ជាតិ
សង្គមជាតិ
លោក សុខ ទូច៖ វៀតណាម ដឹកត្រីធម្មជាតិពីយើងទៅ ហើយដឹកត្រីចិញ្ចឹមមកវិញ យើងឈឺអត់?
10, Mar 2022 , 8:59 pm        
រូបភាព
លោក សុខ ទូច (អាវខ្មៅ) និងមន្រ្តីជលផល ជិះទូកពេញមួយ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ដើម្បីឃ្លាំមើលសកម្មភាពឆក់ត្រីខុសច្បាប់ នៅប៉ែកខាងត្បូងបឹងទន្លេសាប ហើយរហូតដល់រសៀលថ្ងៃទី២ ខែមីនា ក្រុមលោក បានតាមទៅដល់កន្លែងលាក់ខ្លួនរបស់ក្រុមឆក់ទាំងនោះ ក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានរឹបអូសយកទូក និងឧបករណ៍ឆក់។  រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់លោក សុខ ទូច
លោក សុខ ទូច (អាវខ្មៅ) និងមន្រ្តីជលផល ជិះទូកពេញមួយ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ដើម្បីឃ្លាំមើលសកម្មភាពឆក់ត្រីខុសច្បាប់ នៅប៉ែកខាងត្បូងបឹងទន្លេសាប ហើយរហូតដល់រសៀលថ្ងៃទី២ ខែមីនា ក្រុមលោក បានតាមទៅដល់កន្លែងលាក់ខ្លួនរបស់ក្រុមឆក់ទាំងនោះ ក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានរឹបអូសយកទូក និងឧបករណ៍ឆក់។ រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់លោក សុខ ទូច
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញក្តីបារម្ភខ្លាំងពីការហិនហោចត្រីក្នុងបឹងទន្លេសាប ដោយសារការនេសាទខុសច្បាប់ ដោយក្នុងនោះ អ្នកដែលនេសាទខុសច្បាប់ ក៏មានជនជាតិវៀតណាមផងដែរ។ ទន្ទឹមនឹងនេះ លោក មើលឃើញពីការប៉ះពាល់ដល់សុខភាពរបស់ប្រជាជនខ្មែរ ដោយសារការបរិភោគត្រីចិញ្ចឹមពីវៀតណាម ខណៈវៀតណាម នាំត្រីធម្មជាតិពីស្រុកខ្មែរទៅវិញ។



«ហេតុអីវៀតណាមដឹកត្រីឆ្តោមកយើង  ហើយដឹកត្រីយើង ទៅស្រុកគេវិញ? ព្រោះត្រីស្រុកយើង ជាលក្ខណធម្មជាតិ ឯត្រីវៀតណាម គេចិញ្ចឹម។ សាច់ [សម្រាប់ចិញ្ចឹមត្រី] បានពីណាមក? ចុះកាកសំណល់ គេធ្វើជ្រូក ធ្វើគោ? អាសាច់ហ្នឹង យកបោះទៅឲ្យត្រី ហើយជួនកាលលាយកន្ទក់ លាយជាមួយអាហារបំប៉ន ឲ្យលឿន ដើម្បីយកមកឲ្យយើង ហើយគេយកត្រីពីយើងទៅស៊ីវិញ»។ នេះជាការបរិយាយរបស់លោក សុខ ទូច ក្នុងវីដេអូសម្ភាសជាមួយស្ថាប័នសារព័ត៌មានមួយ ហើយត្រូវលោក បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក។  
 
ប្រធានរាជបណ្ឌិត្យសភារូបនេះ បន្តថា៖«យើងឈឺទេអាហ្នឹង? ខ្ញុំ អត់ដុតរោលទេ តែត្រូវមានភូគាមអនាម័យ ដើម្បីចូលមកឲ្យមានសុខភាពសម្រាប់ប្រជាជនខ្មែរ កុំស្លាប់ដោយសាររឿងហូប។ របស់ខ្លួនឯងបានល្អ នៅបន្តទៀត។ ខ្ញុំ សិក្សាអាហ្នឹង មិនមែនខ្ញុំ អត់បានធ្វើកិច្ចការហ្នឹងទេ»។  
 
