ជាតិ
សង្គមជាតិ
វិវាទនៅណាហ្កាវើលដ៍ ឈានដល់ដំណាក់កាល ដែលរដ្ឋមន្រ្តីមហាផ្ទៃ ចេញមុខជួយដោះស្រាយ
08, Mar 2022 , 4:55 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)។ ទិដ្ឋភាពបុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនណាហ្កាវើលដ៍ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ (រូបដោយសហការី)។
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)។ ទិដ្ឋភាពបុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនណាហ្កាវើលដ៍ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ (រូបដោយសហការី)។
សាលារាជធានីភ្នំពេញ នឹងរៀបចំកិច្ចប្រជុំពិសេសមួយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង១ថ្ងៃទៅ ក្រោមអធិបតីភាពរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីស្វែងរកដំណោះស្រាយវិវាទការងាររវាងបុគ្គលិក និងក្រុមហ៊ុនណាហ្កាវើលដ៍។ នេះបើតាមលិខិតជូនដំណឹង ដែលចេញនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជួសឲ្យលោក ឃួង ស្រេង ជាអភិបាល។



លិខិតរបស់លោក កើត ឆែ បានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងប្រព្រឹត្តនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក សក់ សេដ្ឋា រដ្ឋាលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ ប្រធានតុលាការភ្នំពេញ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមតុលាការភ្នំពេញ លោក ស ថេត ស្នងការនគរបាលភ្នំពេញ និង លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថភ្នំពេញ។

លោក ឃ៉ុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central) សង្ឃឹមថា កិច្ចប្រជុំផ្ទៃក្នុងរបស់មន្រី្តជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនេះ នឹងផ្តល់សញ្ញាវិជ្ជមានលើដំណើរការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្កាវើលដ៍។ លោក យល់ថា ការដោះស្រាយវិវាទ មិនអាចដាក់សម្ពាធលើភាគីណាមួយឡើយ គឺត្រូវដោះស្រាយដោយសន្តិវិធី និងតម្លាភាព។

មន្រី្តឃ្លាំមើលសិទ្ធិការងាររូបនេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖«បើអាជ្ញាធរ ដើរតួនាទីដោយតម្លាភាព សុក្រឹតភាព ដើម្បីប្រយោជន៍ភាគីវិវាទទាំងពីរ គឺច្បាស់ជាអាចដោះស្រាយបាន ប៉ុន្តែបើនៅតែមានការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញដល់ភាគីណាមួយនោះ កាន់តែពិបាកដោះស្រាយ»។

ក្នុងកម្មវិធីមួយ កាលពីខែមករា ឆ្នាំ២០២២ សម្តេច ស ខេង ធ្លាប់បានស្នើឲ្យភាគីពាក់ព័ន្ធ រួមគ្នាដោះស្រាយវិវាទនៅក្រុមហ៊ុនណាហ្កាវើលដ៍។ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ សង្គមស៊ីវិលជាង១៣០ស្ថាប័ន បានដាក់ញត្តិនៅរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង ក្រសួងការងារ ដើម្បីសុំឲ្យជួយអន្តរាគមន៍លើវិវាទនៅក្រុមហ៊ុនណាហ្កាវើលដ៍នេះ។ យ៉ាងណាក៏ដោយ វិវាទការងារនេះ នៅតែដោះស្រាយមិនដាច់ស្រេចដដែល ដោយបន្តអូសបន្លាយអស់រយៈពេលជាង៨០ថ្ងៃហើយ។ 

សូមរម្លឹកថា បុគ្គលិកណាហ្កាវើលដ៍ បានចេញតវ៉ានឹងក្រុមហ៊ុនរបស់ខ្លួន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក ដើម្បីទាមទារឲ្យទទួលយកបុគ្គលិកជាង៣៦០នាក់ ដែលត្រូវបានបញ្ឈប់ពីការងារ ចូលធ្វើការងារវិញ។ ក្នុងការចេញតវ៉ានេះ បុគ្គលិកណាហ្កាវើលដ៍ ត្រូវរចាប់ខ្លួនជាបន្តបន្ទាប់ រួមទាំងមេសហជីពរបស់ពួកគេផងដែរ។ បច្ចុប្បន្ន មានសកម្មជន និងមេសហជីព១១រូបនាក់របស់ពួកគេ កំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពី «បទ​ញុះញង់​បង្ក​ឲ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង «បទ​បំពាន​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩»៕

Tag:
 ណាហ្កាវើលដ៍
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com