ជាតិ
សង្គមជាតិ
តើហេតុអ្វីបានជាអ្នកនិពន្ធមួយក្រុមសរសេរសៀវភៅពីលោក ឃីម សុខហេង?
20, Mar 2022 , 4:19 pm        
រូបភាព
ភ្នំពេញ៖ តើបុគ្គល ឃីម សុខហេង មានលក្ខណៈពិសេសកម្រិតណា? តើគាត់ជា​បុគ្គល​ជោគ​ជ័យ​មែនឬទេ? តើគាត់មានអាជីព និងជំនាញអ្វីខ្លះពិតប្រាកដ? តើគាត់ជាបុគ្គល​កើត​ក្នុង​គ្រួសារ​ក្រីក្រ ឬ ក្នុងត្រកូល​ខ្ពង់ខ្ពស់? តើហេតុអ្វីបានជា​អ្នកនិពន្ធ​លើកយកតួ​អង្គគាត់មក​សរសេរ?


សៀវភៅដែលមានកម្រាស់ជាង​២០០ទំព័រនិយាយពីខ្សែជីវិតតស៊ូ និងជំនួញរបស់លោក ឃីម សុខហេង នឹងចេញផ្សាយនៅក្នុងពេលឆាប់ៗខាងមុខនេះ។ អ្នកនិពន្ធជនជាតិបារាំងលោក Pierre Gillette អតីតនិពន្ធនាយកសារព័ត៌មានបារាំង Cambodge Soir និងលោក គី សុខលីម សហស្ថាបនិកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey.com) បានពន្យល់ថា បើនិយាយ​ពីបរិបទ​នៅក្នុងប្រទេសកម្ពុជា និង​ស្ថានភាពប្រទេសកម្ពុជា ក្រោយរបបប៉ុលពត តួអង្គដែល​មាន​ដំណើរជីវិតលំបាកលំបិន​ស្រដៀងលោក ឃីម សុខហេង អាចមានចំនួនច្រើននាក់។ ប៉ុន្តែ លោកមានលក្ខណៈពិសេសដែល​អនុញ្ញាតឲ្យអ្នកនិពន្ធ​សម្រេចចិត្ត​លើកយកតួ​អង្គរបស់​គាត់មកធ្វើជាតំណាងឲ្យយុវជនដទៃទៀតដែលកើតក្រោយជំនាន់ប៉ុលពត ហើយបាន​តស៊ូឆ្លង​កាត់​ឧបសគ្គជាច្រើនទម្រាំរូបលោកបានឈានមកដល់​ដំណាក់កាលមួយប្រសើរ​ជាងមុន។ 
 
សៀវភៅជាង២០០ទំព័រនេះ និយាយពីជីវិតកុមារភាពរបស់លោក ឃីម សុខហេង ដែល​មានឪពុក​ម្តាយជាអ្នកមិនសូវមានចំណេះ និងក្រីក្រនៅក្នុងខេត្តព្រៃវែង។ តស៊ូសិក្សារៀនសូត្រ​ជាមួយក្តីសង្ឃឹមជានិច្ច ហើយនៅទីបញ្ចប់ តាមរយៈចំណេះវិជ្ជា លោក ឃីម សុខហេង បានប្រែក្លាយជីវភាព​ក្រីក្ររបស់​លោកឲ្យទៅជាគ្រួសារធូរធាក្នុងសង្គមបច្ចុប្បន្ន។
 
ជាបុគ្គលដែលផ្តល់តម្លៃខ្លាំងលើចំណេះវិជ្ជា និងប្រើប្រាស់ចំណេះវិជ្ជា​ដើម្បី​​ចាកចេញ​ពីភាព​ក្រីក្រ លោក ឃីម សុខហេង ចង់ចែករំលែកបទពិសោធន៍ជីវិត និងការ​តស៊ូក្នុង​នាមជា​កូនកសិករទៅកាន់យុវជនដទៃទៀតតាមរយៈសៀវភៅរបស់លោក។ លោក ឃីម សុខហេង ដែលធ្លាប់ជានិស្សិតនៃសកលវិទ្យាល័យបញ្ញាសាស្រ្តផងដែរនោះ បានផ្សងព្រេង​«ស្មុំ»ចំណេះ​ក្នុងគ្រាលំបាក រួចហើយប្រើប្រាស់ចំណេះរបស់ខ្លួនដើម្បីចែករំលែក​ និង​​ដើម្បី​បង្កើត​ប្រាក់​សម្រាប់គ្រួសារ និងសហគមន៍។ ក្រៅពីដំណើរជីវិតតស៊ូក្នុងការសិក្សា សៀវភៅដដែលនេះ ក៏និយាយផងដែរពីចំណុចចាប់ផ្តើមនៃសេចក្តីសេ្នហា​របស់លោកក្នុងវ័យ​សិក្សាជាមួយភរិយា​លោកសព្វថ្ងៃ។ 
 
«ជីវិតពីគ្មានស្បែកជើងពាក់ត្រឹមត្រូវក្នុងវាលស្រែ ប្រែមក​ជាវា​គ្មិននៅលើវេទិកាអន្តរជាតិ»។ នេះ គឺជាដំណើរជីវិតដ៏វែងឆ្ងាយរបស់លោក ឃីម សុខហេង ជា​កូន​កសិករ​ក្រីក្រ​កើតនៅ​ក្នុង​ខេត្តព្រៃវែង ដែលជាខេត្តមួយ​ធ្លាប់ក្រីក្រ​យ៉ាងខ្លាំងនៅក្នុង​ប្រទេស​កម្ពុជា។ 
 
លោក នួន សុថេរ៉ូ និងលោក កៃ គីមសុង សហស្ថាបនិកនៃ​ក្រុមហ៊ុនបោះ​ពុម្ពផ្សាយ សៀវភៅលោក ឃីម សុខហេង (Amazadia Education) បានបញ្ជាក់ថា សៀវភៅ​ស្តីពីដំណើរ​ជីវិតតស៊ូរបស់លោក ឃីម សុខហេង ពិតជាបទពិសោធន៍ជីវិត និងបទពិសោធន៍ជំនួញ​ដ៏មាន​សារៈសំខាន់សម្រាប់អ្នកអានគ្រប់វ័យ ជាពិសេស យុវជន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com