ជាតិ
សង្គមជាតិ
សសយក ជ្រើសរើសសមាជិកគណៈកម្មាធិការកណ្ដាល៩រូបទៀត
21, Mar 2022 , 1:39 pm        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធានសសយក (រូបពីសសយក)
លោក ហ៊ុន ម៉ានី ប្រធានសសយក (រូបពីសសយក)
សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានបោះឆ្នោតជ្រើសរើសសមាសភាពសមាជិកគណៈកម្មាធិការកណ្ដាលចំនួន ៩រូបទៀត ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលរបស់ខ្លួននៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ សមាជិកថ្មីទាំង៩រូបនោះ មានជាអាទិ៍ លោក ជា សុមេធី លោក កែវ ពិសិដ្ឋ និង លោក កែ សួនសុភាព។



សេចក្ដីប្រកាសព័ត៌មានរបស់ សសយក អំពីលទ្ធផលនៃកិច្ចប្រជុំរយៈពេល៣ថ្ងៃនៅខេត្តសៀមរាប បានឲ្យដឹងថា កិច្ចប្រជុំនេះ សម្រេចឯកភាពរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេស ដែលគ្រោងរៀបចំនៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ និង២៧ វិច្ឆិកា ខាងមុខនេះ។ សសយក បញ្ជាក់ថា មហាសន្និបាតដែលគ្រោងរៀបចំនោះ នឹងមានការរៀបចំជាគណៈកម្មការធ្វើវិសោធនកម្មលក្ខន្តិកៈ ដើម្បីបំពេញបន្ថែមនូវតួនាទីប្រធានកិត្តិយស និងដើម្បីបើកផ្លូវឱ្យមានការតែងតាំងសមាជិកគណៈកម្មាធិការកណ្ដាលឱ្យមានភាពទូលំទូលាយ និងកាន់តែល្អប្រសើរ។

សមិទ្ធផលកិច្ចប្រជុំពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ មីនា សសយក បានទទួលនូវការគាំទ្រយ៉ាងខ្លាំងជាបន្តបន្ទាប់ពីគ្រប់មជ្ឈដ្ឋានទាំងវិស័យសាធារណៈ និងឯកជន ជាពិសេសលើតួនាទីដ៏សំខាន់ក្នុងការជួយសង្គមជាតិ។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ត្រឹមឆ្នាំ ២០២១ រចនាសម្ព័ន្ធ សសយក នៅថ្នាក់រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ វិស័យ និងសមាជិកអង្គនីតិបុគ្គលរបស់ សសយក មានសមាជិកសរុប ជាង១៨ម៉ឺននាក់ ក្នុងនោះស្រ្ដី ៤២ភាគរយ៕


រូបពីសសយក 






Tag:
 សសយក
© រក្សាសិទ្ធិដោយ thmeythmey.com