៃក្នុងកម្រិតសាកល និងតំបន់, គោលនយោបាយនិងការអនុវត្តនានាដើម្បីជំរុញវិស័យទេសចរណ៍ដែលប្រកបដោយចរីភាពក្រោយកូវីដ ១៩, ការកសាងពិភពលោកដែលមានចរីភាព និងភាពធន់ ដោយការប្រើប្រាស់និវានុវត្តន៍, ការជំរុញការប្រើប្រាស់ឌីជីថលសម្រាប់អនាគតដែលមានចីរភាព, បញ្ចេញហិរញ្ញវត្ថុសម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ឆ្លើយតបនឹងបញ្ហាប្រឈមដើម្បីស្តារឡើងវិញដែលមានភាពប្រសើរជាងមុន ជាដើម។  
 
ចំណែកថ្ងៃទីពីរ ពេលព្រឹកនឹងចាប់ផ្តើមដោយវាគ្មិនជជែកគ្នាពី «ការស្តារវិស័យទេសចរណ៍ និងបង្កើតអនាគតប្រកបដោយចីរភាពរបស់បណ្តាទីក្រុងនានាក្នុងតំបន់»។ កិច្ចពិភាក្សានេះនឹងបន្តដោយ កិច្ចពិភាក្សាពីរផ្សេងទៀតដែលមានប្រធានបទដូចជា៖ «ការជំរុញឱ្យមានការងើបឡើងវិញនៃវិស័យទេសចរណ៍អាស៊ីអាគ្នេយ៍» និង «អនាគតនៃទីក្រុងប្រកបដោយចីរភាព៖ ការចែករំលែកបទពិសោធ និងគំនិតយោបល់របស់អភិបាលក្រុង» ផងដែរ។ នាពេលរសៀល វានឹងមានកម្មវិធីដាក់សម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលទេសចរណ៍ដែលមានចីរភាព រួមជាមួយសិក្ខាសាលាជាច្រើនផ្សេងទៀតផងដែរ។ 
 
ដើម្បីពិនិត្យមើលបន្ថែមពីរបៀបវារៈនៃសន្និសីទ សូមចុចតាមតំណនេះ 
 
ចំពោះសាធារណជនដែលចាប់អារម្មណ៍ និងចង់រៀនសូត្របន្ថែមពីអ្នកជំនាញ អាចចូលរួមស្តាប់កិច្ចពិភាក្សាបានដោយឥតគិតថ្លៃ។ សូមចុះឈ្មោះចូលរួមតាមរយៈតំណនេះ

សារព័ត៌មានថ្មីៗ មានកិត្តិយសដែលស្ថិតក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយតំបន់ និងដែលត្រូវបានជ្រើសរើសជាដៃគូសហការក្នុងការផ្សព្វផ្សាយពីសន្និសីទដ៏មានសារសំខាន់នេះ។ ដូច្នេះហើយ ដើម្បីបានទទួលព័ត៌មានបន្ថែម ប្រិយមិត្តអាចតាមដានលើគេហទំព័រសារព័ត៌មានថ្មីៗបាន៕

© រក្សាសិទ្ធិដោយ thmeythmey.com