ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តំណាងកម្ពុជាប្រាប់ UN ថា ការចាត់ទុកបុគ្គលិកណាហ្គាវើលដ៍ ធ្វើកូដកម្មស្របច្បាប់ ជាការយល់ខុស
10, Mar 2022 , 2:29 pm        
រូបភាព
បុគ្គលិកណាហ្គាវើលដ៍តវ៉ាកាលពីថ្ងៃទី៤មករា ឆ្នាំ២០២២។ រូបដោយ លោក ភួង វ៉ាន់​ថា
បុគ្គលិកណាហ្គាវើលដ៍តវ៉ាកាលពីថ្ងៃទី៤មករា ឆ្នាំ២០២២។ រូបដោយ លោក ភួង វ៉ាន់​ថា
ភ្នំពេញ៖ តំណាងកម្ពុជាអះអាងប្រាប់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា ការចាត់ទុកកូដកម្មណាហ្គាវើលដ៍ជាសកម្មភាពស្របច្បាប់ គឺជាការយល់ខុស ដោយសារពិនិត្យមើលតែមួយជ្រុង ដែលផ្ទុយពីស្ថានភាពនៅកម្ពុជា។

 
ក្នុងកិច្ចប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស លោក អាន សុខខឿន ជាតំណាងអចិន្ត្រៃយ៍កម្ពុជា បានសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់លោកស្រី មីឆែល ប៉ាហ្សេលែត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ស្ដីពីបញ្ហាកូដកម្មណាហ្គាវើលដ៍នៅកម្ពុជា។ 
 
លោក អាន សុខ ខឿន ចាត់ទុកការថ្លែងថា កូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍ ធ្វើឡើងដោយស្របច្បាប់ គឺជារឿងយល់សុខទាំងស្រុង។ លោកពន្យល់ថា តុលាការកម្ពុជា បានប្រកាសនៅខែឆ្នូ ឆ្នាំ២០២១ហើយ ដោយចាត់ទុកកូដកម្មនេះ គឺខុសច្បាប់។ លោកបកស្រាយទៀតថា ពលរដ្ឋបានត្អូញត្អែរពីការរំខាន ដែលបង្កឡើងដោយការតវ៉ា អស់រយៈពេលជាច្រើនខែ ខណៈអាជ្ញាធរនៅតែរក្សាភាពអត់ធ្មត់ អង្វរសុំឲ្យពួកគេគោរពវិធានការបង្ការ និងទប់ស្កាត់កូវីដ-១៩។ ជាមួយគ្នានេះ ក្រុមអ្នកតវ៉ាទាំងនោះ ប្រមាណ១៣០នាក់ រកឃើញវិជ្ជមានកូវីដ-១៩។ 
 
«លោកជំទាវឧត្តមស្នងការ តើបាតុកម្មខុសច្បាប់ ដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបំពានលើវិធានសុខភាពសាធារណៈដូច្នេះ គឺជាការអនុវត្តសេរីភាពប្រមូលផ្ដុំ ដោយសន្តិវិធី ដែលស្របតាមរដ្ឋធម្មនុញ្ញដែរឬទេ?»។ នេះជាការចោទសួររបស់តំណាងកម្ពុជា ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៨ មីនា។ 

ក្នុងអង្គប្រជុំ លោកស្រី មីឆែល ប៉ាហ្សេលែត បានបង្ហាញក្ដីកង្វល់ពីការរឹតត្បិតសិទ្ធិសេរីភាព ក្រោមហេតុផលកូវីដ-១៩ ដើម្បីជាលេសបង្ក្រាបកូដកម្មណាហ្គាវើលដ៍ ដែលប្រើសិទ្ធិស្របច្បាប់។ ក្រុមជំនាញ បានពិនិត្យឃើញផ្ទាល់ ពីអំពើហិង្សាថ្មីៗ គឺអាជ្ញាធរចាប់បង្ខំឲ្យកូដករជាស្ត្រី ឡើងលើឡានក្រុង។ កូដករទាំងនោះ ត្រូវបានចាប់ឃុំខ្លួនតាមចិត្តអាជ្ញាធរ ហើយបង្ខំឲ្យធ្វើតេស្តរកកូវីដ-១៩ ច្រើនដង។ 
 
«ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរឲ្យគោរពសិទ្ធិសេរីភាព ក្នុងការជួបប្រជុំដោយសន្តិវិធី និងចូលរួមពិភាក្សា ដើម្បីដោះស្រាយការទាមទារតាមផ្លូវច្បាប់ របស់កូដករ»។ នេះជាការស្នើសុំរបស់លោក ស្រី មីឆែល ប៉ាហ្សេលែត ដោយសង្កត់ធ្ងន់ថា ការការពារសេរីភាពមូលដ្ឋានមានសារសំខាន់ណាស់ ខណៈប្រទេសកម្ពុជា ឈានឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់ខាងមុខ។ 
 
កាលពីថ្ងៃទី៩ មីនានេះ មន្រី្តជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូប រួមមានសម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ,លោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអគ្គស្នងការនគរបាលជាតិជាដើម បានជួបប្រជុំផ្ទៃក្នុង ដើម្បីដោះស្រាយវិវាទនៃក្រុមហ៊ុនណាហ្គាវើលដ៍។ 
 
សូមរម្លឹកថា បុគ្គលិកណាហ្កាវើលដ៍ បានចេញតវ៉ាក្រុមហ៊ុនរបស់ខ្លួន ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក ដើម្បីទាមទារឲ្យទទួលយកបុគ្គលិកជាង៣៦០នាក់ ដែលត្រូវបានបញ្ឈប់ពីការងារចូលធ្វើការងារវិញ។ ចំពោះការចេញតវ៉ានេះ បុគ្គលិកណាហ្កាវើលដ៍ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ រួមទាំងមេសហជីពរបស់ពួកគេផងដែរ។ បច្ចុប្បន្ន មានសកម្មជន និងមេសហជីព១១​នាក់របស់ពួកគេ កំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពី បទ«ញុះញង់​បង្ក​ឲ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ ​ដល់​សន្តិសុខ​សង្គម» និង «​បំពាន​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩»៕
 
 

Tag:
 វិវាទណាហ្គាវើលដ៍
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com