ជាតិ
ចៅក្រមស៊ើបសួរសម្រេច ដោះលែងសហជីពណាហ្គាវើលដ៍៣រូបទៀត ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន
17, Mar 2022 , 3:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់សាលាដំបូងរាជធានីភ្នំពេញ
រូបពីទំព័រហ្វេសប៊ុករបស់សាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ បានសម្រេចដោះលែងមេដឹកនាំសហជីព៣រូបទៀត ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅរសៀលថ្ងៃទី១៧ មីនានេះ ។ សហជីព៣រូបនេះ រួមមានលោក សេង វណ្ណារិទ្ធ លោក សៅ សម្បត្តិ និងលោកជួប ចាន់ណាត ។

 
 លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់ បានឲ្យសារព័ត៌មានថ្មីៗដឹងថា មេធាវីរបស់មេសហជីពទាំង៣ កំពុងធ្វើដំណើរទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ក្រោយទទួលបានសេចក្ដីសម្រេចពីចៅក្រម។ 
 
«ចៅក្រមស៊ើបសួរតុលាការរាជធានីភ្នំពេញ​ បានចុះហត្ថលេខាសម្រេចដោះលែងសហជីពណាហ្គាវើលដ៍ (LRSU) ៣នាក់នៅពីពន្ធនាគារ PJ មានលោក ចាន់ណាត, លោក សម្បត្តិ និងលោក វណ្ណារិទ្ធ។ ដូច្នេះមេធាវីធ្វើដំណើរទៅកាន់ពន្ធនាគារ PJ ជាមួយនឹងឯកសារនេះ»។ ​លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ តាមប្រព័ន្ធតេឡេក្រាម។ 
 
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យដោះលែងមេដឹកនាំសហជីពទាំង៣រូបនេះ ក្រោមការជួយអន្តរាគមន៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ ការដោះលែងនេះ វាក៏ជាផ្នែកមួយនៃការបង្កើតបរិយាកាសចរចា រវាងបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីឈានទៅបញ្ចប់វិវាទ ដែលអូសបន្លាយពេលជាច្រើនខែមកហើយ។
 
សូមជម្រាបថា កាលពីថ្ងៃទី១៤មីនា មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ៨រូប ត្រូវបានចៅក្រមស៊ើបសួរសម្រេចដោះលែង។ មេដឹកនាំសហជីពដែលបានដោះលែងទាំង៨រូប មាន ឈឹម ស៊ីថរ, រី សុវណ្ណឌី, ស៊ុន ស្រីពេជ្រ, ហៃ សុភាព, ឃ្លាំង សុបិន្ត, ទូច សិរីមាស, សុខ ណារិទ្ធ និង ឈឹម សុខន៕ 
 
 

Tag:
 វិវាទណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com