ជាតិ
សង្គមជាតិ
​​កញ្ញា ឃន លាងអេង ប្រើពេលជាង២ឆ្នាំ យកឈ្នះពាក្យរិះគន់ថា«មនុស្សស្រីដើរច្រើនមិនល្អ​​»​
21, Mar 2022 , 8:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កញ្ញា ឃន លាងអេង ជាយុវតីខ្មែរមួយរូបដែលចូលចិត្តការកម្សាន្តតាមព្រៃភ្នំ និងចូលរួមផ្សព្វផ្សាយតំបន់ធម្មជាតិទាំងនោះ ទៅកាន់សាធារណជន។ ដើមឡើយការងារដែលតម្រូវឱ្យ លាងអេង នៅតែក្នុងព្រៃភ្នំ ឥតដឹងយប់ព្រលប់នេះ មិនទទួលបានគាំទ្រពីគ្រួសារ និងអ្នកជុំវិញខ្លួនឡើយ ដោយពួកគាត់យល់តែម្យ៉ាងថា «មនុស្សស្រីដើរច្រើនមិនល្អ»។ ​ប្រឈមនឹងពាក្យសម្តីនេះ បានធ្វើឱ្យយុវតី លាងអេង ដែលមានវ័យ២០ឆ្នាំ រឹតតែខំ​ប្រឹងប្រែងធ្វើការងារខ្លួន​ជាង២ឆ្នាំ រហូតមានការទទួលស្គាល់ពីសាធារណជន និងក្រសួងពាក់ព័ន្ធ។



ការទទួលស្គាល់ការងាររបស់លាងអេង ពីអ្នកពាក់ព័ន្ធនេះហើយ បានផ្លាស់ប្តូរផ្នត់គំនិតគ្រួសារលាងអេង ឱ្យបែរមកកោតសរសើរនឹងការខំប្រឹងកន្លងមករបស់នាងវិញ។ សម្រាប់ កញ្ញា ឃន លាងអេង ក្មេងស្រី​ ឬយុវតីអាចមានសេរីភាពក្នុងការធ្វើដំណើរ ឬរកការងារក្នុងក្តីស្រមៃបានគ្រប់ៗគ្នា ដោយមិនចាំបាច់ស្ថិតក្រោមសម្ពាធវប្បធម៌ ប្រពៃណីនោះទេ។ ​ 
 
កញ្ញា ឃន លាងអេង គឺជាអ្នកផ្សព្វផ្សាយពីតំបន់ទេសចរណ៍សក្តានុពលនានានៅកម្ពុជា ពិសេសតំបន់ទេសចរណ៍បែបផ្សងព្រេង។ មានស្រុកកំណើតនៅភូមិ​កំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល កញ្ញា ឃន លាងអេង បានឱ្យដឹងថា នាងចាប់ផ្តើមការដើរកម្សាន្ត​ និងធ្វើការជាអ្នកផ្សព្វផ្សាយតំបន់ទេសចរណ៍​នេះ ចាប់តាំងពីឆ្នាំ២០១៩មក​។


 រូបភាពកញ្ញា យុវតី ឃន លាងអេង ដើរព្រៃ

យុវតីកំព្រាឪពុក និងម្តាយជាកម្មការិនីរោងចក្ររូបនេះ ​ប្រាប់សារព័ត៌មានថ្មីៗថា ពេលដែលនាងចាប់ផ្តើមការងារបែបដើរកម្សាន្តតាមតំបន់ព្រៃភ្នំបាត់ៗពីផ្ទះដំបូងៗ ម្តាយរបស់នាងមិន​សប្បាយចិត្តនោះឡើយ ព្រោះគាត់មិនចង់ឱ្យកូនស្រីខ្លួន ដើរឆ្ងាយពីផ្ទះយប់ព្រលប់តែម្នាក់ឯង។ មិនត្រឹមតែម្តាយនោះទេ លាងអេង ក៏ទទួលគំនាមពាក្យសម្តីពីអ្នកនៅជុំវិញផងដែរ។

«ដំបូងឡើយ ខ្ញុំគ្មានអ្នកគាំទ្រខ្ញុំទេ​ ទាំងគ្រួសារបងប្អូន  អ្នកជិតខាង មិត្ត គ្រូៗ រួមជាមួយអ្នកនៅជុំវិញខ្លួនទាំងអស់។ មួយថ្ងៃៗ មានតែពាក្យថាឈប់ទៅ មិនល្អទេ យើងជាស្រី។ អ្នកខ្លះនិយាយឱ្យខ្ញុំថា មនុស្សស្រីដើរច្រើន ប្រយ័ត្នទៅជ្រុលខ្លួនជាមួយគេ​ មានកូនអត់ប្ដីជាដើម។ បើម្ដាយខ្ញុំវិញ​ គាត់ខ្លាចខ្ញុំដូចកូនគេដទៃ។​ គាត់ប្រឹងជំរុញឱ្យឈប់ដើរលើផ្លូវនេះទៅ មិនល្អទេ»។ កញ្ញា ឃន លាងអេង រៀបរាប់ដូច្នេះ ហើយបានបន្តថា ទម្រាំ​អាចជម្នះធ្វើការងារបច្ចុប្បន្ននេះបាន គឺនាងបានចំណាយជាង២ឆ្នាំ ​ក្នុងការបង្ហាញថា ការងាររបស់ខ្លួនពិតជាមានតម្លៃ និងរួមចំណែកជួយសង្គម។
 
