អន្តរជាតិ
កាណាដាផ្តល់ការស្នាក់នៅបណ្តោះអាសន្នចំនួន៣ឆ្នាំដល់ពលរដ្ឋអ៊ុយក្រែន
20, Mar 2022 , 3:19 pm        
រូបភាព
ដោយ: VOA
រដ្ឋាភិបាលកាណាដា បានបង្កើតកម្មវិធីជនអន្តោប្រវេសន៍ថ្មីមួយ ដែលនឹងផ្តល់ការអនុញ្ញាតដល់ពលរដ្ឋអ៊ុយក្រែនដែលបានរត់គេចពីការវាយប្រហាររបស់កងទ័ពរុស៊្សីអាចស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកាណាដារហូតដល់៣ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។


កាណាដាដែលមានសហគមន៍ជនជាតិអ៊ុយក្រែនរស់នៅដ៏ច្រើននោះជាពិសេសនៅផ្នែកកណ្តាលនិងភាគខាងលិចប្រទេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ពលរដ្ឋអ៊ុយក្រែននិងសមាជិកក្រុមគ្រួសារផ្ទាល់របស់គេ អាចរស់នៅជាបណ្តោះអាសន្នក្នុងប្រទេសកាណាដាបានក្នុងរយៈពេលរហូតដល់៣ឆ្នាំ»។
 
អ្នកចង់មករស់នៅបណ្តោះអាសន្ននេះតម្រូវឲ្យដាក់ពាក្យសុំតាមប្រព័ន្ធអនឡាញដោយភ្ជាប់ជាមួយស្នាមមេដៃនិងរូបថតមួយសន្លឹកផងដែរ។
 
ទន្ទឹមនឹងនេះដែរ ជនភៀសខ្លួនអ៊ុយក្រែនទាំងនេះក៏អាចដាក់ពាក្យសុំការងារធ្វើនិងសិក្សានៅក្នុងប្រទេសកាណាដាផងដែរ។
 
តាមតួលេខរបស់អង្គការសហប្រជាជាតិដែលបានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានមនុស្សប្រមាណជាង៣លាននាក់បានរត់គេចចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការចូលឈ្លានពានដ៏ប្រល័យរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ជាងពាក់កណ្តាលចំនួនមនុស្សទាំងនោះ បានរត់គេចទៅកាន់ប្រទេសប៉ូឡូញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com