ជាតិ
សង្គមជាតិ
សៀវភៅស្តីពីលោក ឃីម សុខហេង នឹងចេញផ្សាយជា​៤ភាសាក្នុងពេលឆាប់ៗខាងមុខនេះ
20, Mar 2022 , 11:14 am        
រូបភាព
ភ្នំពេញ៖ អនុស្សាវរីយ៍ ការសប្បាយ ការឈឺចាប់ រឿងរ៉ាវតស៊ូក្នុងភាពក្រីក្រ រឿងរ៉ាវស្នេហា ជីវិតជំនួញ ភាពជោគជ័យ ការចែករំលែក សកម្មភាពមនុស្សធម៌…។ ទាំងអស់នេះ គឺជាសាច់រឿងដែលត្រូវបានរំលេចនៅក្នុងសៀវភៅ​កម្រាស់ជាង​២០០ទំព័រ ជាភាសាខ្មែរ បារាំង អង់គ្លេស និងភាសាចិន។ ជាបុគ្គលដែលផ្តល់តម្លៃខ្លាំងលើចំណេះវិជ្ជា និងប្រើប្រាស់ចំណេះវិជ្ជា​ដើម្បី​​ចាកចេញ​ពីរណ្តៅនៃ​ភាព​ក្រីក្រ លោក ឃីម សុខហេង ចង់ចែក​រំលែក​បទពិសោធន៍ជីវិត និងការ​តស៊ូក្នុង​នាមជា​កូនកសិករទៅកាន់យុវជនដទៃ​ទៀតតាម​រយៈសៀវ​ភៅរបស់លោក។


កើតក្រោយជំនាន់ប៉ុលពត ពោលនៅដើមទសវត្សរ៍៨០ លោក ឃីម សុខហេង បាន​ចំណាយ​ពេលដ៏ច្រើនធ្វើការនៅតាមវាលស្រែក្រោមកម្តៅថ្ងៃ និងដំណក់ទឹកភ្លៀង​ មុននឹង​ក្លាយ​ទៅជាបុគ្គលអន្តរជាតិម្នាក់។ «ជីវិតពីគ្មានស្បែកជើងពាក់ត្រឹមត្រូវក្នុងវាលស្រែ ប្រែមក​ជាវា​គ្មិននៅលើវេទិកាអន្តរជាតិ»។ នេះ គឺជាដំណើរជីវិតដ៏វែងឆ្ងាយរបស់លោក ឃីម សុខហេង ជា​កូន​កសិករ​ក្រីក្រ​កើតនៅ​ក្នុង​ខេត្តព្រៃវែង ដែលជាខេត្តមួយ​ធ្លាប់ក្រីក្រ​យ៉ាងខ្លាំងនៅក្នុង​ប្រទេស​កម្ពុជា។ 
 
អ្នកនិពន្ធជនជាតិបារាំងលោក Pierre Gillette អតីតនិពន្ធនាយកសារព័ត៌មានបារាំង Cambodge Soir និងលោក គី សុខលីម សហស្ថាបនិកនៃ​សារព័ត៌មាន​អេឡិចត្រូ​និកថ្មីៗ​(Thmeythmey.com) ជាភាសាខ្មែរ និង ​Cambodianess.com ជាភាសាអង់គ្លេស បានពន្យល់ថា បើនិយាយ​ពីបរិបទ​នៅក្នុងប្រទេសកម្ពុជា និង​ស្ថានភាពប្រទេសកម្ពុជា ក្រោយរបបប៉ុលពត តួអង្គដែល​មាន​ដំណើរជីវិតលំបាកលំបិន​ស្រដៀងលោក ឃីម សុខហេង អាចមាន​ចំនួន​ច្រើននាក់។ ប៉ុន្តែ លោកមាន​លក្ខណៈពិសេស​ផ្សេង​ដែល​អនុញ្ញាតឲ្យអ្នកនិពន្ធ​សម្រេចចិត្ត​លើកយកតួ​អង្គរបស់​គាត់មកធ្វើជាតំណាងឲ្យយុវជន​ដទៃទៀតដែលកើត​ក្រោយជំនាន់​ប៉ុលពត ហើយបាន​តស៊ូឆ្លង​កាត់​ឧបសគ្គ​ជាច្រើន​ទម្រាំរូបលោកបាន​ឈានមកដល់​​ដំណាក់​កាល​​មួយប្រសើរជាងមុន ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ 
 
