ជាតិ
​​​ន​យោ​បាយ​ជាតិ​
ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន មិនបានជួបភាគីលោកស្រី អ៊ុងសាន ស៊ូជី ឡើយ តែមានពន្លឺខ្លះ
23, Mar 2022 , 3:11 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសប្រធានអាស៊ាន លោក ប្រាក់ សុខុន មិនបានជួបភាគីលោកស្រី អ៊ុងសាន ស៊ូជី ឡើយ នៅក្នុងដំណើរទស្សនកិច្ច ក្នុងទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា នារយៈពេលពីរថ្ងៃនេះ។


មុនចេញដំណើរទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ លោក ប្រាក់ សុខុន ក៏បានបង្ហើបពីបំណងចង់ជួបជាមួយឥស្សរជនជាន់ខ្ពស់ និងភាគីពាក់ព័ន្ធ និងលោកស្រី អ៊ុងសាន ស៊ូជី ដែរ ប៉ុន្តែដំណើទស្សនកិច្ច ដែលស្ថិតនៅក្រោមការត្រួតពិនិត្យ និងរៀបចំដោយរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង មិនត្រូវបានផ្ដល់ឱកាសឱ្យប្រេសិតប្រធានអាស៊ានឡើយ។
 
ថ្លែងក្នុងសន្និសីទកាសែត នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ មីនានេះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានពន្យល់ហេតុផលថា មូលហេតុដែលលោក មិនអាចជួបភាគីពាក់ព័ន្ធ និងលោកស្រី អ៊ុង សានស៊ូជី បាន ដោយសារច្បាប់មីយ៉ាន់ម៉ា បានហាមឃាត់អ្នកទោសនយោបាយ ដែលកំពុងដំណើរការសវនាក្តី មិនឱ្យជួបជាមួយភ្ញៀវបរទេសឡើយ។ ដូច្នេះវាជាមូលហេតុមួយ ដែលលោក ប្រាក់ សុខុន មិនអាចជួបជាមួយលោកស្រី អ៊ុង សានស៊ូជី បាន ដោយសារកំពុងរងបទចោទជាច្រើន។ ក្នុងនាមជាប្រេសិតប្រធានអាស៊ាន លោក ប្រាក់ សុខុន ក៏បានអះអាងថា អាស៊ានក៏មិនជ្រៀតជ្រែតចូលកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា ឬដាក់លក្ខខណ្ឌទៅលោក មីន អ៊ុងឡាំង នោះទេ។
 
ដ្បិតមិនបានជួបភាគីលោកស្រី អ៊ុងសាន ស៊ូជី នេះក្តី ប៉ុន្តែប្រេសិតប្រធានអាស៊ាន ក៏មានពន្លឺខ្លះនៃការឈានទៅរកដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ាផងដែរ។ នៅក្នុងជំនួបជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នោះ លោក ប្រាក់ សុខុន បានរម្លឹកពីអនុសាសន៍សម្ដេច ហ៊ុន សែន ប្រធានអាស៊ាន ពីបំណងស្វែងរកឱកាសជួបឥស្សរជនជាន់ខ្ពស់ និងភាគីពាក់ព័ន្ធ និងលោកស្រី អ៊ុងសាន ស៊ូជី ដើម្បីជួយដោះស្រាយជម្លោះគ្រប់ភាគីមីយ៉ាន់ម៉ា។ 
 
ឆ្លើយតបនឹងការលើកឡើងរបស់ប្រេសិតប្រធានអាស៊ាននេះ លោក មីន អ៊ុងឡាំង បានបញ្ជាក់ថា លោកនឹងពិនិត្យ ហើយសម្រេចផ្ដល់ឱកាសឱ្យប្រេសិតប្រធានអាស៊ាន ជួបជាមួយភាគីពាក់ព័ន្ធ និងលោកស្រី អ៊ុងសាន ស៊ូជី នាពេលអនាគត។
 
