COVID-19
ជាតិ
អ្នកជាពីកូវីដ-១៩ អាចមានបញ្ហាបាក់ទឹកចិត្ត ខ្សោយកម្លាំង បេះដូងដើរញាប់ ឈឺដើមទ្រូង និងសន្លាក់…
17, Mar 2022 , 11:07 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទកាសែត ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាពេលកន្លងមក។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទកាសែត ស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាពេលកន្លងមក។
ភ្នំពេញ៖ អ្នកជាសះស្បើយពីកូវីដ-១៩ ហើយ ក៏អាចនៅសេសសល់បញ្ហាសុខភាពមួយចំនួនដែរ ទាក់ទងនឹងផ្លូវចិត្ត និងសព៌ាង្គកាយ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដែលបានឆ្លើយតបសំណួរអ្នកសារព័ត៌មានតាមតេឡេក្រាម​ ជុំវិញស្ថានភាពអ្នកជំងឺកូវីដ-១៩ ក្រោយពេលជាសះស្បើយ។



លោកស្រី ឱ វណ្ណឌីន បានឆ្លើយតបដោយយោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ប្រមាណ២៣ ទៅ២៦ភាគរយ មានបញ្ហាបាក់ទឹកចិត្ត និងព្រួយបារម្ភច្រើន ជាពិសេសឆាប់នឿយហត់ មិនសូវមានកម្លាំងកំហែងដូចមុន រួមទាំងងាយឆ្លងជំងឺកូវីដ-១៩ ឡើងវិញទៀតដែរ។
 
បើតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្ត ដែលរដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ទទួលបាននោះ បានបង្ហាញថា អ្នកជាសះស្បើយពីជំងឺនេះ មានអាការនឿយហត់ មានអារម្មណ៍ខ្សោយកម្លាំងជាមុន ហើយដកដង្ហើមថប់ៗ និងមិនសូវបានវែង ឬពិបាកដកដង្ហើម។ ចំណែកបុគ្គលខ្លះទៀត នៅមានរោគសញ្ញាក្អកខ្លះ, ឈឺសន្លាក់ដៃជើង ,ឈឺដើមទ្រូងខ្លះៗ ,ឈឺសាច់ដុំ ឬឈឺក្បាល ,បេះដូងដើរញាប់ជាងមុន ,មានបញ្ហាការចងចាំ និងសម្រាន្តមិនសូវលក់ និងឆាប់អស់សង្ឃឹម ហើយអារម្មណ៍ព្រួយច្រើន។ 
 
ជុំវិញបញ្ហានេះលោកស្រី ឱ វណ្ណឌីន បានបន្ថែមថា ករណីរោគសញ្ញាសុខភាពនៅសេសសល់នេះ អាស្រ័យលើសរីរាង្គ និងអង់ទីគ័ររបស់បុគ្គលម្នាក់ៗ ដែលឆ្លើយតបទៅនឹងការវិវត្តនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងស្ថានភាពកម្រិតស្រាល និងធ្ងន់ធ្ងរ។ ប៉ុន្តែបុគ្គលខ្លះទៀត ដែលជាសះស្បើយពីកូវីដ-១៩ ក៏មិនមានករណីទាំងអស់នេះទេ។
 
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានផ្ដល់ចម្លើយដល់អ្នកកាសែត នៅថ្ងៃទី១៧ មីនា យ៉ាងដូច្នេះថា៖«រោគសញ្ញាខាងលើនេះ នឹងអាចប្រហែលជាបាត់ទៅវិញ ក្នុងរយៈពេល ៦-១២ខែ ឬអាចខ្លីជាងនេះ ឬក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គល ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ និងការធ្វើលំហាត់ប្រាណ ព្រមទាំងការចេះបន្ធូរអារម្មណ៍ និងបរិយាកាសរស់នៅជាដើម។ ជាពិសេសចាំបាច់ត្រូវចៀសវាង កុំបណ្ដោយខ្លួនឱ្យឆ្លងជំងឺកូវីដ-១៩ ឡើងវិញ ដែលអាចបន្ថែមភាពប៉ះពាល់មិនល្អ ដល់សរីរាង្គណាមួយរបស់បុគ្គល ដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រង់នោមជាដើម»។
 
តែយ៉ាងណាអ្នកវិទ្យាសាស្រ្ត ក៏មិនទាន់អាចបញ្ជាក់បានពីផលប៉ះពាល់សំខាន់ៗផ្សេងទៀត លើសរីរាង្គរបស់បុគ្គលដែលបានជាសះស្បើយពីជំងឺនេះ មានកម្រិតប៉ុនណា? ហើយមានរយៈពេលយូរប៉ុនណានោះទេ? អ្នកវិទ្យាសាស្រ្តទាំងនេះ កំពុងសិក្សាឱ្យបានច្បាស់លាស់ថែមទៀត លើករណីនេះ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន។
 
ដើម្បីទប់ស្កាត់ជំងឺកាចសាហាវនេះ លោកស្រី ឱ វណ្ណឌីន នៅបន្តអំពាវនាវឱ្យពលរដ្ឋទាំងអស់ អនុវត្តវិធានការការពារតាមការណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេសនាំគ្នាចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ដើម្បីបង្កើនប្រព័ន្ធការពារក្នុងសព៌ាង្គកាយ ប្រឆាំង និងទប់ទល់ជំងឺកូវីដ-១៩នេះ៕
 

Tag:
 COVID-19
  ឱ វណ្ណឌីន
© រក្សាសិទ្ធិដោយ thmeythmey.com