ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីជប៉ុន មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ២០មីនា
17, Mar 2022 , 9:59 pm        
រូបភាព
លោក គីស៊ីដា ហ៊្វូមិអូ នាយករដ្ឋមន្រ្តីជប៉ុន (រូបពី AFP)
លោក គីស៊ីដា ហ៊្វូមិអូ នាយករដ្ឋមន្រ្តីជប៉ុន (រូបពី AFP)
លោក គីស៊ីដា ហ៊្វូមិអូ (Kishida Fumio) នាយករដ្ឋមន្រ្តីជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី២០ និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ លោក នឹងមានជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។


ក្រសួងការបរទេសកម្ពុជា សរសេរក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកនាយករដ្ឋមន្រ្តី គីស៊ីដា ហ៊្វូមិអូ នឹងជជែកគ្នាពីកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន លើវិស័យនានា រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ សន្តិសុខ និងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ នៅក្រោយការចប់វិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីទាំង២ នឹងធ្វើសន្និសីទកាសែតរួមគ្នា។  
 
ក្រៅពីនេះ លោកនាយករដ្ឋមន្រ្តីជប៉ុន នឹងអញ្ជើញទៅដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា នៅរូបសំណាករបស់ទ្រង់ ហើយលោក នឹងបន្តអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបមន្រ្តីជប៉ុន២រូប ដែលបាត់បង់ជីវិតនៅកម្ពុជា កាលពីជំនាន់អ៊ុនតាក់។ 
 
ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន ថាជាការបង្ហាញឲ្យឃើញច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមោះមុតនៃប្រទេសទាំង២ ក្នុងការពង្រឹងទំនាក់ទំនងល្អជាមួយគ្នា៕  
 

Tag:
 កម្ពុជា-ជប៉ុន
  Kishida Fumio
© រក្សាសិទ្ធិដោយ thmeythmey.com