ជាតិ
កម្ពុជា រំពឹងនាំចេញត្រីប្រា និងមៀនប៉ៃលិន ទៅចិន នា២ខែទៀត
18, Mar 2022 , 9:59 pm        
រូបភាព
លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម រំពឹងថា ភាគីចិន នឹងពន្លឿនការចុះហត្ថលេខានាំយកត្រីប្រា និងមៀនប៉ៃលិនពីកម្ពុជា ក្នុងរយៈ១ ឬ២ខែខាងមុខ។ ប្រសិនបើ ដំណើរការចរចាទីផ្សារនេះជោគជ័យ កម្ពុជានឹងអាចនាំផ្លែមៀនប៉ៃលិន ប្រមាណ១០ម៉ឺនតោនក្នុងមួយឆ្នាំៗ ទៅកាន់ទីផ្សារចិន។

 
ក្នុងសន្និសីទសារព័ត៌មានស្ដីពី«លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ និងចិន» នៅព្រឹកថ្ងៃទី១៨មីនានេះ លោក ងិន ឆាយ បានលើកឡើងថា មកដល់ពេលនេះ ពិធីសារបច្ចេកទេសរវាងកម្ពុជា និងចិន បានឯកភាពគ្នារួចរាល់ហើយ គឺរង់ចាំតែការឆ្លើយតបពីភាគីចិន ដើម្បីឈានដល់ការចុះហត្ថលេខានាំចេញប៉ុណ្ណោះ។ លោក បញ្ជាក់ថា យ៉ាងយូរ១ ឬ២ខែទៀត កម្ពុជានឹងអាចនាំ និងមៀនប៉ៃលិន ទៅប្រទេសចិនបាន ខណៈការនាំចេញត្រីប្រា នឹងធ្វើឡើងដំណាលគ្នា។ 


 
លោក ថ្លែងដូច្នេះថា៖«ពាក់ព័ន្ធនឹងមៀនប៉ៃលិន ខ្ញុំពិបាកនឹងនិយាយថា យើងអាចនាំចេញបាននៅពេលណា ប៉ុន្តែ រហូតមកដល់ពេលនេះ ពិធីសារបច្ចេកទេសបានឯកភាពគ្នារួចអស់ហើយ ដោយរង់ចាំតែថ្ងៃយើងចុះហត្ថលេខាទេ។ អ៊ីចឹង ខ្ញុំគិតថា ក្នុងរយៈពេលយ៉ាងយូរ ១ឬ២ខែទៀត យើងសង្ឃឹមថា នឹងអាចនាំមៀន ទៅប្រទេសចិនបានហើយ។ ប៉ុន្តែ រឿងនេះ ក៏អាស្រ័យលើភាគីចិនដែរ ថាតើគេប្ដេជ្ញាជួយជំរុញ ការវាយតម្លៃឱ្យបានលឿនក្នុងកម្រិតណា»។  
 
Relate
 
លោក ងិន ឆាយ បន្ថែមថា ការនាំចេញផលិតកសិកម្មមួយមុខៗរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ពុំមែនជាការងាយនោះទេ គឺត្រូវឆ្លងការត្រួតពិនិត្យ និងវាយតម្លៃច្រើនដំណាក់កាល។ ដូច្នេះ ទាមទារឱ្យកសិករ និងអ្នកវិនិយោគអនុវត្តតាមស្ដងដារឱ្យបានត្រឹមត្រូវ។ ក្រៅពីការនាំចេញនាំចេញមៀនប៉ៃលិន និងត្រីប្រា កម្ពុជា គ្រោងចរចាឱ្យមានការនាំចេញបន្ថែមទៀតដូចជា ម្រេច ដូងក្រអូប ធុរេន និងទឹកមាត់ត្រចៀកកាំ៕    
 
 

Tag:
 ត្រីប្រា
  មៀនប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com