ជាតិ
សង្គមជាតិ
«ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាល» ប្រកាសនៅសប្តាហ៍ក្រោយ
19, Mar 2022 , 10:19 am        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
ភ្នំពេញ៖ ក្រសួងព័ត៌មានបានប្រកាសឲ្យដឹងថា កម្មវិធីប្រកាសពានរង្វាន់លើកទឹកចិត្តអ្នក​សារព័ត៌មាន​៥សម័យកាល (ពីទសវត្សរ៍៧០-២០១០) នឹងធ្វើឡើងនៅថ្ងៃទី​២៤ខែមិនាឆ្នាំ​២០២២ខាងមុខនេះ​នៅទីស្តីការក្រសួងព័ត៌មាន។ អ្នកសារព័ត៌មាន មន្រ្តីនៃក្រសួងព័ត៌មាន និងតំណាងក្រុមហ៊ុនមួយចំនួន​ត្រូវបានអញ្ជើញ​ឲ្យចូល​រួមក្នុងកម្មវិធីនោះផងដែរ។ នេះ គឺជាលើកទី១ហើយដែល​ក្រសួងព័ត៌មាន​ផ្តួច​ផ្តើម​​គំនិត​ និង​រៀបចំ​កម្មវិធី​នេះឡើង។


«នេះ គឺជាពានរង្វាន់លើកទឹកចិត្ត ឬជាពានរង្វាន់ដឹងគុណ»។ វាមិនមែនជា​ពានរង្វាន់​ជ្រើសរើស​អ្នក​សារព័ត៌មានឆ្នើមឡើយ»។ នេះ គឺជាគោលបំណងនៃការរៀប​ចំកម្មវិធីពានរង្វាន់លើក​ទឹកចិត្តនេះ​ឡើង។ ប៉ុន្តែទោះជាជាយ៉ាងនេះក្តី អ្នកសារព័ត៌មានដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីនេះ ក៏មាន​សមត្ថភាពខ្ពស់ដែរ។ 
 
អ្នកសារព័ត៌មានចំនួន១៤នាក់ ដែលត្រូវបានជ្រើសរើស នឹងទទួលបានពានរង្វាន់នេះនៅថ្ងៃទី​២៤ខែមិនាឆ្នាំ​២០២២នៅស្តីការក្រសួងព័ត៌មានពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន។ កម្មវិធី«ពានរង្វាន់​លើកទឹក​ចិត្ត​អ្នកសារព័ត៌មាន៥សម័យកាល»ត្រូវបានផ្តួចផ្តើមគំនិត និងរៀបចំដោយក្រសួងព័ត៌មាន រីឯ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ Thmeythmey.com និងសារព័ត៌មាន​ TNAOT គឺជាដៃគូ​សហការ​រៀបចំ។ 
 
ការជ្រើសរើសជ័យលាភីក្នុងកម្មវិធីនេះ ត្រូវបានធ្វើឡើងដោយសម្រិតសម្រាំង និងផ្អែកលើប្រវត្តិ​ការងារ​ ស្នាដៃការងារ សមត្ថភាព ការតស៊ូព្យាយាម គុណភាពការងារ និងការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍវិស័យ​សារព័ត៌មានដោយមិននឿយហត់រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ចៅក្រមចំនួន​៥​នាក់មកពីក្រុមហ៊ុនសារព័ត៌មាន មកពីតំណាងក្រសួងព័ត៌មាន និងមកពី​តំណាងក្លិបអ្នកកាសែត​​ជាអ្នក​ត្រួតពិនិត្យប្រវត្តិការងាររបស់ជ័យលាភីម្នាក់ៗ។ អ្នកសារព័ត៌មានដែលត្រូវបាន​ជ្រើសរើសតម្រូវឲ្យ​ជាបេក្ខជន​ ឬបេក្ខនារី ដែលបម្រើការឲ្យស្ថាប័ន​សារព័ត៌មានក្នុងប្រទេស និងជាជនជាតិខ្មែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com