ជាតិ
សង្គមជាតិ
ស្នងការ៖«គ្មានការបូមឈាមលក់ គ្មានការចាប់វះកាត់យកសរីរាង្គទេ ពិសេសកំពង់សោម គ្មានតែម្តង»
15, Mar 2022 , 3:59 pm        
រូបភាព
លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ ចូលរួមវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ ស្ដីពីនីតិវិធីស៊ើបអង្គេតបទល្មើសសម្អាតប្រាក់ នៅពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក
លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ ចូលរួមវគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ ស្ដីពីនីតិវិធីស៊ើបអង្គេតបទល្មើសសម្អាតប្រាក់ នៅពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បដិសេធព័ត៌មាន ដែលផ្សាយថា ស្រ្តីថៃម្នាក់ ប៊ិះនឹងត្រូវក្រុមជនងងឹតជនជាតិចិន វះកាត់យកសរីរាង្គ។ លោក អះអាងថា នៅខេត្តព្រះសីហនុ មិនមានករណីបែបនេះឡើយ។



ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា៖«នៅប្រទេសកម្ពុជា មិនមានបញ្ហាចាប់បូមឈាមលក់ មិនមានការចាប់យកគ្រឿងសរីរាង្គ ដូចជា ក្រលៀន ថ្លើម ប្រមាត់អី មិនមានទេ ពិសេសកំពង់សោម អត់មានតែម្តង»។ 
 
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឆ្លើយតបនឹងសារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃរួចហើយ ដើម្បីស្វែងរកការបញ្ជាក់ពីព័ត៌មាននេះ។ បើតាមអ្នកនាំពាក្យ រហូតមកដល់ពេលនេះ ភាគីកម្ពុជា ពុំទាន់ទទួលបានការបញ្ជាក់ណាមួយថា ករណីនេះ បានកើតមានឡើងនៅកម្ពុជានោះទេ។ លោក មានប្រសាសន៍ថា៖«ស្ថានទូត កំពុងបន្តទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ រកព័ត៌មានបន្ថែមទៀត»។
 
កាសែត Thai PBS World និងកាសែត Thai Examiner របស់ថៃ បានផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ថា ស្រ្តីជនជាតិថៃម្នាក់ ហៅ ប៊ី (Be) វ័យ២៥ឆ្នាំ ត្រូវបានក្រុមឧក្រិដ្ឋជនជនជាតិចិន ចាប់ហើយហៀបនឹងវះកាត់យកសរីរាង្គ តែសំណាងល្អ នាងមានវាសនាបានរួចផុតពីការប៉ុនប៉ងដ៏សាហាវនេះ ដោយមានការជួយសង្គ្រោះ។ បើតាមកាសែត Thai PBS World នាងពុំបានផ្តល់ព័ត៌មានលម្អិតពីការជួយសង្គ្រោះនោះទេ។ ចំណែក កាសែត Thai Examiner ផ្សាយថា នាងទទួលបានការជួយសង្គ្រោះពីអាជ្ញាធរកម្ពុជា នៅមុនបន្តិចនៃការរៀបចំប្រតិបត្តិការវះកាត់ យកសរីរាង្គរបស់នាង។
 
លោកស្នងការខេត្តព្រះសីហនុ បំភ្លឺថា មិនមែនមានស្រ្តីជនជាតិថៃឈ្មោះ ប៊ី តែម្នាក់ទេ គឺមានជនជាតិថៃផ្សេងទៀត ដែលត្រូវសមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍ ឲ្យពួកគេបានចេញពីក្រុមហ៊ុន។ លោកបន្តថា ពេលចុះទៅដល់ក្រុមហ៊ុន ដែលពួកគេកំពុងបម្រើការងារ សមត្ថកិច្ចពុំបានឃើញមានការបង្ខាំង ការជម្រិត ឬការប្រើហិង្សាអ្វីឡើយ។    
 
កាសែត Thai PBS World រៀបរាប់ថា នាងប៊ី ត្រូវបានគេលួងឲ្យចូលមកកម្ពុជាដោយខុសច្បាប់ ហើយត្រូវបានបញ្ជូនទៅឲ្យបម្រើការងារ នៅក្រុមហ៊ុនចិនមួយ ក្នុងខេត្តព្រះសីហនុ ដោយក្រុមហ៊ុននោះ ជាក្រុមហ៊ុនផ្តល់ព័ត៌មានអំពីប្រព័ន្ធទូរស័ព្ទ (Call Center)។ តាមសម្តីរបស់នាង ដែលប្រាប់ទៅអាជ្ញាធរថៃ និងត្រូវបានផ្សាយដោយកាសែត Thai PBS World នាង ត្រូវបានគេប្រើឧបករណ៍ឆក់ ឆក់ឲ្យសន្លប់ និងបានបូមឈាមរបស់នាង ហើយបន្ទាប់មកប្រុងនឹងវះកាត់យកសរីរាង្គរបស់នាង។ ប៉ុន្តែចំពោះការរៀបចំវះកាត់យកសរីរាង្គ ត្រូវបរាជ័យ។ ក្រោយបានរួចខ្លួនពីក្រុមហ៊ុននោះ និងបានត្រឡប់ទៅប្រទេសកំណើតវិញ នាងក៏ទម្លាយព័ត៌មានទាំងនេះដល់អាជ្ញាធរ។  
 
