ជាតិ
សេដ្ឋកិច្ច
លោក កាំង ម៉ូនីកា៖ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ជាផែនទីបង្ហាញផ្លូវអនាគត
19, Mar 2022 , 9:39 pm        
រូបភាព
កម្មកររោងចក្រ កំពុងធ្វើការ។ រូបពីក្រសួងព័ត៌មាន
កម្មកររោងចក្រ កំពុងធ្វើការ។ រូបពីក្រសួងព័ត៌មាន
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឱ្យអនុវត្ត «យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧» ជាផ្លូវការ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

 
លោក កាំង ម៉ូនីកា បានលើកឡើងថា គោលនយោបាយយុទ្ធសាស្រ្តនេះ ជាផែនទីបង្ហាញផ្លូវមួយ សម្រាបវិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជា។ អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា( GMAC) បានផ្ដល់បទសម្ភាស៍ដល់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដៃនៅព្រឹកថ្ងៃទី១៨ ខែមីនាថា៖ «គោលនយោបាយយុទ្ធសាស្រ្ត អាចជួយឱ្យមាននិរន្តរ៍ភាព ជួយឱ្យមានការរីកចម្រើនលើការនាំចេញ និងជួយធ្វើឱ្យមានការប្រែប្រួលជារចនាសម្ព័ន្ធសម្រាប់វិស័យទាំងនោះទៅថ្ងៃខាងមុខ ហើយវាក៏ជាផែនទីបង្ហាញផ្លូវសម្រាប់យើងដើរផងដែរ»។
 
លោក កាំង ម៉ូនីកា បានបញ្ជាក់ទៀតថា ការនាំចេញសម្លៀកបំពាក់កម្ពុជាក្នុងឆ្នាំ២០២១ មានចំនួន ៨០១៧លានដុល្លារ ដែលមានការកើនឡើងប្រហែល ១០ភាគរយ បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះការនាំចេញស្បែកជើងមានចំនួន ១៣៩០លានដុល្លារ និងការនាំចេញកាបូបមានចំនួន ១៤៩០លានដុល្លារ។ 
បច្ចុប្បន្ន GMAC មានសមាជិករោងចក្រកាត់ដេរប្រមាណ ៤៦០រោងចក្រ ផលិតស្បែកជើងមានចំនួន ១២០រោងចក្រ និងកាបូបមានជាង ១១០រោងចក្រ។
 
ពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧នេះ នឹងធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលមានការចូលរួមពីថ្នាក់ដឹងនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូត ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល សមាគមធុរកិច្ច និងវិស័យឯកជន។
 
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា៖ « រាជរដ្ឋាភិបាលកម្ពុជាភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧ សំដៅកំណត់នូវចក្ខុវិស័យរួម ដើម្បីបន្តពង្រឹង និងលើកម្ពស់ការអភិវឌ្ឍវិស័យនេះ ស្របតាមបរិការណ៍កម្ពុជា ដែលស្ថិតក្នុងស្ថានភាពទ្វេទិស មានទាំងបញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួល យ៉ាងឆាប់រហ័ស នៃនិម្មាបនកម្មតំបន់ និងពិភពលោក។ ជារួមចក្ខុវិស័យ គឺការអភិវឌ្ឍវិស័យនេះ ឱ្យទៅជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថាន មានភាពធន់ ,មានតម្លៃបន្ថែម ,ផ្ដោតទៅលើផលិតផលថ្លៃ និងមានលក្ខណៈពិសេស ,មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច»៕
 
 
 

Tag:
 វិស័យកាត់ដេរ
  កាំង ម៉ូនីកា
© រក្សាសិទ្ធិដោយ thmeythmey.com