ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់អ្នករាយការណ៍ UN ថា នៅតែជំរុញឲ្យចរចា ដើម្បីបញ្ចប់ទំនាស់នៅណាហ្គាវើលដ៍
16, Mar 2022 , 10:37 am        
រូបភាព
រូបសម្តេច ស ខេង ពីទំព័រហ្វេសប៊ុករបស់សម្តេច រូបលោក វិទិត ម៉ុនតាបន ពីគេហទំព័រ OHCHR រូបបុគ្គលិកណាហ្គាវើលដ៍ប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនណាហ្កាវើលដ៍ ពីសហការី។
រូបសម្តេច ស ខេង ពីទំព័រហ្វេសប៊ុករបស់សម្តេច រូបលោក វិទិត ម៉ុនតាបន ពីគេហទំព័រ OHCHR រូបបុគ្គលិកណាហ្គាវើលដ៍ប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនណាហ្កាវើលដ៍ ពីសហការី។
សម្តេចឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង បានជម្រាបលោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិថា សម្តេច នៅតែបន្តលើកទឹកចិត្ត និងជំរុញឲ្យមានការចរចា ដើម្បីឈានទៅបញ្ចប់បញ្ហារវាងបុគ្គលិក និងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ឲ្យបានឆាប់។ សម្តេច បានពិភាក្សាជាមួយលោក វិទិត ម៉ុនតាបន តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

 
ក្នុងការពិភាក្សាជាមួយសម្តេច ស ខេង លោក វិទិត ម៉ុនតាបន បានផ្ដោតលើវិវាទរវាងបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍។ សម្ដេច ប្រាប់លោក វិទិត ម៉ុនតាមប ថា សម្ដេច តែងអំពាវនាវ និងជំរុញឲ្យភាគីពាក់ព័ន្ធ ប្រកាន់យកការចរចា ដើម្បីឈានទៅរកដំណោះស្រាយ។ 
 
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ តុលាការភ្នំពេញ បានសម្រេចដោះលែងបុគ្គលិក និងមេសហជីពណាហ្គាវើលដ៍៨រូប។ នៅសល់មេសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍៣រូបទៀត ដែលកំពុងជាប់ឃុំ។ ថ្វីបើចេញពីពន្ធនាគារ តែអ្នកទាំង៨នាក់នោះ នៅតែជាប់បទចោទដដែល។ 
 
សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ មានប្រសាសន៍ជាមួយ លោក វិទិត ម៉ុនតាបន ថា ការដោះលែងអ្នកទាំង៨នាក់ខាងលើ គឺដើម្បីស្វែងរកការចរចា ក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 
 
បុគ្គលិកណាហ្គាវើលដ៍ បាននាំគ្នាចេញតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក។ គោលបំណងធំរបស់ពួកគេ គឺទាមទារឲ្យក្រុមហ៊ុន ទទួលយកបុគ្គលិកជាង៣៦០នាក់ ដែលត្រូវបញ្ចប់ពីការងារ ចូលបម្រើការងារវិញ៕ 
 

Tag:
 ស ខេង
  វិទិត ម៉ុតតាបន
  ណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com