កីឡាជាតិ
ជាតិ
អតីត​កីឡា​ករ​ជម្រើ​ស​ជាតិ​បែល​ហ្ស៊ិក​ ថា​ខ្មែរ​មាន​បច្ចេ​កទេ​ស​ល្អ ប៉ុន្តែ​ខ្សោយ​កម្លាំង
12, Jan 2014 , 12:41 pm        
រូបភាព
លោក Bertrand Crasson ជួប​ជាមួយលោក Yeo Wee Han ថ្នាក់ដឹកនាំក្លិប​ណាហ្គាខប និងលោក ប្រាក់ សុវណ្ណារ៉ា។ រូបថត But Bunsak
លោក Bertrand Crasson ជួប​ជាមួយលោក Yeo Wee Han ថ្នាក់ដឹកនាំក្លិប​ណាហ្គាខប និងលោក ប្រាក់ សុវណ្ណារ៉ា។ រូបថត But Bunsak
បាងកក៖ លោក Bertrand Crasson អាយុ​៤២​ឆ្នាំ​ ជាអតីត​ខ្សែការពារ​ជម្រើស​ជាតិ​បែលហ្ស៊ិកចន្លោះ​ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០១។ លោក​ជា​សមា​ជិក​ម្នាក់​របស់​ជម្រើស​ជាតិ​បែលហ្ស៊ិក​នាយុទ្ធនាការ​ World Cup ឆ្នាំ​១៩៩៨។ លោក​បាន​ចាប់​ផ្តើម​ចូល​លេង​ជាកីឡាករ​បាល់​ទាត់​អាជីពនៅ​ក្លិប Anderlecht (១៩៨៩-១៩៩៦) ហើយ​នារដូវកាល​ឆ្នាំ​១៩៩០-៩១ លោក​បាន​ជាប់​ជាកីឡាករ​យុវជន​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​បែលហ្ស៊ិក។



ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​១៩៩៨ លោក​បាន​ចូល​លេង​ឲ្យ​ក្លិប Napoli នៃក្របខណ្ឌ Serie A មុន​វិល​ទៅ​កាន់ Anderlecht វិញ​រហូត​ដល់​ឆ្នាំ​២០០៣។ មុន​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០០៥ លោក​បាន​ចូល​លេង​នៅ​ក្លិប Lierse និង​ក្លិប FC Brussels។

បច្ចុ​ប្ប​ន្ន លោក Crasson មាន​តួនាទី​ជា​នាយក​កម្មវិធី​បាល់ទាត់​ថ្នាក់ (Academy Director) របស់​ក្លិប BEC-Tero Sansana FC នៃក្របខណ្ឌ​ Thai Premier League។ កាលពី​សប្តាហ៍មុន​ លោក​បាន​ដឹកនាំ​ក្រុម​ជម្រើស​ទីពីរ​របស់ BEC-Tero Sansana (BCC-Tero) ដោយ​ទទួល​ជ័យ​ជម្នះ ៤-១ លើ​ណា​ហ្គាខប នាជំ​នួប​មិត្ត​ភាព​​កម្តៅ​សាច់ដុំ។

ក្រោយ​ជំនួប​ជាមួយ​ណាហ្គា​ខប លោក Crasson បាន​ថ្លែង​ប្រាប់​គេហទំព័រ​ថ្មី​ៗ​ថា កម្ពុជា​មាន​កីឡាករ​ដែល​ពោរ​ពេញ​ដោយ​បច្ចេក​ទេស​ជាច្រើន ប៉ុន្តែ​ពួក​គេ​មាន​បញ្ហា​ផ្នែកកម្លាំង ពោល​គឺ​មិន​អាច​មាន​ថាម​ពល​ពេញ​សម្រាប់​រយៈ​ពេល​៩០នាទីនោះ​ឡើយ។​

