កីឡាជាតិ
ជាតិ
លោក ផុស សុវណ្ណ ធ្វើជាប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន CAMSOC ជំនួសលោក ជា ច័ន្ទបរិបូរណ៍
16, Mar 2022 , 6:59 pm        
រូបភាព
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ទទួលបានតួនាទីជាប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២  (CAMSOC) ជំនួសលោក ជា ច័ន្ទបរិបូរណ៍ ។ នេះបើតាមកិច្ចប្រជុំពិនិត្យ និងកែលម្អឡើងវិញ នូវសមាសភាពដឹកនាំគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន CAMSOC។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ការផ្លាស់ប្ដូរសមាសភាពនេះ ក៏មានការឯកភាពពីលោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មានផងដែរ។ តាមរយៈគេហទំព័ររបស់ CAMSOC លោក វ៉ាត់ ចំរើន បាននិយាយថា៖«ការកែសម្រួលនេះ បានទទួលការឯកភាពគ្នាជាមួយ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ហើយបានដាក់ចេញនូវគោលការណ៍ការងារមួយចំនួន ដែលត្រូវធ្វើការផ្សព្វផ្សាយ បំផុស និងបំផ្ទុះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម»។ 
 
បើតាមលោក វ៉ាត់ ចំរើន អ្នកជំនាញ នឹងចាប់ផ្ដើមអនុវត្តការងារតែម្ដង ដោយសារផែនការផ្សព្វផ្សាយ និងការងារ បានគ្រោងរួចហើយ ។ «អ្វីដែលសំខាន់ជាងគេ គឺធ្វើការបំផុសផ្សព្វផ្សាយចលនាអប់រំសង្គមឲ្យបានជូនជ្រាប ទាំងក្នុងប្រទេស រហូតដល់ក្រៅប្រទេស ដើម្បីកសាងនូវកេរ្ដិ៍ឈ្មោះរបស់ម្ចាស់ផ្ទះមួយដ៏ល្អ ហើយទាក់ទាញឲ្យគេមកចូលរួមប្រកួតកីឡាស៊ីហ្គេម»។ លោក វ៉ាត់ ចំរើន បានបញ្ជាក់យ៉ាងដូច្នេះ ។
 
សមាសភាពដឹកនាំរបស់គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ដែលត្រូវបានកែសម្រួល រួមមាន៖ លោក ផុស សុវណ្ណ ប្រធាន រួមជាមួយអនុប្រធាន ៤រូប មាន លោក ឃឹម វុទ្ធី, លោក ថាច់ ផាណារ៉ុង (អនុប្រធានប្រចាំការ), លោក អ៊ុក វណ្ណឌី និងលោក វេង សុខហេង និងសមាជិក ៩រូបផ្សេងទៀត ។
 
លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ រួមទាំងប្រជាពលរដ្ឋ ទន្ទឹងរង់ចាំមើលការផ្សព្វផ្សាយព្រឹត្តិការណ៍ វេទិកាកីឡា និងគ្រប់កម្មវិធីទាំងអស់ ដែលទាក់ទងនឹងកីឡា នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។ អនុប្រធានអចិន្ត្រៃយ៍រូបនេះ បានចាត់ទុកចំណុច​នេះ ជារឿងសំខាន់បំផុត ក្នុងដំណើរឆ្ពោះធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣៕
 

Tag:
 NOCC
© រក្សាសិទ្ធិដោយ thmeythmey.com