ជាតិ
សង្គមជាតិ
«ភូមិកុមារSOS»ទី៧ នៅខេត្តព្រៃវែង ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
17, Mar 2022 , 10:59 pm        
រូបភាព
សម្តេច ហ៊ុន សែន កំពុងកាត់ខ្សែបូនៃពិធីសម្ពោធឱ្យប្រើប្រាស់ភូមិកុមារSOSព្រៃវែង នាព្រឹកថ្ងៃទី១៧មីនា ឆ្នាំ២០២២
សម្តេច ហ៊ុន សែន កំពុងកាត់ខ្សែបូនៃពិធីសម្ពោធឱ្យប្រើប្រាស់ភូមិកុមារSOSព្រៃវែង នាព្រឹកថ្ងៃទី១៧មីនា ឆ្នាំ២០២២
ភ្នំពេញ៖ អគារ«ភូមិកុមារ SOS ព្រៃវែង» សម្រាប់កុមារកំព្រា ត្រូវបានដាក់ឱ្យប្រើប្រាស់ នាថ្ងៃទី១៧មេសា។ ព្រៃវែង គឺជាខេត្តទី៧ ដែលមានភូមិកុមារSOS បន្ទាប់រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង រតនគិរី ក្រចេះ និងកំពត។

 
«ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលសាងសង់លើផ្ទៃដីជាង ១ម៉ឺនម៉ែត្រក្រឡា ក្នុងទំហំថវិកាប្រមាណ១,៥លានដុល្លារអាម៉េរិក។ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា «ភូមិកុមារ SOS ព្រៃវែង» មានអគាចំនួន ៩ខ្នង ដោយក្នុងមាន អគារការិយាល័យ និងសាលសិល្បៈ, អគារផ្ទះគ្រួសារ, អគារផ្ទះនាយកភូមិ និងផ្ទះបុគ្គលិក, អគារផ្ទះសហគមន៍ និងផ្ទះភ្ញៀវ,​ អគារផ្ទះអាហារូបត្ថម្ភ និងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ។​
 
បើតាម លោក វង សូត ភូមិកុមារ SOS ព្រៃវែង  ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី៧កុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២០។ លោក បានបញ្ជាក់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧មីនា ថា៖ «ភូមិកុមារ SOS ព្រៃវែង ចាប់ផ្តើមបើកឱ្យកុមារចូលស្នាក់នៅកាលពីថ្ងៃទី២៥មីនា ឆ្នាំ២០២០។ បច្ចុប្បន្នមានកុមារចំនួន២៧នាក់ កំពុងស្នាក់នៅ ក្រោមការថែទាំរបស់អ្នកម្តាយ ៥នាក់ និងបុគ្គលិក ១០នាក់»។
 
«ភូមិកុមារ SOS ព្រៃវែង» ជាភូមិមួយរបស់អង្គការ «ភូមិកុមារ SOS កម្ពុជា» ដែលកំពុងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា ដែលត្រូវបានបោះបង់ចោល និងកុមារដែលមិនមានការថែទាំសមរម្យ។ លោកវង សូត បានបញ្ជាក់ថា​ អង្គការ «ភូមិកុមារ SOS អន្តរជាតិ» បានធ្វើការជាមួយកម្ពុជា​ចាប់តាំងពីឆ្នាំ១៩៩៩មក។ ជាង២០ឆ្នាំមកនេះ អង្គការភូមិកុមារ SOS បានកសាងភូមិកុមារនៅកម្ពុជាចំនួន ៧កន្លែង នៅតាមបណ្តារាជធានី-ខេត្ត។ ក្នុងនោះ មានរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង រតនគិរី ក្រចេះ កំពត និងខេត្តព្រៃវែង។
 
ក្រៅពីកសាងភូមិកុមារ ដើម្បីផ្តល់ការស្នាក់នៅ និងផ្តល់ការថែទាំសម្រាប់រយៈពេលវែងហើយនោះ អង្គការអន្តរជាតិមួយនេះ ក៏បានអនុវត្តគម្រោងនូវកម្មវិធីពង្រឹងគ្រួសារតាមសហគមន៍, ការបង្កើតផ្ទះសម្រាប់យុវជន, ការបង្កើតមត្តេយ្យសាលា និងសាលារៀន ហ័រម៉ាន ម៉ៃន័រ, ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ និងមជ្ឈមណ្ឌលសង្គមកិច្ច ផងដែរ។ លោក វង សូត បានបញ្ជាក់ថា តាមរយៈគម្រោងទាំងនេះ បានផ្តល់ឱកាសការងារពលរដ្ឋ បាន៣៤៥នាក់ និងបានផ្តល់សេវាដល់កុមារ និងយុវជនកំពុងស្នាក់នៅសរុប ៧៥៥នាក់ ព្រមទាំងបានផ្តល់ឱកាសសិក្សាដល់សិស្សចំនួន ១ ៤៩៦នាក់។ 
 
ពាក់ព័ន្ធនឹងកម្មវិធីរបស់ភូមិកុមារSOSនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានផ្តល់ភាគទាន ចំនួន១ម៉ឺនដុល្លារក្នុងងមួយឆ្នាំ ផងដែរ។ បើតាមលោក វង សូត សម្រាប់គម្រោងប្រតិបត្តិការរយៈពេល៥ឆ្នាំទៀតនៅកម្ពុជា ចាប់ពីឆ្នាំ២០២០-២០២៥ អង្គការភូមិកុមារ SOS គ្រោងនឹងចំណាយថវិកាក្នុងរង្វង់ ២៥លានដុល្លារអាមេរិក។ ទន្ទឹមនឹងគ្នានេះ អង្គការ ក៏មានគម្រោងបង្កើតភូមិកុមារទី៨ នៅក្នុងខេត្តត្បូងឃ្មុំ ផងដែរ៕
 

Tag:
 អប់រំ
  កុមារ
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com