លោក​បាន​គូស​បញ្ជាក់ថា៖ «កីឡាករខ្មែរ​របស់ណា​ហ្គា​ខប មាន​បច្ចេក​ទេស​ល្អ​ក្នុង​ការ​បញ្ជូន​បាល់ គ្រប់​គ្រង​បាល់ ប៉ុន្តែ​ពួក​គេ​ហាក់​ដូច​មាន​ឆាប់​អស់កម្លាំងណាស់។ នេះ​ប្រហែល​ជាពួក​គេ​មិន​បាន​ហាត់​កម្លាំង​ឲ្យបា​នគ្រប់​គ្រាន់»។

លោក Crasson ដែល​ធ្លាប់​បាន​ចូល​លេង​២៦លើក​សម្រាប់​ការ​ប្រកួត​ធំ​ៗ​របស់​ជម្រើស​ជាតិ​បែ​ល​ហ្ស៊ិ​ក បាន​កត់​សម្គាល់​បន្ថែម​ថា​ កីឡាករ​កម្ពុជា​ហាក់ដូច​ជាមាន​សន្ទុះ​ខ្លាំងនៅ​២០នាទី​ដំបូង ប៉ុន្តែ​ក្រោ​យ​មក កម្លាំង​របស់ពួក​គេ​កាន់តែមាន​ការ​ថម​ថយ។ លោក​បាន​លើក​ឡើងថា ដូច​ជានៅ​ថៃ ឬ​ផ្សេង​ទៀត​នៅ​ក្នុងតំបន់​ផង​ដែរ បាល់ទាត់​កម្ពុជា​គួរ​តែមាន​ការចូល​រួម​ពី​កីឡាករ​បរទេស​ដែល​មា​ន​​​បទ​ពិសោធន៍​ដើម្បី​ដឹកនាំ​ពួក​គេ​លេង​។

លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា កីឡាករ​ទាំងអស់​មិន​ត្រូវ​បាក់ទឹក​ចិត្ត​ឡើយ នៅពេល​ដែលគួរ​ប្រកួត​ស៊ុត​បញ្ចូល​ទី​គ្រា​ប់ទីមួ​យ ពីព្រោះ​បើ​មាន​ការ​បាក់ទឹក​ចិត្ត ពួក​គេ​នឹង​បន្ត​ធ្លាញ​សំណាញ់​ទី​ជា​បន្ត​បន្ទាប់​ទៀត។ សម្រាប់​លោក​ ស្មារតី​ជាក្រុម​ជាកត្តា​ចាំបាច់​បំផុត​ដើម្បីឲ្យ​កីឡាករ​អាច​លេង​ប្រកប​ដោយ​ថាម​ពល​ក្នុងរយៈពេល​៩០នាទីពេញ។

ទាក់ទង​នឹង​ការ​បង្ហាញ​ខ្លួន​របស់ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​​សម្រាប់យុទ្ធនាការ​ World Cup ឆ្នាំ​២០១៤ នៅ​ប្រទេ​សប្រេស៊ីល ក្រោម​ការ​ដឹកនាំ​របស់​លោក​  Marc Wilmots ត្រូវ​បាន​លោក Crasson វាយ​តម្លៃ​ថា ជា​យុគ​សម័យ​មាស​មួយ​។

លោក​មិន​ហ៊ាន​សន្និដ្ឋាន​ថា ក្រុម​បែល​ហ្ស៊ិក​នឹង​ឈាន​ដល់កម្រិត​ណានោះ​ឡើយ ប៉ុន្តែ​លោក​ជឿជាក់​ថា កីឡាករ​ឆ្នើម​ៗមួយ​ចំនួន ដូច​ជាអ្នក​ចាំ​ទី Thibaut Courtois ខ្សែការពារ Vincent Kompany ខ្សែបម្រើ Eden Hazard ឬ​ខ្សែប្រយុទ្ធ Romelu Lukaku នឹង​ធ្វើ​ឲ្យមាន​ការ​ភ្ញាក់ផ្អើល៕



© រក្សាសិទ្ធិដោយ thmeythmey.com