កីឡាអន្តរជាតិ
អន្តរជាតិ
Rangnick រិះគន់កីឡាករ Atletico លេងរំអួយ ក្រោយ Man Utd ធ្លាក់ពី UCL
16, Mar 2022 , 10:19 am        
រូបភាព
លោក Ralf Rangnick រិះគន់កូនក្រុមរបស់ Atletico Madrid លេងរំអួយលើទីលាន ដើម្បីទម្លាក់ក្រុម Manchester United ត្រឹមវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League។


គ្រាប់បាល់តែតបញ្ចូលទីរបស់ Renan Lodi នៅនាទី៤១ បានជួយក្រុម Atletico Madrid យកឈ្នះម្ចាស់ផ្ទះ Man Utd នៅ​ Old Trafford ១-០ នៅជំនួបជើងទី២ វគ្គ១៦ក្រុម នាថ្ងៃទី១៥ ខែមីនា។ ដោយជើងទី១នៅទឹកដីអេស្ប៉ាញក្រុមទាំងពីរស្មើគ្នា ១-១ មានន័យថា Atletico Madrid បានកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
 
បរាជ័យរបស់ក្រុមបិសាចក្រហម មិនធ្វើឱ្យលោក Rangnick ដែលជាអ្នកចាត់ការបណ្តោះអាសន្នអស់ចិត្តឡើយ។ Rangnick មិនពេញចិត្តនឹងរបៀបលេងរបស់កូនក្រុម Atletico Madrid ដែលលេងពន្យាពេលពេញតង់នៅវគ្គទី២។
 
«វា​ពិបាក​ណាស់ក្នុង​តង់​ទី​ពីរ ព្រោះតែ​មានការ​រំខានខ្លាំង។ កីឡាកររបស់កូនក្រុមលោក Diego Simeone តែងតែរំអួយធ្វើដួលលើទីលាន។ ពួកគេដួលញឹកញាប់ពេកហើយដែលធ្វើឱ្យខ្ជះខ្ជាយពេលវេលា ខណៈអាជ្ញាកណ្តាលដូចជាមិនខ្វល់រឿងនេះ»។ នេះជាការអះអាងរបស់លោក Rangnick។
 
ស្របពេលគ្នានេះដែរ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ក៏បង្ហាញការមិនពេញចិត្តពីទម្រង់លេងរបស់កូនក្រុម Man Utd ផងដែរ។ លោកលើកឡើងថា នៅតង់ទីមួយ កីឡាករ Man Utd លេងបានល្អ ប៉ុន្តែពួកគេខ្ជះខ្ជាយឱកាសក្នុងការសម្រេចទី។
 
«ខ្ញុំគិតថាយើងលេងបានល្អណាស់ក្នុងតង់ទីមួយ យើងលេងប្រកបដោយថាមពលក្នុងកម្រិតខ្ពស់ ប៉ុន្តែយើងមិនអាចបំប្លែងវាទៅជាគ្រាប់បាល់បាន។ យើងមានឱកាសច្រើន ប៉ុន្តែយើងមិនបានស៊ុតបញ្ចូលទីនោះទេ»។ នេះជាការបន្ថែមរបស់គ្រូបណ្តោះអាសន្ន Rangnick ដែលឡើងជំនួសតំណែងលោក Ole Gunnar Solskjær។
 
ដោយឡែកជំនួបមួយគូទៀត Benfica បានយកឈ្នះ Ajax ក្នុងលទ្ធផល១-០ នាជំនួបជើងទី២។ ដោយសរុបទាំងពីរជើង Benfica ឈ្នះ Ajax ៣-២។ ដូច្នេះក្រុមរបស់ព័រទុយហ្កាល់បានឡើងទីវគ្គ៨ក្រុមចុងក្រោយ។
 
ក្រុមដែលបានឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ក្របខណ្ឌកំពូលអឺរ៉ុបរដូវកាល ២០២១-២២រកឃើញ៦ក្រុមហើយរួមមាន Bayern Munich, Liverpool, Manchester City, AT-Madrid, Real Madrid និង Benfica៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com