អន្តរជាតិ
លោក វ៉ាង យី៖ចិន មិនមែនជាភាគីវិបត្តិអ៊ុយក្រែន ហើយក៏មិនចង់រងគ្រោះពីទណ្ឌកម្មសេដ្ឋកិច្ចដែរ
16, Mar 2022 , 11:09 am        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ Xinhua
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ Xinhua
ចិន មិនមែនជាភាគីនៃជម្លោះអ៊ុយក្រែន និងរុស្ស៊ីឡើយ ហើយថែមទាំងមិនចង់រងផលប៉ះពាល់ពីទណ្ឌកម្មរបស់បស្ចិមប្រទេស ដែលបានដាក់លើរុស្ស៊ីដែរ។ ប្រមុខការទូតចិន លោក វ៉ាង យី​ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៥ ខែមីនា។ បើតាមលោក វ៉ាង ចិនជំទាស់ដាច់ខាច ចំពោះទណ្ឌកម្មជាឯកតោភាគី ព្រោះការដាក់សម្ពាធបែបនោះ នឹងធ្វើឱ្យប្រជាជនជាច្រើនរងគ្រោះ។

 
រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី នៅថ្ងៃទី១៥ ខែមីនា បានជួបតាមទូរសព្ទជាមួយសមភាគីអេស្ប៉ាញ លោក Jose Manuel Albares ដើម្បីជជែកពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រាប់ភាគីអេស្ប៉ាញ លោក វ៉ាង បានអះអាងថា ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិន បានជំរុញឱ្យកិច្ចចរចាជាច្រើនលើក ចាប់តាំងពីវិបត្តិអ៊ុយក្រែន បានចាប់ផ្តើមឡើង។ 
 
បើតាមលោកវ៉ាង ចិនតែងជំទាស់ការប្រើប្រាស់ទណ្ឌកម្ម ដែលមិនមែនជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហា។ ក្នុងន័យនេះ ប្រមុខការទូតចិន អះអាងថា ការដាក់ទណ្ឌកម្មជាឯកតោភាគី នឹងធ្វើឱ្យប៉ះពាល់ដល់វិធានអន្តរជាតិ ហើយថែមទាំងប៉ះពាល់ដល់ជីវភាពរបស់ប្រជាជននៅគ្រប់ប្រទេសទាំងអស់ផងដែរ។ 
 
ទន្ទឹមនេះ លោកវ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានបន្ថែមថា ចិនមិនចង់រងផលប៉ះពាល់ពីទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដែលដាក់លើរុស្ស៊ី បន្ទាប់ពីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនឡើយ។ 
 
«ចិន មិនមែនជម្លោះដោយផ្ទាល់ ហើយខ្លួនមិនចង់រងផលប៉ះពាល់ដោយទណ្ឌកម្មទៀតដែរ»។ ទីប្រឹក្សារដ្ឋចិនបានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ចិនមានសិទ្ធិក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ 
 
តាមរយៈកិច្ចសន្ទនាតាមទូរសព្ទដដែលនោះ មន្រ្តីជាន់ខ្ពស់ចិនរូបនេះ បានរិះគន់បណ្តាប្រទសមួយចំនួន ដែលនៅតែបន្តវាយប្រហារជំហរចិនលើជម្លោះអ៊ុយក្រែន និងរុស្ស៊ី។ លោក វ៉ាង ទំនងជាចង់រិះគន់លើអាម៉េរិក និងសម្ព័ន្ធមិត្ត ដែលកន្លងមកតែងជំរុញឱ្យចិនដាក់សម្ពាធលើរុស្ស៊ី និងរិះគន់លើសកម្មភាពបញ្ជូនទ័ពទៅក្នុងដីអ៊ុយក្រែន។ 
 
ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែននៅចុងខែកុម្ភៈ រដ្ឋាភិបាលក្រុងប៉េកាំង មិនធ្លាប់រិះគន់ក្រុងមូស្គូឡើយ ហើយថែមទាំងមិនប្រើពាក្យ ឈ្លានពានថែមទៀត។ ជាញយៗ ចិន តែងជំរុញឱ្យភាគីទាំងអស់ ដោះស្រាយជម្លោះតាមរយៈកិច្ចចរចា និងរឹតត្បិតសកម្មភាពរបស់ខ្លួនឱ្យបានខ្លាំងបំផុត ដើម្បីបង្ការផលប៉ះពាល់លើប្រជាជនស៊ីវិល។
 
ចំណែករដ្ឋមន្រ្តីការបរទេសអេស្ប៉ាញវិញ បានអះអាងថា ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី កំពុងគំរាមកំហែងសន្តិភាព និងស្ថិរភាពនៅអឺរ៉ុប។ ប្រសិនបើគ្មានការគ្រប់គ្រងត្រឹមត្រូវ វានឹងប៉ះពាល់សហគមន៍អន្តរជាតិទាំងមូល។ លោក  Albares បានបន្តថា លោកសង្ឃឹមសង្រ្គាមរវាងប្រទេសទាំងពីរ នឹងត្រូវបញ្ចប់តាមរយៈកិច្ចចរចា និងមធ្យោបាយការទូត។ 
 
សូមបញ្ជាក់ថា ភាគីជម្លោះទាំងពីរ បានជួបគ្នាបីដងហើយ ដោយជំនួបចុងក្រោយតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៥ ខែមីនា បានត្រឹមឯកភាពគ្នាបន្តកិច្ចចរចានៅថ្ងៃទី១៦ ខែមីនាទៀត។ សរសេរលើបណ្តាញសង្គម Twitter លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា ដំណើរការនៃកិច្ចចរចា មានបញ្ហាលំបាកមួយចំនួន ប៉ុន្តែភាគីទាំងអស់ នៅតែអាចសម្របសម្រួលគ្នា៕ 
 

Tag:
 ចិន
  អ៊ុយក្រែន
  រុស្ស៊ី
  អេស្ប៉ាញ
© រក្សាសិទ្ធិដោយ thmeythmey.com