ជាតិ
អ្នក​ដែល​ចាប់បាន​ត្រីមាន​ស្លាកសម្គាល់ ហើយ​លែងទៅវិញ នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត
12, Mar 2022 , 9:19 am        
រូបភាព
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ អំពាវនាវឱ្យពលរដ្ឋដែល ចាប់បានត្រីរងគ្រោះជិតផុតពូជ មា​ន ពាក់ស្លាកសញ្ញា លែងចូលទៅ ក្នុងបឹងទន្លេសាបវិញ។ ជាមួយគ្នានេះ ពលរដ្ឋ​នឹងទទួល បាន​​ប្រាក់ លើកទឹកចិត្តចំនួន ១ម៉ឺនរៀល។ ការអំពាវនាវបែបនេះ គឺដើម្បីជួយ​សង្គ្រោះត្រីដែលរងគ្រោះ ជិតផុតពូជ ខ្លាំងបំផុតក្នុងពិភពលោក ​។

 
ក្រុមអ្នកវិទ្យាសាស្ត្រមច្ឆជាតិ និងអង្គភាពជំនាញជលផល កាលពីថ្ងៃទី៤ ខែមីនា បាន​លែងពូជត្រី៣ប្រភេទដែលជិតផុតពូជជាង២០០០ក្បាលចូលបឹងទន្លេសាប  នៅក្នុងឡូតិ៍​អភិរក្សរបស់ខណ្ឌរដ្ឋបាលជលផលសៀមរាប ដែលស្ថិតនៅក្នុងបឹងទន្លេសាប ភូមិសាស្ត្រសង្កាត់​ចុងឃ្នៀស ក្រុងសៀមរាប។  


រូបភាពថតដោយលោក ឈុត ឈាណា 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គម្រោងអច្ឆរិយមេគង្គ ត្រីទាំង៣ប្រភេទដែលបានលែង មានដូចជា ត្រីរាជចំនួន២ក្បាល ត្រីគល់រាំង៥០០ក្បាល និងត្រីប្រា១៥០០ក្បាល។ ទន្ទឹមនេះ ដើម្បីជួយសង្គ្រោះត្រីដែលរងគ្រោះជិតផុតពូជក្នុងពិភពលោក គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ អំពាវនាវឱ្យពលរដ្ឋដែលចាប់បានត្រីមានពាក់ស្លាកសញ្ញា ត្រូវ​រក្សា​ស្លាក​សញ្ញា និងទាក់ទងទៅក្រុមការងារ។


 រូបភាពថតដោយលោក ឈុត ឈាណា 
 
ជាមួយគ្នានេះ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នឹង​ផ្ដល់​រង្វាន់លើកទឹកចិត្តពលរដ្ឋ​ ចំនួន​ ១ម៉ឺនរៀល។ ពលរដ្ឋអាចជូនដំណឹងទៅ​ក្រុម​ការងារតាមលេខទូរសព្ទ ​០៧១ ៥០ ៧១ ៥៥៥, ០១២ ៣៥០ ៩០៧ និង ០៧៧ ៥៥៥ ៨០៤។
 
សូមបញ្ជាក់ថា បឹងទន្លេសាប ត្រូវបានគេរាប់ជាបឹងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាជម្រករបស់ត្រីជាង ៣០០ប្រភេទ គឺជាកន្លែងសំខាន់មួយ សម្រាប់ជីវចម្រុះទឹកសាប និងជាតំបន់បម្រុងជីវមណ្ឌលរបស់អង្គការយូណេស្កូ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រីទាំងនេះបានស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើង ពីការសាងសង់ទំនប់វារីអគ្គិសនី នេសាទហួសកម្រិត និងគ្រោះរាំងស្ងួត៕ 


 រូបភាពថតដោយលោក ឈុត ឈាណា 

Tag:
 គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
  ត្រីជិតផុតពូជ
© រក្សាសិទ្ធិដោយ thmeythmey.com