ជាតិ
កម្ពុជា និងអារ៉ាប៊ីសាអូឌីត ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យសក្តានុពលរវាងប្រទេសទាំងពីរ
18, Mar 2022 , 5:58 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរសៀលថ្ងៃទី១៨ ខែមីនា បានទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត នៅវិមានសន្តិភាព។ ភាគីទាំងពីរ បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលរវាងប្រទេសទាំងពីរ។



ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានសុំការគាំទ្រពីសម្តេច ហ៊ុន សែន ស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្តានុពល ដូចជាទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ កសិកម្ម ជាដើម ដោយបញ្ហាទាំងនេះ ព្រះអង្គបានពិភាក្សារួចហើយជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សមភាគីការបរទេសកម្ពុជា។



នាជំនួបនោះ សម្តេច ហ៊ុន សែន បានចាត់ទុកព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ថាជាការពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយសម្តេចក៏បានលើកទឹកចិត្តទឹកចិត្តឲ្យព្រះអង្គម្ចាស់ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាព និងសក្តានុពលដែលមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំផែនការសកម្មភាព និងជំរុញការអនុវត្តឲ្យបានជោគជ័យនាពេលខាងមុខ៕



© រក្សាសិទ្ធិដោយ thmeythmey.com