ជាតិ
លោក ហ៊ុន ម៉ានី ឱ្យគ្រួសារ សសយក បន្តថែរក្សាសមិទ្ធផលថ្នាក់ដឹកនាំជំនាន់មុន
19, Mar 2022 , 10:19 pm        
រូបភាព
សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានជំរុញឱ្យគ្រួសារ សសយក បន្តចូលរួមថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន និងកសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត សម្រាប់យុវជនជំនាន់ក្រោយ។

 
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល សសយក នាខេត្តសៀមរាប នៅថ្ងៃទី១៩ មីនា ឆ្នាំ២០២២ ប្រធាន សសយក លោក ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ដល់គ្រួសារ សសយក បន្តបំផុសស្មារតី និងឆន្ទៈយុវជន ក៏ដូចជាប្រជាជន ឱ្យចូលរួមបម្រើ និងការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសន្ដិភាព និងសុខដុមរមនារបស់កម្ពុជា។ លោក ហ៊ុន​ ម៉ានី ចង់ឃើញយុវជនចូលរួមអស់ពីសមត្ថភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន ហើយខំកសាងសមិទ្ធផលថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ដោយរួមគ្នាបង្កើនមោទកជាតិ ប្រែក្លាយជាសង្គមដ៏រស់រវើកមួយ។
 


ទៅកាន់គណៈកម្មាធិការកណ្ដាលប្រមាណជាង៥០០នាក់ នៅសណ្ឋាគារសុខាសៀមរាប លោក ហ៊ុន ម៉ានី បានចាត់ទុកកិច្ចប្រជុំនៅពេលនេះ គឺស្របពេលដែលកម្ពុជាសម្រេចបើកប្រទេសឡើងវិញ ក្រោយជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ តាមរយៈយុទ្ធសាស្រ្ដស្រោចវ៉ាក់សាំងដល់ពលរដ្ឋឥតគិតថ្លៃ និងមានភាពសុំាំក្នុងសហគមន៍។ ជាមួយគ្នានោះ វាក៏ឆ្លុះបញ្ចាំងឱ្យសាធារជនទាំងជាតិ និងអន្តរជាតិ បានឃើញសមិទ្ធផលថ្មីៗនៅលើទឹកដីបេតិកភណ្ឌសៀមរាប ក្រោយរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធថ្មីអស់ជាងមួយឆ្នាំមកនេះ។ 
 



ក្រៅពីការចូលរួមការងារសង្គមយ៉ាងសកម្ម និងសមិទ្ធផលដែលសម្រេចបានកន្លងមក លោក ហ៊ុន ម៉ានី យល់ថា ក្រោមម្លប់សន្ដិភាព គ្រួសារ សសយក ត្រូវដកពិសោធន៍ពីដំណើរនៃប្រវត្តិសាស្រ្ដកម្ពុជា ដែលក្លាយជាប្រទេសមានសង្រ្គាម ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថល ដោយកសាងសង្គមមួយដែលប្រកបដោយប្រជាជនទំនើប។ 
 
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការកណ្ដាលរបស់ សសយក រៀបចំរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៨ មីនា តទៅ។ កិច្ចប្រជុំនេះ ក៏មានការពិភាក្សាលើក្រុមតូចៗលើប្រធានបទសំខាន់ចំនួន៣ គឺការរៀបចំរចនាសម្ព័ន្ធ សសយក ថ្នាក់ឃុំ សង្កាត់ ការកៀរគរយុវជនចូលរួម សសយក និងយុវជនក្នុងបុព្វហេតុជាតិ និងការអភិវឌ្ឍអនាគត អភិវឌ្ឍដោយចីរភាព៕
 
 
 
 
 

Tag:
 សសយក
  ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com