ជាតិ
សង្គមជាតិ
អាជ្ញាធរគ្រឿងញៀន ផ្ញើលិខិតទៅស្ថាប័នរដ្ឋនិងឯកជន ឲ្យជួយផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀន ពេលចូលឆ្នាំខ្មែរ
18, Mar 2022 , 11:39 am        
រូបភាព
លោក មាស វីរិទ្ធ ថ្លែងក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុកអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
លោក មាស វីរិទ្ធ ថ្លែងក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុកអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្ញើលិខិតទៅកាន់ប្រធានស្ថាប័នរដ្ឋ ប្រធានក្រុមហ៊ុនឯកជន និងប្រធានសមាគមមួយចំនួន ដោយលិខិតទាំងនោះ មានខ្លឹមសារជារួមដូចគ្នា គឺស្នើឲ្យជួយផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ក្នុងឱកាសចូលឆ្នាំខ្មែរ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។ លោក ជឿថា ការចូលរួមផ្សព្វផ្សាពីស្ថាប័នទាំងនោះ នឹងអាចកាត់បន្ថយគ្រោះថ្នាក់ ដែលបង្កឡើងដោយគ្រឿងញៀន និងជាគុណប្រយោជន៍ដល់សង្គមជាតិ។


លោក មាស វីរិទ្ធ ក៏បានជូនពាក្យស្លោកអំពីការប្រឆាំងគ្រឿងញៀន ទៅប្រធានស្ថាប័នរដ្ឋ ប្រធានស្ថាប័នឯកជន និងប្រធានសមាគមផងដែរ សម្រាប់ការផ្សព្វផ្សាយ។ ពាក្យស្លោកទាំងនោះ មានដូចជា ការផលិត ចរាចរ រក្សាទុក ជួញដូរ និង ចែកចាយគ្រឿងញៀន ជាអំពើខុសច្បាប់, ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និង សង្គមជាតិ, ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន, ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅយើង ។ល។ 
 
ប្រធានស្ថាប័នរដ្ឋ ប្រធានស្ថាប័នឯកជន និង ប្រធានសមាគម ដែលទទួលបានលិខិតពីលោក មាស វីរិទ្ធ រួមមាន ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត អគ្គនាយកនៃអគ្គនាយដ្ឋានព័ត៌មាន-សោតទស្សន៍របស់ក្រសួងព័ត៌មាន ប្រធាននិយ័តករទូរគមន៍កម្ពុជា ប្រធានទូរទស្សន៍-ប្រធានផលិតកម្មនានា ប្រធានសមាគមអ្នកសិល្បករមនុស្សធម៌កម្ពុជា ប្រធានសមាគមទូរទស្សន៍កម្ពុជា ប្រធានសមាគមវិទ្យុកម្ពុជា និង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាដើម។ លិខិតទាំងអស់របស់លោក សុទ្ធតែចុះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដូចគ្នា។ 
 
សូមបញ្ជាក់ថា ពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២៕ 
 
 

Tag:
 គ្រឿងញៀន
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com