ជាតិ
នរវិទូ អាំង ជូលាន ពន្យល់ពីជំនឿបញ្ជាន់អារក្ស ឬបញ្ចូលមេមត់ក្នុងសង្គមខ្មែរ
19, Mar 2022 , 2:39 pm        
រូបភាព
ភ្នំពេញ៖ ដ្បិតបច្ចុប្បន្ន ជំនឿបញ្ជាន់អារក្ស បានថមថយខ្លះ បើប្រៀបនឹងសម័យបុរាណក៏ពិតមែន ប៉ុន្តែជំនឿនេះនៅតែបន្តមានមកដល់សព្វថ្ងៃ  ពិសេសនៅខេត្តសៀមរាប។ ជំនឿបញ្ជាន់អារក្ស ធ្វើឡើងដើម្បីព្យាបាលជំងឺតាមបែបបុរាណ ឬគេបញ្ជាន់អារក្សដើម្បីរកសត្វស្រុក ដែលបានបាត់ជាដើម។


លោកនរវិទូ អាំង ជូលាន បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ ស្ដីពីជំនឿអមនុស្សចូលរូប និងជំនឿបញ្ជាន់អារក្ស។ លោកនរវិទូ ពន្យល់តាមអ្វីដែលលោកធ្លាប់ដឹងមកថា ការចូលរូបរបស់អមនុស្ស មានពីរប្រភេទ។ ប្រភេទទីមួយ អមនុស្សចូលជាលក្ខណៈខ្មោច ព្រាយ បីសាច។ បើអមនុស្សទាំងនេះ ចូលរូបមនុស្សណាហើយ នឹងបណ្ដាលឱ្យមនុស្សនោះនិយាយពាក្យផ្ដេសផ្ដាស។ ខ្មោចនោះទៀតសោត ចូលក្នុងរូបមនុស្សដោយឯកឯង។ ប្រភេទទីពីរ គឺអមនុស្សប្រភេទអារក្ស។ អមនុស្សប្រភេទនេះ ទាល់តែមានគេអញ្ជើញ ទើបចូលក្នុងរូបមនុស្សអ្នកកាន់(រូបស្នង)នោះ។ 
 
លោក អាំង ជូលាន ពន្យល់៖«អមនុស្សចូលរូបដែលខ្ញុំដឹងមានពីរ។ មួយគេហៅថាខ្មោចចូល មួយទៀតគេហៅថាបញ្ជាន់អារក្ស។ ជួនកាលគេថាមានខ្មោចចូលខ្លួនមនុស្សហ្នឹង ហើយនិយាយផ្ដេសផ្ដាស នោះគឺខ្មោចចូលដោយឯកឯង មិនដឹងខ្មោចព្រាយមកពីណាទេ។ មួយទៀតអារក្ស គឺជាអមនុស្សដែលត្រូវបានគេបញ្ចូល មានន័យថាគេអញ្ជើញឱ្យចូល។ ក្នុងតំបន់ខ្លះគេប្រើពាក្យបញ្ជាន់រូប»។
 
លោកនរវិទូ អាំង ជូលាន ពន្យល់អំពីជំនឿបញ្ជាន់អារក្សបន្ថែមថា អារក្សគឺជាខ្មោចឬអមនុស្ស ដែលគេកាន់តាមខ្សែក្នុងគ្រួសារ ជួននៅខ្សែឪពុក ជួននៅខ្សែម្ដាយ ដូច្នេះហើយទើបបានជាគេហៅថាខ្មោចជួរ ហើយអ្នកខ្លះគេហៅថាជួរជំបួរ។
 
បណ្ឌិត អាំង ជូលាន អះអាងថា កាលរូប(អ្នកស្នងរូប) មិនទាន់ដឹងថាខ្លួនគឺជារូបរបស់អារក្ស រូបនោះនៅធម្មតាទេ ប៉ុន្តែខ្មោចបានមកធ្វើឱ្យរូបនោះ ឈឺព្យាបាលយ៉ាងណាក៏មិនជា។ រូបនោះក៏ទៅរកគេ(អ្នកកាន់រូបផ្សេងទៀត)ឱ្យមើល ដើម្បីដឹងហេតុការ។ 
 
“គេហៅថារូប គឺមកពីមនុស្សនោះឱ្យរូបរបស់ខ្លួន ឱ្យទៅអមនុស្សចូល។ គេមើលទៅក៏ឃើញថា រូបនោះមានគេមកចង់ទំហើយ ទាល់តែគាត់សុខចិត្តធ្វើជារូបរបស់គេទើបជា។ ដល់អ៊ីចឹងទៅ អ្នកហ្នឹងបង្ខំខ្លួនទៅជាសុខចិត្ត ជាអំណស់តទៅ នឹងទៅជារូបរបស់អមនុស្សហ្នឹង»។ នេះជាការបញ្ជាក់របស់បណ្ឌិត អាំង ជូលាន។ 
 
បន្ថែមពីនោះ លោក អាំង ជូលាន ថាគេបញ្ជាន់ឬបញ្ចូលអារក្ស ព្រោះគេចង់ដឹងពីហេតុអ្វីមួយ។ ឧទាហរណ៍ថា មានមនុស្សម្នាក់ឈឺ ហើយព្យាបាលយ៉ាងណាក៏មិនជាសោះ សាច់ញាតិគិតថាខ្លាចមានហេតុអ្វីផ្សេង គេក៏ទៅបញ្ជាន់អារក្ស។ ជួនកាលក្នុងភូមិមានការបាត់គោឬក្របី គេមិនដឹងថាពួកវាទៅណា គេក៏ទៅបញ្ជាន់អារក្សដែរ។ 
 
