ជាតិ
លោក ផៃ ស៊ីផាន៖«យុវជនត្រូវពង្រឹងសមត្ថភាព កុំចាំអ្នកវិនិយោគបរទេសជិះយន្តហោះមក ហើយទៅសុំការងារគេធ្វើ»
19, Mar 2022 , 7:39 pm        
រូបភាព
ភ្នំពេញ៖«យុវជនត្រូវពង្រឹងសមត្ថភាព កុំចាំអ្នកបណ្ដាក់ទុនបរទេសជិះយន្តហោះមក ហើយទៅសុំការងារគេធ្វើ»។ នេះជាការលើកឡើងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ឆ្លើយតបទៅអ្នកសារព័ត៌មានដែរសួរថា ហេតុអ្វីបានជាយុវជនកម្ពុជា មិនសូវយកចិត្តទុកលើវិស័យកសិកម្ម?

 
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ និងចិន» កាលពីថ្ងៃទី១៨មីនា ឆ្នាំ២០២២ លោក ផៃ ស៊ីផាន ថ្លែងថា វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់រហូតដល់២០ភាគរយ នៃផលិតសរុបរបស់ជាតិ ដូច្នេះ លោក ចង់ឃើញយុវជនដែលកំពុងសិក្សាលើជំនាញកសិកម្មពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង កុំពឹងផ្អែកទៅលើអ្នកវិនិយោគបរទេស។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ មានប្រសាសន៍ដូច្នេះថា៖«កសិកម្ម គឺជាវិស័យស្នូលរបស់កម្ពុជា ដូច្នេះ ខ្ញុំសូមឱ្យយុវជនទាំងអស់យកចិត្តទុកដាក់ ព្រោះកសិកម្មនេះ យើងអាចរកចំណូលបានខ្ពស់ ហើយយើងកុំរង់ចាំរហូតដល់អ្នកបណ្ដាក់ទុនពីបរទេសជិះយន្តហោះមក ហើយយើងទៅការងារគេធ្វើនោះទេ។ អ៊ីចឹង ខ្ញុំចង់ឱ្យយើងមានលទ្ធភាពធ្វើអ្វីបន្តទៀត»។ 
 
លោក បញ្ជាក់ថា រដ្ឋាភិបាលកំពុងស្វះស្វែងរកដៃគូ និងការគាំទ្រផ្សេង ដើម្បីជំរុញវិស័យកសិកម្មឱ្យដើរទៅមុខ ខណៈ បច្ចុប្បន្ន ក៏មានយន្តការអប់រំ ជារបៀបវិទ្យាសាស្រ្ត និងបច្ចេកទេសនៅតាមសាលាកសិកម្មផ្សេងៗផងដែរ។ 
 
ចំណែក លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្មក្រសួងកសិកម្ម បានបញ្ជាក់ថា ការងារលើវិស័យកសិកម្មមានច្រើន ដោយយុវជនអាចធ្វើការងារជាមួយវិស័យឯកជន សារធារណៈ និងដៃគូអភិវឌ្ឍផ្សេងៗ ហើយនិស្សិតដែលសិក្សាជំនាញកសិកម្ម ក៏អាចបើកកសិដ្ឋាន ឬអាជីវកម្មដោយខ្លួនឯងផងដែរ។ 
 
មន្រ្តីជាន់ខ្ពស់របស់ក្រសួងកសិកម្មរូបនេះ អះអាងដូច្នេះថា៖«ក្រសួងកសិកម្ម បានបញ្ជូននិស្សិតជាច្រើនទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ហើយនៅពេលពួកគាត់មកវិញ និស្សិតខ្លះគាត់អត់មកធ្វើការជាមួយរដ្ឋទេ តែគាត់អាចទៅធ្វើការជាមួយក្រុមហ៊ុន គាត់អាចបង្កើតជាសេវាផ្ដល់បច្ចេកទេសដល់សហគមន៍កសិករ ឬក៏និស្សិតមួយចំនួន ក៏គាត់អាចបើកអាវកម្មខ្នាតតូចដោយខ្លួនឯង។ ដូច្នេះ សមត្ថភាពពិតប្រាកដ គឺជាការកំណត់ការងារ ក៏ដូចជាអនាគត់របស់ពួកគេ អ៊ីចឹង បើនិស្សិតគាត់មានសមត្ថភាព មិនខ្វះទេការងារ»។
 
ជាមួយគ្នានេះ លោក បានអំពាវនាវដល់និស្សិតដែលបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ត្រូវពង្រឹងសមត្ថភាព  និងយកចំណេះជំនាញទៅអភិវឌ្ឍវិស័យកសិកម្មឱ្យរីកចម្រើនដូចបណ្ដាប្រទេសជឿនលឿនមួយចំនួន៕ 
 
 

Tag:
 លោក ផៃ ស៊ីផាន
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com