ជាតិ
សង្គមជាតិ
សមត្ថកិច្ច កំពុងស៊ើបអង្កេតលើករណីលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា
14, Mar 2022 , 1:00 pm        
រូបភាព
រូបដោយសហការី
រូបដោយសហការី
សមត្ថកិច្ច មិនទាន់ឈានទៅដល់ឃាត់ខ្លួន ឬហៅលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងមួយរូបនៃអយ្យការអមតុលាការភ្នំពេញ ទៅសួរនាំនោះទេ។ ព្រះរាជអាជ្ញារងរូបនេះ ត្រូវអ្នកស្រី ហេង មួយគា ជាភរិយា ដាក់ពាក្យប្តឹងពីបទប្រើហិង្សា និងយកកាំភ្លើងភ្ជង់អ្នកស្រី។



ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១៤ មីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សាន សុខ សីហា អ្នកនាំពាក្យស្នងការដ្ឋាននកគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក សុទ្ធតែមិនទាន់អាចផ្តល់ចម្លើយច្បាស់លាស់ថា លោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា បានប្រើហិង្សា និងយកកាំភ្លើងភ្ជង់ភរិយាពិតមែនឬក៏អត់។ នគរបាលទាំងពីររូប បានត្រឹមផ្តល់ព័ត៌មានបឋមដូចគ្នាថា សមត្ថកិច្ច កំពុងស៊ើបអង្កេតលើករណីរបស់លោក ម៉ុត ដារ៉ា តាមពាក្យបណ្តឹងរបស់អ្នកស្រី ហេង មួយគា។

លោក សាន សុខសីហា៖«ក្នុងនាមយើងជាសមត្ថកិច្ច ទាល់តែយើងស្រាវជ្រាវឃើញថា មានភស្តុតាងច្បាស់លាស់ បានយើងធ្វើតាមហ្នឹង តែជាក់ស្តែង យើងអត់ទាន់ដឹងថាម៉េចទេ យើងកំពុងស្រាវជ្រាវ។ សាលាដំបូងរាជធានីភ្នំពេញ មានព្រះរាជអាជ្ញាមួយ ខាងសមត្ថកិច្ចយើង ចូលរួមសហការ ដើម្បីស្រាវជ្រាវរឿងហ្នឹង»។

លោក សុខ ហេង៖«ទទួលបណ្តឹងហើយ គេបើកការស៊ើបអង្កេត។ គេមានចំណាត់ការហើយ ហើយពាក់ព័ន្ធនឹងអីផ្សេងទៀត ខ្ញុំមិនអាចនិយាយទេ អាហ្នឹងវាពាក់ព័ន្ធនឹងជំនាញរបស់ខ្ញុំ ដែលកំពុងធ្វើការ»។

យ៉ាងណាក៏ដោយ លោកព្រះរាជអាជ្ញារង ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗថា ស្ថាប័នអយ្យការ ពុំទាន់បានទទួលសំណុំរឿង ដែលពាក់ព័ន្ធនឹងលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា ពីមន្រ្តីនគរបាល ឬភាគីណាមួយនៅឡើយទេ។

លោកបណ្ឌិត សេក សុជាតិ អ្នកតាមដានស្ថានការណ៍សង្គម ជំរុញឲ្យរង់ចាំមើលទាំងអស់គ្នាថា សមត្ថកិច្ច ក៏ដូចជា តុលាការ នឹងចាត់វិធានការយ៉ាងណាទៅលើលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា។ លោក ថ្លែងក្នុងបទសម្ភាសារជាមួយសារព័ត៌មានថ្មីៗថា៖«សម្រាប់ខ្ញុំ មិនសូវជាមានអីចម្លែកច្រើនទេ ព្រោះធម្មតា អ្នកមានឥទ្ធិពល មានអំណាច មានកិត្តិយសនៅកម្ពុជា កម្រទទួលបានការចាត់ចែង ឬការរៀបចំទៅតាមផ្លូវច្បាប់ណាស់។ គាត់ច្រើនតែមានហេតុផល និងមានក្រុមការងាររបស់គាត់ ឬក៏មានអ្នកចាំជួយសម្រួលការងាររបស់គាត់ ហើយគាត់ក៏អាចសម្របសម្រួលជាមួយគ្រួសារគាត់ដែរ។

ទំនាស់រវាងលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា ជាមួយអ្នកស្រី ហេង មួយគា ជាភរិយា បានផ្អើលដល់ក្រុមអ្នកកាសែត កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អ្នកស្រី ហេង មួយគា ប្រាប់ក្រុមអ្នកកាសែតថា អ្នកស្រី ត្រូវលោក ម៉ុត ដារ៉ា ប្រើហិង្សាលើ ហើយថែមទាំងយកកាំភ្លើងភ្ជង់អ្នកស្រីទៀតផង។

អ្នកស្រី អះអាងថា វា មិនមែនជាលើកទីមួយនោះទេ  ដោយកន្លងមក ស្វាមីរបស់អ្នកស្រី ក៏ធ្លាប់គំរាមកំហែង និងប្រើហិង្សាលើអ្នកស្រីដែរ  ដូចជា ទះកំផ្លៀងជាដើម។ អ្នកស្រី រៀបរាប់ថា ស្វាមីរបស់អ្នកស្រី ធ្លាប់បានសុំអ្នកស្រីលែងលះគ្នា តែអ្នកស្រី មិនចង់លែងលះ។ អ្នកស្រី បន្ថែមថា ចាប់តាំងពីអ្នកស្រី បដិសេធការលែងលះមក ជម្លោះរវាងអ្នកស្រី ជាមួយស្វាមី ក៏ចេះតែបន្តកើតឡើងមិនចេះចប់។

ដើមចមមួយទៀត ដែលបង្កឲ្យជម្លោះរវាងអ្នកស្រី ហេង មួយគា និងស្វាមី កើតឡើង គឺទំនងជាដោយសារមានអ្នកទីបី។ លើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Mouykea Heng  អ្នកស្រី បានបង្ហោះរូបស្រ្តីម្នាក់ ដោយអមជាមួយសំណេរថា៖«នេះជាមូលហេតុចម្បង ដែលធ្វើឲ្យគ្រួសារខ្ញុំមានអំពើរហិង្សាសាហាវព្រៃផ្សៃ ហ៊ានគំរាមកំហែងសម្លាប់ខ្ញុំ និងធ្វើឲ្យក្រុមគ្រួសារខ្ញុំបែកបាក់ព្រាត់ប្រាស់គ្នា»៕

Tag:
 ម៉ុត ដារ៉ា
  ហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com