កញ្ញាបន្ថែមថា  ដំបូងៗសកម្មភាពដែលនាងធ្វើអាចនឹងថ្មី សម្រាប់គ្រួសារ ​អ្នកនៅជុំវិញ ឬមនុស្សក្នុងសង្គម ទើបមិនមានអ្នកយល់។ ករណីនេះ អាចបញ្ជាក់ថាការប្រឹងប្រែងនោះ អាចនឹងមិនទាន់គ្រប់គ្រាន់។ សម្រាប់ជាបទពិសោធយុវតីរូបនេះ ការបន្តធ្វើដំណើរទៅមុខ រួមជាមួយការផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ​ នឹងធ្វើឱ្យសាធារណជនយល់បន្តិចម្ដងៗ តបតាមតម្លៃ នៃការប្រឹងប្រែងកន្លងមក។ «ស្ទើរគ្រប់ទីតាំងធម្មជាតិដែលខ្ញុំធ្លាប់ទៅ ខ្ញុំតែងបានបង្ហោះ ដើម្បីផ្សព្វផ្សាយ ឱ្យអ្នកផ្សេងបានដឹងដើម្បីអាចទៅកម្សាន្ដបាន។ ការផ្សព្វផ្សាយ ទាក់ទងនឹងកន្លែងធម្មជាតិថ្មីៗ ស្អាតៗបង្ហាញសារធាជន ជាបន្តបន្ទាប់ បានធ្វើក្រសួងទេសចរណ៍ និងប្រសួងបរិស្ថាន គាំទ្រលើសកម្មភាពនេះ និងបានលើកទឹកខ្ញុំឱ្យធ្វើបន្ត»។ នេះជាការលើកឡើងរបស់កញ្ញា លាងអេង​។
 
​បន្ទាប់ពីការប្រឹងប្រែងជាងពីរឆ្នាំ ការងាររបស់លាងអេង ក៏ចាប់ផ្តើមមានការទទួលស្គាល់ពីថ្នាក់ដឹកនាំ នៃក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ហើយការទទួលស្គាល់នេះ បានបន្ទន់ចិត្តម្ដាយ និងអ្នកនៅជុំវិញ របស់លាងអេង ចាប់ផ្ដើមផ្លាស់ប្តូរការគិត​។  យុវតីរូបនេះបានបញ្ជាក់ទាំងរីករាយដូច្នេះ៖«ពេលខ្ញុំមិនទាន់មានការងារ  និងមិនទាន់មានអ្នកទទួលស្គាល់ អ្នកផ្សេងថាខ្ញុំជាមនុស្សមិនល្អគិតតែដើរ និងគ្មានប្រយោជន៍។ ចំពោះម្ដាយខ្ញុំថា ខ្ញុំដុះស្លាបហើយ ប្រាប់មិនស្ដាប់។ ប៉ុន្ដែពាក្យទាំងនេះ បានប្រែពេលគាត់ឃើញថា គោលដៅចាប់ផ្ដើមមានអ្នកទទួលស្គាល់។ គ្រប់ពាក្យបង្អាក់ទឹកចិត្តកន្លងមក បានប្រែជា នោះកូនគេ គេធ្វើការងារនេះល្អ បានជួយសង្គម។ ពេលនេះ អ្នកនៅជុំវិញយល់ពីខ្ញុំច្រើន»។
 
​​កញ្ញា ឃន លាងអេង លើកទឹកចិត្តយុវជនដទៃទៀត ដែលជួបបទពិសោធន៍ស្រដៀងខ្លួន ឱ្យបន្តប្រឹងប្រែងសម្រួចគោលដៅជីវិតរបស់ខ្លួន ដើម្បីទទួលបានការទទួលស្គាល់ដូចដែលនាងបានទទួលសព្វថ្ងៃនេះដែរ។ «​ខ្ញុំលើកទឹកចិត្តដល់យុវជនដទៃទៀត ​រកគោលដៅជីវិតរបស់ខ្លួនឱ្យបានច្បាស់លាស់ នឹងបន្តធ្វើវាដោយមិនងាករេ នោះថ្ងៃណាមួយលទ្ធផល និងបង្ហាញក្រោយពេលយើងប្រឹងចំគោលដៅ និងអស់លទ្ធភាព»។ កញ្ញា ឃន លាងអេង បន្ថែមដូច្នេះ៕
 
 
 
 

Tag:
 ឃុន លាងអេង
 ​ ដើរព្រៃ
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com