សៀវភៅជាង២០០ទំព័រនេះ និយាយពីជីវិតកុមារភាពរបស់លោក ឃីម សុខហេង ដែល​មានឪពុក​ម្តាយជាអ្នកមិនសូវមានចំណេះ និងក្រីក្រនៅក្នុងខេត្តព្រៃវែង។ តស៊ូសិក្សារៀនសូត្រ​ជាមួយក្តីសង្ឃឹមជានិច្ច ហើយនៅទីបញ្ចប់ តាមរយៈចំណេះវិជ្ជា លោក ឃីម សុខហេង បានប្រែ​ក្លាយជីវភាព​ក្រីក្ររបស់​លោកឲ្យទៅជាគ្រួសារធូរធាក្នុងសង្គមបច្ចុប្បន្ន។ សៀវភៅ​មួយក្បាលនេះ ទាំងតួអង្គលោកផ្ទាល់ ទាំងអ្នកនិពន្ធ ចង់បង្ហាញថា ទោះក្រីក្រយ៉ាងណា ទោះលំបាក​យ៉ាងណា ទោះបុគ្គលនោះមកពីប្រភពណាក៏ដោយ ឲ្យតែមានការអំណត់ ការតស៊ូព្យាយាម គង់តែថ្ងៃណាមួយ បុគ្គលនោះ អាចចាកចេញពីរណ្តៅនៃភាពក្រីក្រ។ 
 
ជាបុគ្គលដែលផ្តល់តម្លៃខ្លាំងលើចំណេះវិជ្ជា និងប្រើប្រាស់ចំណេះវិជ្ជា​ដើម្បី​​ចាកចេញ​ពីភាព​ក្រីក្រ លោក ឃីម សុខហេង ចង់ចែករំលែកបទពិសោធន៍ជីវិត និងការ​តស៊ូក្នុង​នាមជា​កូន​កសិករ​ទៅកាន់យុវជនដទៃទៀតតាមរយៈសៀវភៅរបស់លោក។ លោក ឃីម សុខហេង ផ្សង​ព្រេង«​ស្មុំ»ចំណេះពីមនុស្សគ្រប់គ្នានៅជុំវិញខ្លួនគាត់​ក្នុងគ្រាលំបាក រួចហើយ​ប្រើប្រាស់​ចំណេះរបស់ខ្លួនដើម្បីចែករំលែក​ និង​​ដើម្បីបង្កើតប្រាក់កាស​សម្រាប់​គ្រួសារ និងសហគមន៍។ 
 
ក្រៅពីដំណើរជីវិតតស៊ូក្នុងការសិក្សា សៀវភៅដដែលនេះ ក៏និយាយផងដែរ​ពីចំណុច​ចាប់​ផ្តើមនៃសេចក្តីសេ្នហា​របស់លោកក្នុងវ័យ​សិក្សាជាមួយភរិយាលោកសព្វថ្ងៃ។  
 
លោក នួន សុថេរ៉ូ និងលោក កៃ គីមសុង សហស្ថាបនិកនៃ​ក្រុមហ៊ុនបោះ​ពុម្ពផ្សាយសៀវភៅ​លោក ឃីម សុខហេង Amazadia Education បានបញ្ជាក់ថា សៀវភៅ​ស្តីពីដំណើរ​ជីវិត​តស៊ូរបស់លោក ឃីម សុខហេង មិនត្រឹមតែ​ចង់ចែករំលែកទៅកាន់អ្នកអានជាជនជាតិខ្មែរទេ តែទៅកាន់ជនជាតិដទៃ តាមរយៈភាសាចិន បារាំង និងអង់គ្លេស៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com