ជាតិ
សង្គមជាតិ
រដ្ឋាភិបាល គ្រោងបង្កើតសាលាតាមភូមិភាគ សម្រាប់បង្រៀនមន្រ្តីថ្នាក់ក្រោមជាតិ
10, Mar 2022 , 1:54 pm        
រូបភាព
សាលាជាតិរដ្ឋបាលមូលដ្ឋាន រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក នៅខេត្តកំពង់ចាម កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
សាលាជាតិរដ្ឋបាលមូលដ្ឋាន រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក នៅខេត្តកំពង់ចាម កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហើបថា ទៅថ្ងៃអនាគត រដ្ឋាភិបាលកម្ពុជា អាចនឹងរៀបចំបង្កើតសាលាបណ្តុះបណ្តាលមន្រ្តីថ្នាក់ក្រោមជាតិ នៅតាមភូមិភាគ។  បច្ចុប្បន្ន មានសាលាបណ្តុះបណ្តាលមន្រ្តីថ្នាក់ក្រោមជាតិតែមួយកន្លែងប៉ុណ្ណោះ នៅរាជធានីភ្នំពេញ ដែលហៅជាផ្លូវការថា «សាលាជាតិរដ្ឋបាលមូលដ្ឋាន»។ 



សម្តេច ស ខេង ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា បច្ចុប្បន្ន មន្រ្តីថ្នាក់ក្រោមជាតិ មានច្រើន រួមមាន ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ ក្រុមប្រឹក្សា-រាជធានីខេត្ត និងបុគ្គលិកផ្សេងទៀត នៅតាមឃុំ-សង្កាត់ ក្រុង-ស្រុក-ខណ្ឌ រាជធានី-ខេត្ត។ សម្តេច បន្តថា ដោយសារចំនួនមន្រ្តីនៅថ្នាក់ក្រោមជាតិ កើនឡើងច្រើនបែបនេះ រដ្ឋាភិបាល មិនអាចរៀបចំបណ្តុះបណ្តាលពួកគេ នៅសាលាជាតិរដ្ឋបាលមូលដ្ឋានក្នុងរាជធានីភ្នំពេញតែមួយនោះទេ។ 
 
ការមានសាលាតែមួយកន្លែង បានធ្វើឲ្យមន្រ្តីថ្នាក់ក្រោមជាតិ លំបាកក្នុងការធ្វើដំណើរទៅរៀនជុំគ្នា។ ដោយសារការមើលឃើញភាពលំបាកនេះហើយ ទើបរដ្ឋាភិបាល គ្រោងបំបែកសាលាបណ្តុះបណ្តាលមន្រ្តីថ្នាក់ក្រោមជាតិទៅជាភូមិភាគ ដែលស្ថិតនៅតាមបណ្តាខេត្ត។ 
 
សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ មានប្រសាសន៍៖«ពិបាកណាស់ គ្នាឡើងមករៀនពិបាកណាស់ ព្រោះអ្នក ដែលជាប់ក្រុមប្រឹក្សាហ្នឹង ក៏យើងហៅមករៀនដែរ ឲ្យតែជាប់ហៅមករៀនទាំងអស់។ បើយើង មានសាលាតែមួយកន្លែងទៅអត់រួចទេ។ ទស្សនវិស័យរបស់យើង ទៅអនាគតយើងរៀបចំ ប្រហែលជាដូចប៉ូលិស»។
 
សាលាបណ្តុះបណ្តាលនគរបាល (ប៉ូលិស) ហៅថា បណ្ឌិត្យសភានគរបាលជាតិ ដែលស្ថិតក្នុងរាជធានីភ្នំពេញ។ ក្រៅពីនេះ សាលាបណ្តុះបណ្តាលនគរបាល ក៏មាននៅតាមខេត្តមួយចំនួនផងដែរ ដែលហៅថាសាលានគរបាលជាតិភូមិភាគ។   
 
លោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍សង្គម មើលឃើញថា មន្រ្តីថ្នាក់ក្រោមជាតិទាំងផ្នែកស៊ីវិល ទាំងផ្នែកកងកម្លាំង នៅមានភាពខ្វះចន្លោះច្រើន ក្នុងការបំពេញការងារ។ ដូច្នេះលោក គាំទ្រចំពោះគម្រោងបង្កើតសាលាបន្ថែមនៅតាមខេត្ត ដើម្បីបណ្តុះបណ្តាលមន្រ្តីថ្នាក់ក្រោមជាតិ។ 
 
អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ លើកឡើងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖«បើពួកគាត់មកភ្នំពេញ គឺចំណាយច្រើន។ បើយើងមាន [សាលា] តាមខេត្ត អាចជួយ [សម្រួល] ដល់ការធ្វើដំណើររបស់ពួកគាត់»។  
 
យ៉ាងណាក៏ដោយ សម្តេច ស ខេង អះអាងថា គម្រោងបង្កើតសាលាបណ្តុះបណ្តាលមន្រ្តីថ្នាក់ក្រោមជាតិ នៅតាមភូមិភាគនេះ គឺស្ថិតក្នុងរយៈពេលយូរ ដោយពុំទាន់អាចបង្កើតបានភ្លាមៗនោះទេ។ សម្តេច ស ខេង និង លោក មាស នី យល់ឃើញដូចគ្នាថា ការបណ្តុះបណ្តាលធនធានមនុស្ស និងសមត្ថភាពរបស់មន្រ្តី គឺជារឿងសំខាន់។ 
 
សាលាជាតិរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សាលាជាតិរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ៕ 
 
 

Tag:
 បណ្តុះបណ្តាលមន្រ្តី
  សាលាភូមិភាគ
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com