ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
វិវាទណាហ្គាវើលដ៍៖ អាម៉េរិកនិងអាល្លឺម៉ង់ ស្នើឲ្យមានការចរចា និងទម្លាក់បទចោទលើសហជីព
09, Mar 2022 , 3:23 pm        
រូបភាព
បុគ្គលិកណាហ្គាវើលដ៍តវ៉ាកាលពីថ្ងៃទី៤មករា ឆ្នាំ២០២២។ រូបដោយ លោក ភួង វ៉ាន់ថា
បុគ្គលិកណាហ្គាវើលដ៍តវ៉ាកាលពីថ្ងៃទី៤មករា ឆ្នាំ២០២២។ រូបដោយ លោក ភួង វ៉ាន់ថា
ភ្នំពេញ៖ ក្រសួងការបរទេសអាម៉េរិក និងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានស្នើឲ្យភាគីពាក់ព័ន្ធនៃវិវាទណាហ្គាវើលដ៍ ចូលចរចាដោយសន្តិវិធី និងទម្លាក់បទចោទលើសហជីព ដែលភាគីច្រើនជាស្រី្ត។

 
ក្រសួងការបរទេសអាម៉េរិក បាននិយាយថា ភាពអង់អាចរបស់មេដឹកនាំសហជីពស្រី្ត នៃបុគ្គលិកណាវើលដ៍ បានក្រោកឈរឡើង តវ៉ាដើម្បីសិទ្ធិកម្មករ ប៉ុន្តែពួកគេត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ ពីបទញុះញង់ និងបំពានវិធានការច្បាប់ ដោយសារការទាមទារឲ្យភាគីក្រុមហ៊ុន ទទួលកម្មករជាង៣០០នាក់ចូលបំពេញការងារវិញ។
 
អាម៉េរិក បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង លើការចោទប្រកាន់នេះ ខណៈមេដឹកនាំសហជីពស្រី្ត នៃបុគ្គលិកណាវើលដ៍ អនុវត្តសិទ្ធិសេរីភាពនៃការជួបជុំដោយសន្តិវិធី។ «យើងជំរុញឲ្យអាជ្ញាធរកម្ពុជាដោះលែង ទម្លាក់បទចោទលើសហជីពណាហ្គាវើលដ៍  ហើយឈានទៅដល់ការដោះស្រាយវិវាទដោយសន្តិវិធី»។ នេះជាការលើកឡើងរបស់ក្រសួងការបរទេសអាម៉េរិក។ 
 
រីឯ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ក៏បានលើកឡើងដែរថា សកម្មជនណាហ្គាវើលដ៍ភាគច្រើន គឺជាស្រី្ត ហើយពួកគេគឺសុទ្ធតែជាស្រី្តក្លាហាន។  លោកថា ការទាមទាររបស់បុគ្គលិកណាវើលដ៍ ជាការប្រើប្រាស់សិទ្ធិបញ្ចេញមតិ ដើម្បីបង្ហាញពីបញ្ហាប្រឈមទុក្ខកង្វល់នានា របស់ពួកគេប៉ុណ្ណោះ។ 
 
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បង្ហាញការគាំទ្រចំពោះការលើកឡើងរបស់សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ដោយឲ្យភាគីទំនាស់បែរមុខដាក់គ្នា ដើម្បីដោះស្រាយវិវាទនេះ។ ប៉ុន្តែទំនាស់នេះ កាន់តែយ៉ាប់យ៉ឺនទៅៗ រហូតមកដល់បច្ចុប្បន្ន។ លោកថា បញ្ហានេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តតាមច្បាប់ ដោយឥតលម្អៀង និងដោយសន្តិវិធី ទើបអាចដោះស្រាយបាន។ 
 
លោក Christian Berger បានលើកឡើងនៅថ្ងៃទី៨ មីនាថា៖ «ជាថ្មីម្តងទៀត ខ្ញុំជំរុញឲ្យមានការចូលតុចរចាឡើងវិញ»។ 
 
លោកបន្ថែមថា ការចរចារអាចទទួលបានជោគជ័យ លុះត្រាតែអ្នកតំណាងដែលជ្រើសរើសឲ្យចូលរួមចរចា ផ្ដោតលើសុច្ចរិត និងប្រកាន់យកប្រយោជន៍ភាគីទាំងសងខាង។ 
 
នៅរសៀលថ្ងៃនេះ មន្រី្តជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូប រួមមានសម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ,លោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអគ្គស្នងការនគរបាលជាតិជាដើម ជួបប្រជុំផ្ទៃក្នុង ដើម្បីដោះស្រាយវិវាទនៃក្រុមហ៊ុនណាហ្គាវើលដ៍។ 
 
សូមរម្លឹកថា បុគ្គលិកណាហ្កាវើលដ៍ បានចេញតវ៉ាក្រុមហ៊ុនរបស់ខ្លួន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក ដើម្បីទាមទារឲ្យទទួលយកបុគ្គលិកជាង៣៦០នាក់ ដែលត្រូវបានបញ្ឈប់ពីការងារចូលធ្វើការងារវិញ។ ចំពោះការចេញតវ៉ានេះ បុគ្គលិកណាហ្កាវើលដ៍ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ រួមទាំងមេសហជីពរបស់ពួកគេផងដែរ។ បច្ចុប្បន្ន មានសកម្មជន និងមេសហជីព១១​នាក់របស់ពួកគេ កំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពី បទ«ញុះញង់​បង្ក​ឲ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ​ដល់​សន្តិសុខ​សង្គម» និង «​បំពាន​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩»៕
 

Tag:
 វិវាទការងារ
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com