ជាតិ
សង្គមជាតិ
គណៈមេធាវី នឹងចាត់វិធានការច្បាប់លើបុរសម្នាក់ ដែលកាត់តសញ្ញាបត្រ យកទៅសុំធ្វើជាមេធាវី
20, Mar 2022 , 3:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង
រូបពីទំព័រហ្វេសប៊ុករបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង
គណៈមេធាវីកម្ពុជា កំពុងធ្វើអធិការកិច្ចលើករណីបុរសម្នាក់ ដែលប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ យកទៅសុំប្រកបវិជ្ជាជីវៈមេធាវី ហើយប្រកាសចាត់វិធានការផ្លូវច្បាប់សមស្របលើរូបគេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវីកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។



បុរសរូបនោះ បានយកសញ្ញាបត្រមួយសន្លឹក ទៅសុំចូលប្រកបវិជ្ជាជីវៈមេធាវី។ សញ្ញាបត្ររបស់បុរសនោះ បង្ហាញថា រូបគេ កើតក្នុងឆ្នាំ១៩៩៥ ហើយបានរៀនចប់បរិញ្ញាបត្រផ្នែកនីតិសាស្រ្ត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។ សញ្ញាបត្ររបស់គេ ចុះកាលបរិច្ឆេទនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានត្រា ហត្ថលេខា និង ឈ្មោះរបស់លោកបណ្ឌិត ហោ ប៉េង ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។
  
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានសរសេរលិខិតមួយច្បាប់ ចុះថ្ងៃទី៤ មីនា ឆ្នាំ២០២២ ទៅកាន់លោក ហោ ប៉េង ដើម្បីសុំឲ្យបញ្ជាក់ថា តើបុរសខាងលើ ពិតជាបានរៀនចប់ផ្នែកនីតិសាស្រ្តពីសាកលវិទ្យាល័យជាតិគ្រប់គ្រងមែនដែរឬទេ។ 
 
ចម្លើយដែលទទួលបាន គឺបុរសនោះ មិនមានឈ្មោះទទួលបានសញ្ញាបត្រផ្នែកនីតិសាស្រ្តនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឡើយ។ លោក ព្រហ្ម សុផាន់ណា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាអ្នកឆ្លើយតបទៅលោក លី  ច័ន្ទតុលា តាមរយៈលិខិតចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។ 
 
ក្នុងសេចក្តីប្រកាសព័ត៌មាន គណៈមេធាវី ជម្រាបជូនសាធារណជនដូច្នេះថា៖«ចំពោះការដាក់ពាក្យសុំចូលប្រកបវិជ្ជាជីវៈមេធាវី ដើម្បីធានាភាពត្រឹមត្រូវស្របច្បាប់ និងជៀសវាងការក្លែងបន្លំសញ្ញាបត្រ ឯកឧត្តម លី ច័ន្ទតុលា តែងតែធ្វើលិខិតសុំការបញ្ជាក់អំពីសញ្ញាបត្ររបស់បេក្ខជន ជាមួយគ្រឹះស្ថានអប់រំ ដែលបានចេញសញ្ញាបត្រនោះ»៕ 
 

Tag:
 មេធាវី
  បន្លំសញ្ញាបត្រ
© រក្សាសិទ្ធិដោយ thmeythmey.com