ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើឲ្យអភិបាលរាជធានី-ខេត្ត បញ្ជូនមន្រ្តីចុះពិនិត្យតាមហ្ការ៉ាស់សាំង ដើម្បីកុំឲ្យលក់សាំងលើសតម្លៃ
19, Mar 2022 , 4:52 pm        
រូបភាព
ភ្នំពេញ៖ លោក ប៉ាន់ សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មស្នើឲ្យអភិបាលរាជធានី-ខេត្ត ជួយធ្វើអន្តរាគមន៍លើដេប៉ូណា ដែលលក់ប្រេងឥន្ធនៈលើសថ្លៃកំណត់ និងផ្អាកការលក់រាយ។ លោករដ្ឋមន្រ្តី ពិនិតិ្យឃើញថា មានដេប៉ូខ្លះលក់សាំងលើសតម្លៃកំណត់ និងផ្អាកលក់រាយដើម្បីទុកលក់នៅពេលតម្លៃឡើង។



លោក ប៉ាន់ សូរស័ក្ដិ អះអាងថា ក្រសួងពាណិជ្ជកម្ម បានប្រជុំបន្ទាប់ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាលក់ប្រេងឥន្ធនៈលើសតម្លៃ ហើយម្ចាស់ដេប៉ូខ្លះផ្អាកលក់រាយដើម្បីទុកលក់ពេលឡើងថ្លៃ។ ការប្រជុំនេះ គឺដើម្បីការពារកុំឲ្យបាតុភាពកើតឡើង ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ធនៈ។

ក្នុងលិខិតជម្រាបទៅ អភិបាលរាជធានី-ខេត្ត ចុះថ្ងៃទី១៦មីនា ឆ្នាំ២០២២ រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ស្ថានីយ៍លក់ប្រេងឥន្ធនៈនៅកណ្ដាលរាជធានីភ្នំពេញ បណ្ដាទីរួមខេត្តនិងទីរួមស្រុក គឺបន្តលក់ធម្មតា ប៉ុន្តែ ដេប៉ូស្ថានីយ៍ប្រេងឥន្ធនឯកជនមួយចំនួន ដែលភាគច្រើននៅតាមដងផ្លូវក្រៅពីទីរួមខេត្តនិងស្រុក បានផ្អាកការលក់រាយ ហើយមួយចំនួនទៀតឡើងថ្លៃមុនការកំណត់។

លោក ប៉ាន់ សូរស័ក្ដិ បានស្នើទៅអភិបាលរាជធានី-ខេត្តយ៉ាងដូច្នេះថា៖«មេត្តាចាត់មន្រី្តថ្នាក់ស្រុក ឬថ្នាក់មូលដ្ឋានចូលរួមពិនិត្យ និងជួយជំរុញឲ្យដេប៉ូស្ថានីយ៍ប្រេងឥន្ធនៈឯកជនទាំងនោះ អនុវត្តតាមគោលការណ៍ច្បាប់…»។

ជាមួយគ្នាដែរ ក្រសួងពាណិជ្ជកម្ម ក៏បានសុំគោលការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល កំណត់តម្លៃប្រេងឥន្ធនៈក្នុងរយៈពេល១០ថ្ងៃម្ដង ខណៈកាលពីមុន កំណត់ក្នុងរយៈពេល១៥ថ្ងៃម្តង៕

អត្ថបទទាក់ទង
 

Tag:
 ប្រេងសាំង
© រក្សាសិទ្ធិដោយ thmeythmey.com