«ជាមួយនេះ លោកនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានលើកឡើងថា អាចនៅពេលអនាគត នឹងពិចារណាចំពោះសំណើទាំងឡាយ ដែលបានធ្វើឡើង មិនមែនត្រឹមតែចំពោះលោកជំទាវ អ៊ុងសាន ស៊ូជី តែ១នាក់នោះទេ គឺមានអ្នកផ្សេងទៀត។ អ៊ីចឹងគាត់ថា នៅពេលដំណើរទស្សនកិច្ចខាងមុខៗទៀត នឹងអាចពិចារណាបាន។ អ៊ីចឹងជាការបើកបង្អួច ដើម្បីមានពន្លឺទៅដល់បញ្ហានៃការជួបសន្ទនាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមអាណត្តិរបស់ប្រេសិតពិសេស ហើយដើម្បីផលប្រយោជន៍នៅក្នុងការឈានទៅដល់ការផ្សះផ្សារជាតិមួយ ដែលមានការចូលរួមពីគ្រប់ភាគីទាំងអស់»។ នេះបើតាមលោក ប្រាក់ សុខុន ដែលឆ្លើយប្រាប់អ្នកកាសែតថា ដំណោះស្រាយយវិបត្តិនៅមីយ៉ាន់ម៉ា មិនមែនប្រើពេលវេលាត្រឹមតែ១ថ្ងៃ ទៅ១ខែ ឬ១ឆ្នាំឡើយ ខណៈជម្លោះស៊ីវិលក្នុងប្រទេសសមាជិកអាស៊ានមួយនេះ កើតឡើងរ៉ាំរ៉ៃជាង៧០ឆ្នាំមកហើយ។
 
សម្រាប់ដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន ក៏មានឱកាសហៀបនឹងបានជួបលោកស្រី Su Su Lwin ភរិយាលោក Htin Kyaw អតីតប្រធានាធិបតីមីយ៉ាន់ម៉ា ហើយក៏ជាមនុស្សសិ្នទជាមួយលោកស្រី អ៊ុងសាន ស៊ូជី ដើម្បីសួរសុខទុក្ខ និងស្ថានភាពន​យោបាយមីយ៉ាន់ម៉ាដែរ។ ប៉ុន្តែជាសំណាងមិនល្អ លោកស្រី Su Su Lwin ក៏តេស្តវិជ្ជមានកូវីដ-១៩ ដែលធ្វើឱ្យជំនួបនេះ ត្រូវបានលុបចោលវិញ។
 
ក្រៅពីមេដឹកនាំរបបយោធាមីយ៉ាន់ម៉ានេះ លោក ប្រាក់ សុខុន បានជួបតែលោក Ko Ko Gyi ដែលជាឥស្សរជនតស៊ូដើម្បីប្រជាធិបតេយ្យ ដែលធ្លាប់ជាប់ពន្ធនាគារ១៧ឆ្នាំ នៅមីយ៉ាន់ម៉ា ហើយស្គាល់ពីស្ថានភាពទីនោះច្បាស់។ ក្នុងជំនួបពិភាក្សាគ្នានេះ លោក ប្រាក់ សុខុន បានអះអាងថា លោកទទួលបានយោបល់ និងចំណេះដឹងថ្មីៗច្រើន អំពីស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា សម្រាប់យកទៅបង្ហាញប្រាប់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានអាស៊ាន។  
 
ក្នុងកិច្ចពិភាក្សាគ្នាជាមួយលោក មីន អ៊ុងឡាំង នៅមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានអនុវត្តតាមចំណុចឯកច្ឆ័នទាំង៥ចំណុច របស់អាស៊ានលើវិបត្តិនយោបាយមីយ៉ាន់ម៉ា រួមមាន៖ ទី១៖ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា  ត្រូវបញ្ឈប់ជាបន្ទាន់ ហើយគ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់បំផុត។ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ដល់ប្រជាជន។
 
ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន AHA។ ទី៥៖ បេសកជនពិសេស និងគណៈប្រតិភូ ត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។
 
បើតាមចំណុចទាំងនេះ មានការវិវត្តតែ៣ចំណុចប៉ុណ្ណោះ គឺចំណុចបញ្ឈប់អំពើហិង្សា, ដំណើការរបស់ប្រេសិតអាស៊ាន ក្នុងការស្វែងរកកិច្ចសន្ទនា និងការផ្ដល់ជំនួយមនុស្សធម៌។ នេះបើតាមការវាយតម្លៃលោក ប្រាក់ សុខុន ក្រោយបញ្ចប់ដំណើរទស្សនកិច្ច៕
 

Tag:
 ប្រាក់ សុខុន
  អាស៊ាន
  មីយ៉ានម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com