ថ្វីបើលោក ជួន ណារិន្ទ បដិសេធដាច់ណាត់ថា គ្មានករណីខាងលើកើតឡើងនៅខេត្តព្រះសីហនុក្តី តែអាជ្ញាធរកម្ពុជា មិនទាន់បញ្ឈប់ការស្រាវជ្រាវនោះទេ។ លោក ផ្តល់ព័ត៌មានថា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា កំពុងសហការជាមួយអាជ្ញាធរថៃ ដើម្បីស្រាវជ្រាវរកឲ្យឃើញថា មានករណីនេះកើតឡើងពិតមែន ឬជាការប្រឌិត។ 
 
ស្នងការខេត្តព្រះសីហនុ បង្ហាញពីទិន្នន័យថា មកដល់បច្ចុប្បន្ន មានជនជាតិថៃជិត២០០នាក់ហើយ ដែលធ្វើការងារក្នុងខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរជួយអន្តរាគមន៍តាមការស្នើសុំរបស់ភាគីថៃ ដោយក្នុងនោះ មានមួយចំនួនបានទៅដល់ប្រទេសកំណើតវិញ និងមួយចំនួនទៀតកំពុងស្ថិតក្នុងនីតិវិធី នៃការរៀបចំបញ្ជូនទៅតាមក្រោយបន្តបន្ទាប់។ លោក លើកឡើងថា ភាគច្រើននៃជនជាតិថៃទាំងនោះ គឺលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់។ 
 
ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ មានករណីមួយ ស្រដៀងនឹងករណីស្រ្តីជនជាតិថៃឈ្មោះប៊ីដែរ នោះគឺការចាប់បូមឈាមពីបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ បុរសជនជាតិចិននោះ ឈ្មោះ លី យ៉ាយួនលុន (Li Yayuanlun) មានវ័យ៣១ឆ្នាំ។ ពេលស្រាវជ្រាវចប់ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានប្រកាសព័ត៌មានជាសាធារណៈថា តាមពិតករណីនេះ គឺជាការប្រឌិត។ 
 
បុរសចិនត្រកូលលី បានចូលមកកម្ពុជា ដោយខុសច្បាប់ ហើយថែមទាំងមានជំងឺទៀតផង។ ដើម្បីចៀសផុតពីចំណាត់ការរបស់អាជ្ញាធរកម្ពុជា ដែលខ្លួនចូលកម្ពុជាដោយខុសច្បាប់ លោកលី បានប្រឌិតព័ត៌មានថា លោកត្រូវគេចាប់បង្ខាំង និងបង្ខំបូមឈាមស្ទើរខ្សោះពីខ្លួន។ លោក និងមនុស្ស៣នាក់ទៀត (ស្រ្តី) កំពុងជាប់ឃុំបណ្តោះអាសន្ន ពីបទប្រឌិតព័ត៌មាននេះ។ មនុស្សទាំង៣នាក់នោះ បានចូលរួមប្រឌិតព័ត៌មានជាមួយលោកលី។ 
 
លោក ជួន ណារិន បានហៅព័ត៌មាន អំពីការវះកាត់យកសរីរាង្គរបស់ស្រ្តីជនជាតិថៃ ថាជាករណីទី២ ដែលយកលំនាំតាមព័ត៌មាន អំពីការចាប់បង្ខំបូមឈាមរបស់បុរសជនជាតិចិន ដែលជាករណីទី១។ 
 
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ របស់ខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ សម្តេចឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង បានថ្លែងថាឧក្រិដ្ឋកម្មខ្លះ ដែលកើតឡើងនៅខេត្តព្រះសីហនុ គឺមើលទៅសាហាវខ្លាំងណាស់ រហូតដល់សម្តេច សឹងនឹងមិនហ៊ានមើលរូបភាព នៃឧក្រិដ្ឋកម្មនោះ។ រដ្ឋមន្រ្តីមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នា បញ្ចប់ឧក្រិដ្ឋកម្មនៅខេត្តព្រះសីហនុ ឲ្យបានមុនការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងមកដល់នៅខែមិថុនា ឆ្នាំ២០២២៕ 
 

Tag:
 ឧក្រិដ្ឋកម្មនៅខេត្តព្រះសីហនុ
  ករណីវះកាត់យកសរីរាង្គ
© រក្សាសិទ្ធិដោយ thmeythmey.com