គួរដឹងថា លោក សុខ ទូច នេះហើយ ដែលបានជិះទូកពិនិត្យមើលស្ថានភាពបឹងទន្លេសាប កាលពីចុងឆ្នាំ២០២១។ លោក រកឃើញថា តំបន់ព្រៃលិចទឹកដល់ទៅរាប់ពាន់រាប់ម៉ឺនហិកតានៅតាមបឹងទន្លេសាប ត្រូវជនមួយចំនួន ដោយមានទាំងមន្រ្តីរដ្ឋផង បានកាន់កាប់ដោយខុសច្បាប់។ ក្រោយទទួលបានការរាយការណ៍ពីប្រធានរាជបណ្ឌិតសភា ប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាឲ្យរឹបអូសយកតំបន់ព្រៃលិចទឹកទាំងនោះមកវិញ។  
 
ឈានចូលខែមីនា ឆ្នាំ២០២២ ប្រធានរាជបណ្ឌិត្យសភា បានបន្តបេសកកម្មជិះទូកតាមបឹងទន្លេសាទទៀត ដោយលើកនេះ លោក ពិនិត្យមើលការនេសាទវិញម្តង។ អ្វី ដែលលោក សង្កេតឃើញ និងធ្វើឲ្យលោកព្រួយបារម្ភ គឺការនេសាទខុសច្បាប់។ 
 
ទ្រូ លប ស្បៃមង និង ស្បៃមុង ជាដើម មានដល់ទៅរាប់គីឡូម៉ែត្រ ត្រូវបានដាក់ក្នុងបឹងទន្លេសាប។ មងខ្លះ មុងខ្លៃះ ត្រូវបានដាក់ចាប់ពីតំបន់ព្រៃលិចទឹក រហូតទៅដល់កណ្តាលបឹងទន្លេសាប។ ក្រឡាស្បៃមង និងក្រឡាស្បៃមុងទាំងនោះទៀតសោធ មានទំហំតូចៗ គឺទំហំតែ១សង់ទីម៉ែត្រការ៉េប៉ុណ្ណោះ។ ការប្រើមង និងមុង ដែលមានក្រឡាតូចៗបែបនេះ ធ្វើឲ្យជាប់ត្រីទាំងអស់។ ពេលដល់ខែត្រីពង គឺមិនមានត្រីពងឡើយ ពីព្រោះត្រីគ្រប់ប្រភេទទាំងតូចទាំងធំ ត្រូវជាប់សំណាញ់។ ការដាក់មង មុង លប ក្នុងតំបន់ព្រៃលិចទឹក បានធ្វើឲ្យត្រី មិនអាចផ្លាស់ទីទៅរកចំណីបាន។ ការនេសាទ ក្នុងរដូវត្រីពង និងការឆក់ត្រី បង្កហានិភ័យខ្ពស់ក្នុងការបាត់បង់ត្រី។ ការបាញ់ថ្នាំទៅលើស្រែចម្ការ នៅតាមបឹងទន្លេសាប បណ្តាលឲ្យត្រីងាប់ និងប៉ះពាល់ដល់ត្រី។ ទាំងអស់នេះគឺជាសកម្មភាព ដែលលោក សុខ ទូច រៀបរាប់ឡើង ហើយលោក វាយតម្លៃថា សកម្មភាពទាំងអស់នេះ អាចធ្វើឲ្យត្រីក្នុងបឹងទន្លេសាបឈានទៅរកក្តីវិនាសហិនហោច។ លោក អំពាវនាវឲ្យបញ្ឈប់សកម្មភាពទាំងអស់នោះ ដើម្បីរក្សាត្រីក្នុងបឹងទន្លេសាបឲ្យនៅសម្បូរ។
 
ប្រធានរាជបណ្ឌិតសភា សង្កត់ធ្ងន់ដូច្នេះថា៖«ខ្ញុំ ធានា បើទប់អត់ទាន់ ២ឆ្នាំទៀត [ត្រីក្នុងបឹងទន្លេសាប] គឺអស់តែម្តង»។
  
លោក សុខ ទូច លើកពីច្បាប់ជលផលថា ក្រឡាមង ក្រឡាមុង ឬក្រឡាសំណាញ់ផ្សេងៗ សម្រាប់ដាក់ត្រី ត្រូវមានទំហំ៣សង់ទីម៉ែត្រការ៉េឡើងទៅ។ លោក បន្តថា ច្បាប់ជលផល ពុំអនុញ្ញាតឲ្យដាក់មង មុង លបក្នុងព្រៃលិចទឹកឡើយ ហើយក៏ពុំអនុញ្ញាតឲ្យនេសាទ ក្នុងរដូវត្រីពងដែរ៕  
 
 
 
 
 

Tag:
 សុខ ទូច
  ត្រីបឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com