ជាតិ
សេដ្ឋកិច្ច
ការនាំចេញរបស់កម្ពុជា រំពឹងកើនជាង៧ភាគរយ ពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់
16, Mar 2022 , 7:59 pm        
រូបភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលច្រកផ្លូវសំខាន់ដែលបម្រើដល់ការនាំចេញ-នាំចូលរបស់កម្ពុជា។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលច្រកផ្លូវសំខាន់ដែលបម្រើដល់ការនាំចេញ-នាំចូលរបស់កម្ពុជា។
ភ្នំពេញ៖ កម្ពុជារំពឹងការនាំចេញរបស់ខ្លួនកើនបាន៧,៣ភាពរយ តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានអាស៊ានទាំង១០ប្រទេស រួមជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្រា្តលី និងនូវែលសេឡង់។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ខណៈ RCEP ចូលធរមាន បានរយៈពេលជាង៣ខែមកហើយ។

 
Regional Comprehensive Economic Partnership (RCEP) គឺជាកិច្ចព្រមពៀងពាណិជ្ជកម្មសេរីក្នុងតំបន់ ដែលមានប្រទេសនៅតំបន់អាស៊ីបូព៌ា និងអាស៊ាន ចំនួន១៥ចូលរួម បានចូលជាធរមាន កាលពីនៅថ្ងៃទី១មករា ឆ្នាំ២០២០។ ការចូលជាធរមាន នៃភាពជាដៃគូសេដ្ឋកិច្ចនេះ បានធ្វើឱ្យកម្ពុជា ក៏ដូច១៤ប្រទេសទៀត មានសិទ្ធិស្មើគ្នា ក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសណា ដែលមានសក្តានុពល។ 
 
លោក ប៉ាន សូរស័ក្តិ បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពី«ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន» នាថ្ងៃទី១៥មីនាថា នៅពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ  ការនាំចេញរបស់កម្ពុជា នឹងកើនបាន៧,៣ភាគរយ។  ការវិនិយោគ នឹងកើនឡើង ២៣,៤ភាគរយ  និងផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងបាន២ភាគរយ។


លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

លោក ប៉ាន សូរស័ក្តិ  បានអះអាងដូច្នេះ៖ «កិច្ចព្រមព្រៀងនេះ នឹងរួមចំណែកយ៉ាងចាំបាច់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា និងប្រទេសសមាជិកពាក់ព័ន្ធ ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ព្រមទាំងជះឥទ្ធិពលវិជ្ជមានផ្សេងទៀតដល់ការអភិវឌ្ឍ តាមយៈការបង្កើតការងារ ការជំរុញការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការទទួលបានផលប្រយោជន៍ប្រកបដោយបរិយាប័ន្នខ្ពស់»។ 
 
បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្ម RECP ត្រូវបានបង្កើតឡើងជាក្របខណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់-គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់កម្ពុជានាពេលអនាគត ស្របពេលដែលកម្ពុជា អាចនឹងចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាព។
 
ជាមួយគ្នានេះ លោក ហ៊ីដេតូស៊ី នីស៊ីមូរ៉ា ប្រធានវិទ្យាស្ថាន ERIA បានលើកឡើងថា RECP ពិតជាមានសារសំខាន់ខ្លាំង ក្នុងការពង្រឹងឡើងវិញនូវប្រព័ន្ធពហុភាគីនិយម, របបពាណិជ្ជកម្មអន្តរជាតិដែលផ្អែកលើវិធានច្បាប់ និងយុទ្ធនាការស្តារសេដ្ឋកិច្ច របស់ប្រទេសក្នុងតំបន់ដែលរងគ្រោះពីវិបត្តិកូវីដ-១៩។ លើសពីនេះ កិច្ចព្រមព្រៀងអាសិប(RECP) ក៏បានធានាតម្លៃនៃមជ្ឈភាពអាស៊ាន ក្នុងការសម្របសម្រួលជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ និងការដាក់ចេញនូវទិសដៅសកម្មភាពនានា ក្រោមកិច្ចព្រមព្រៀងនេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម៕ 
 
 
 

Tag:
 RCEP
  ប៉ាន សូរស័ក្តិ
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com