ជាតិ
សេដ្ឋកិច្ច
លោក ផាន អូន៖ ម្ចាស់ស្ថានីយ/ដេប៉ូ ដែលលក់ប្រេងឥន្ធនៈ លើសតម្លៃ និងបន្លំអតិថិជន នឹងរងពិន័យ
16, Mar 2022 , 9:59 pm        
រូបភាព
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប​
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប​
ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលលក់សាំងឬម៉ាស៊ូត លើសថ្លៃកំណត់ដោយក្រសួងពាណិជ្ជកម្ម ឬមានការក្លែងបន្លំគុណភាព និងបរិមាណចំពោះអតិថិជន នឹងរងការពិន័យជាអន្តរការណ៍។ នេះជាការលើកឡើងរបស់លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) ដោយបញ្ជាក់ថា ការពិន័យនេះ អាចឈានទៅដល់ទំហំ២០លានរៀល(ប្រមាណ៥០០០ដុល្លារ)នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

បច្ចុប្បន្ន តម្លៃសាំងធម្មតានិងម៉ាស៊ូតនៅកម្ពុជាបានកើនដល់ ៥ ៣០០រៀលក្នុងមួយលីត្រ ខណៈសាំងស៊ុបពែរមានតម្លៃជិត៦០០០រៀលក្នុងមួយលីត្រ។ នេះជាការកំណត់តម្លៃថ្មីដោយក្រសួងពាណិជ្ជកម្ម ដែលអនុវត្តនៅទូទាំងប្រទេស ចាប់ថ្ងៃទី១៦មីនា ដល់ដំណាច់ខែនេះ។ លោក ផាន អូន បានណែនាំឱ្យម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ លក់សាំងឬម៉ាស៊ូត តាមតម្លៃកំណត់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការរងពិន័យ។
 
«ការលក់ប្រងឥន្ធនៈណាមួយដែលលើសពីការកំណត់នេះ អ្នកនោះ[ម្ចាស់ម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈ] នឹងត្រូវរងការផាកពិន័យ»។ នេះបើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) ដែលបានបញ្ជាក់ថា យន្តការរដ្ឋបាលរបស់ក្រសួងពាណិជ្ជកម្ម កំពុងអនុវត្តសព្វថ្ងៃ។ 
 
លើសពីនេះទៅទៀត ម្ចាស់ស្ថានីយ/ដេប៉ូលក់ប្រេងឥន្ធនៈ ដែលលក់ក្លែងបន្លំគុណភាពនិងកិបកេងបរិមាណលីត្រ ចំពោះអតិថិជន នឹងជាប់ទោសក្នុងបទព្រហ្មទណ្ឌ ដែលរងការពិន័យប្រាក់ជាអន្តរការណ៍ នៃទំហំទឹកប្រាក់ស្ថិតក្រោម ៥០០០ដុល្លារ។ 
 
អគ្គនាយកក.ប.ប នៃក្រសួងពាណិជ្ជកម្ម លោក ផាន អូន បាននិយាយដូច្នេះ៖ «កាលណាយើងរកឃើញមានក្លែងបន្លំគុណភាពសាំង ដោយយកសាំងធម្មតា ដាក់លក់ជាសាំងប្រភេទស៊ុបពែរ នោះយើងនឹងពិន័យម្ចាស់ស្ថានីយ/ដេប៉ូលក់ប្រេងឥន្ធនៈ ក្នុងទំហំមួយណាក្រោម២០លានរៀល ដែលអាស្រ័យទៅតាមទំហំអាជីវកម្ម និងចំនួនថ្ងៃនៃបទល្មើសរបស់ម្ចាស់អាជីវកម្មទាំងនោះ។ ប្រសិនស្ថានីយ/ដេប៉ូឥន្ធនៈ នៅតែអនុវត្តគ្មានអនុលោមភាពបន្តទៀត នឹងប្រឈមមុខក្នុងការកសាងសំណុំរឿងទៅតុលាការ»។ 
 
បើតាមលោក ផាន អូន មកទល់ពេលនេះ មិនទាន់មានករណីក្នុងការកសាងសំណុំរឿងរបស់ស្ថានីយ/ដេប៉ូឥន្ធនៈណាមួយ ទៅតុលាការនោះទេ ខណៈបច្ចុប្បន្ន គឺមានតែការពិន័យតាមយន្តការរដ្ឋបាលក្រោមទំហំទឹកប្រាក់២៥០០ដុល្លារ និងឈានដល់ ៣៧៥០ដុល្លារ ដែលជាការពិន័យតាមបែបអន្តរការណ៍។ 
 
២ខែដើមឆ្នាំ២០២២ អគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញដេប៉ូ/ស្ថានីយលក់ប្រេងឥន្ធនៈ ចំនួន២៦៧កន្លែង នៅទូទាំងប្រទេស ដែលមិនមានអនុលោមភាព ក្នុងការលក់ប្រេងឥន្ធនៈឱ្យអតិថិជន។ បើតាមលោក ឃួន សាវុធ អគ្គនាយករងនៃក.ប.ប ដេប៉ូ/ស្ថានីយទាំងនេះ គឺបានលក់ថ្លៃលើសការកំណត់ដោយក្រសួងពាណិជ្ជកម្ម និងក្លែងបន្លំគុណភាព និងបរិមាណ ចំពោះអតិថិជន៕ 
 
 

Tag:
 ឥន្ធនៈ
  លោក ផាន អូន
© រក្សាសិទ្ធិដោយ thmeythmey.com