លោក អាំង ជូលាន ពន្យល់បន្ថែម៖«មនុស្សខ្លួនឯងហ្នឹង ត្រូវការចរចា ត្រូវការពិភាក្សា ត្រូវការនិយាយឆ្លងឆ្លើយជាមួយអមនុស្ស ដូច្នេះគេធ្វើពិធីមួយ ដែលគេហៅថា បញ្ចូលឬបញ្ជាន់រូបនោះ។ អារក្សហ្នឹងចូលមកគេប្រាប់ថា ត្រូវរៀបចំបាយសី ស្លាធម៌ ឬអ្វីយ៉ាងណាមួយ តាមតែគេបញ្ជា ហើយត្រូវបញ្ជូនពែទៅទិសខាងនេះខាងនោះជាដើម។ បើគេបាត់គោឬក្របី គេទៅបញ្ជាន់អារក្ស ដើម្បីឱ្យដឹងថា សត្វទាំងនោះវាដើរទៅខាងណា»។ 
 
លោក អាំង ជូលាន បន្ថែមទៀតថា នៅពេលទៅបញ្ជាន់អារក្ស ឃើញថាអ្នកជំងឺនោះ ឈឺដោយហេតុយ៉ាងណាៗហើយ អ្នកជំងឺនោះសន្យាថា នឹងរៀបចំសែនឱ្យតាមបំណងអារក្ស ប្រសិនបើគេជា។ លុះមនុស្សនោះជាប្រាកដមែន គេក៏ធ្វើពិធីលៀងអារក្ស ដើម្បីជាការដឹងគុណអារក្ស គឺសែនគ្រឿងរណ្ដាប់តាមអ្វីដែលអារក្សប្រាប់។ 
 
ក្រៅតែពីការលៀងអារក្ស សម្រាប់មនុស្សម្នាក់ៗ ដែលបានទៅពឹងពរកអារក្សឱ្យបង្ហាញផ្លូវហើយ ក្នុងមួយឆ្នាំ ជាទូទៅអ្នកដែលមានប្រពៃណី ឬអ្នកមានអារក្សនៅប្រចាំខ្លួន(រូបស្នង) ឬប្រចាំគ្រួសារ ត្រូវធ្វើពិធីលៀងអារក្សម្ដងទៀត បើទោះបីជាអ្នកភូមិ មានបញ្ហាឬមិនមានបញ្ហាអ្វីក៏ដោយ។ លោកនរវិទូ អះអាងថា ការលៀងអារក្ស គេធ្វើតែនៅពេលយប់ប៉ុណ្ណោះ។
 
«អ្នកនៅខាងស្រុកប្រាសាទបាគង គេហៅថាលាងអារក្ស ចំណែកអ្នកខាងសៀមរាប គេហៅថាលៀងមេមត់។ លៀងអារក្សមួយឆ្នាំម្ដង គេធ្វើពិធីធំ មានអ្នកភូមិចូលរួម។ ហើយនៅខេត្តសៀមរាបមានផ្ទះអ្នកកាន់អារក្សច្រើន មួយយប់ផ្ទះអ្នកនេះធ្វើ មួយយប់ផ្ទះអ្នកនោះធ្វើ។ នៅខេត្តសៀមរាប គេច្រើនធ្វើនៅខែមាឃ។ លៀងអារក្សមានភ្លេងដើម្បីអន្ទងខ្មោចឱ្យចូលរូបមនុស្សនោះ មានធ្វើរោងផ្ទាល់ដី អស់ថវិកាដែរ ព្រោះគេធ្វើធំ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អាំង ជូលាន។
 
នរវិទូរូបនេះ ពន្យល់បន្ថែមចំពោះការលៀងអារក្សថា សម្រាប់អ្នកជឿ គេថាប្រសិនបើឆ្នាំណាមួយ ដែលមិនបានលៀងអារក្ស នោះម្ចាស់រូបដែលអារក្សកាន់អាចឈឺ ឬក៏មានកើតហេតុអ្វីមួយ។ ដូច្នោះមួយឆ្នាំត្រូវតែលៀងអារក្សម្ដង។ អ្នកស្នងរូបអារក្សភាគច្រើនជាស្រី មនុស្សប្រុសមានតិចតួច។ បើនៅខេត្តសៀមរាប ស្ទើរតែ១០ទាំង១០ គឺជាមនុស្សស្រី។ 
 
ពីមុនមកមានរូបរបស់អ្នកតាដែរ ហើយជួនកាលរូបអារក្សហ្នឹង អាចឱ្យអ្នកតាចូលដែរ ពេលគេឡើងអ្នកតា។ ប៉ុន្តែសព្វថ្ងៃនេះ ការដែលឡើងអ្នកតា ហើយមានបញ្ចូលរូប វាខ្សត់ខ្សោយ ច្រើនតែគេឧបកិច្ច អត់មានចូលរូបអីទៀតទេ។ បុន្តែបុណ្យមេមត់ គឺលៀងអារក្សនៅមានចូលរូបច្រើន ក្នុងខេត្តសៀមរាប នៅតំបន់អង្គរ។ ជាទូទៅអ្នកកាន់រូបអារក្ស មិនយករឿងនេះ ធ្វើរបររកស៊ីឡើយ ដោយអ្នកភូមិច្រើនតែទៅពឹងពរក ដោយមានតែទាន ធូប អង្ករ ឬបច្ច័យ(តាមតំបន់) បន្តិចបន្ដួច ទៅជូនរូបនោះប៉ុណ្ណោះ៕
 

Tag:
 វប្បធម៌
  ជំនឿ
  ទំនៀមទម្លាប់
  អារក្ស
  មេមត់
  អាំង ជូលាន
  នរវិទូ
© រក្សាសិទ្ធិដោយ thmeythmey.com