កីឡាជាតិ
ជាតិ
លោកវ៉ាត់ ចំរើន៖ សន្និសីទថ្នាក់ដឹកនាំស៊ីហ្គេមលើកទី៣១ នៅវៀតណាម ផ្តល់គន្លឹះសម្រាប់ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា
19, Mar 2022 , 3:54 pm        
រូបភាព
លោក វ៉ាត់ ចំរើន មានប្រសាសន៍អំពីកិច្ចប្រជុំទី១ រូបពីVDO របស់ Camsoc
លោក វ៉ាត់ ចំរើន មានប្រសាសន៍អំពីកិច្ចប្រជុំទី១ រូបពីVDO របស់ Camsoc
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC នៅថ្ងៃទី១៨ ខែមីនា បានលើកឡើងថា សន្និសីទថ្នាក់ដឹកនាំស៊ីហ្គេមលើកទី៣១ ធ្វើឱ្យកម្ពុជាទទួលបានព័ត៌មានច្រើន និងចំណុចពិសេសៗក្នុងដំណាក់កូវីដ-១៩ ដើម្បីត្រៀមលក្ខណៈសម្រាប់កម្ពុជា ក្នុងការរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣។


កិច្ចប្រជុំថ្នាក់ដឹកនាំស៊ីហ្គេមលើកទី៣១ ថ្ងៃទីមួយ បានរៀបចំឡើងនៅទីក្រុងហាណូយ វៀតណាម ក្នុងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ Intercontinental ក្នុងគោលបំណងបង្ហាញកិច្ចការ និងផែនការណ៍សម្រាប់អនុវត្ត ក្នុងអំឡុងពេលស៊ីហ្គេមលើកទី៣១ នៅវៀតណាម ។
 
ក្នុងកិច្ចប្រជុំនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃទីមួយនេះ ម្ចាស់ផ្ទះវៀតណាម បានប្រាប់ ពីបដិសណ្ឋារកិច្ច កន្លែងស្នាក់នៅ និងការហូបចុក សម្រាប់ប្រតិភូចូលរួម ក្នុងអំឡុងពេលប្រកួតស៊ីហ្គេម។ បើតាមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ការពិនិត្យលើទីកន្លែង និងផ្នែកបច្ចេកទេស ក៏ត្រូវបានបង្ហាញដែរ។
 
« យើងទទួលបានពត៌មានទាំងអស់ ដែលពាក់ព័ន្ធទៅនិង ការគ្រប់គ្រង និងដំណើរការអនុវត្តរៀបចំស៊ីហ្គេម ហើយទទួលបានការផ្លាស់ប្ដូរយោបល់គ្នា ជាពិសេសការថែរក្សាសុវត្ថិភាពកីឡាករ ក្នុងពេលប្រកួត ដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩» ។ លោក វ៉ាត ចំរើន បានបញ្ជាក់បែបនេះ។ 
 
កម្ពុជា បានបញ្ជូនប្រតិភូ ទៅសិក្សាស្វែងយល់ពីការរៀបចំប្រកួតស៊ីហ្គេមនេះ ក៏ដូចជាមន្ត្រីបច្ចេកទេស ក្នុងគោលដៅទទួលបានបទពិសោធន៍ សម្រាប់រៀបចំស៊ីហ្គេមនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ខាងមុខ។
 
គួរបញ្ជាក់ដែរថា កិច្ចប្រជុំមានតាមប្រព័ន្ធ Onlineផង និងដោយផ្ទាល់ផង ព្រោះប្រតិភូខ្លះ មិនអាចចូលរួមផ្ទាល់ ដោយសារបញ្ហាជំងឺកូវីដ-១៩ ។ កិច្ចប្រជុំនេះ បានផ្ដល់ផល និងផ្លែផ្កាដល់កម្ពុជាឱ្យទទួលបានព័ត៌មានជាក់លាក់ ស្ដីពីការរៀបចំ និងចូលរួមឱ្យបានល្អប្រសើរ ។ ម្ចាស់ផ្ទះវៀតណាម បានលើកទឹកចិត្ត ដល់ប្រទេសជាសមាជិក ចូលរួមចុះឈ្មោះឱ្យបានរួសរាន់ ដោយពន្យារពេលចុះឈ្មោះលើវិញ្ញាសាកីឡា ដល់ថ្ងៃទី៣១ ខែមីនា ហើយសង្ឃឹមថាប្រទេសទាំងអស់ នឹងចូលរួមជ្រោមជ្រែងឱ្យស៊ីហ្គេមនៅវៀតណាមសម្រេចបានដោយជោគជ័យ៕
 

Tag:
 សីហ្គេម
  វ៉ាត ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com