រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុងចូលរួមចំណែក ជាមួយក្រសួងបរិស្ថានកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ WWF-Cambodia ក្នុងការទទួលស្គាល់ទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២២ (Earth Hour 2022)។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន នឹងផ្តល់ការគាំទ្រដល់ព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលរួមមានកម្មវិធីកម្សាន្តផ្សាយបន្តផ្ទាល់ ព្រមទាំងព្រឹត្តិការណ៍វប្បធម៌ និងកីឡា ក្នុងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៦ ខែមីនាខាងមុខនេះ។
ក្នុងគំនិតផ្ដួចផ្ដើមនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កំពុងនាំមុខគេនៅកម្ពុជា ដោយក្លាយជាដៃគូផ្តាច់មុខមួយ ក្នុងចំណោមដៃគូផ្តាច់មុខចំនួនពីរ សម្រាប់ទិវាមួយម៉ោងសម្រាប់ភពផែនដី (Earth Hour) ដែលរៀបចំដោយអង្គការ WWF-Cambodia និងក្រសួងបរិស្ថាន នៅខេត្តមណ្ឌលគិរី។ ប្រធានបទរបស់អង្គការ WWF-Cambodia គឺធម្មជាតិ វប្បធម៌ ទេសចរណ៍ និងនិរន្តរភាព ដែលគំនិតផ្តួចផ្តើមទាំងអស់នេះ ទទួលបានការគាំទ្រពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។
ក្រៅពីកិច្ចសហប្រតិបត្តិការដៃគូជាមួយអង្គការ WWF-Cambodia សម្រាប់ទិវាមួយម៉ោងសម្រាប់ភពផែនដី ក្នុងខេត្តមណ្ឌលគិរី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏នឹងបិទភ្លើងដែលមិនចាំបាច់មួយចំនួន នៅរោងចក្រស្រាបៀរ ក្នុងរាជធានីភ្នំពេញរបស់ខ្លួន នៅថ្ងៃទី២៦ ខែមីនាផងដែរ។
លោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសហគ្រាសនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន និងអង្គការ WWF-Cambodia ក្នុងការគោរពបរិស្ថាន និងនិរន្តរភាពជាទូទៅ តាមរយៈការចូលរួមក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២២។ យុទ្ធសាស្ត្រនិរន្តរភាពរបស់យើង មិនមែនជារឿងថ្មីនោះទេ វាគឺជាអ្វីដែលយើងអនុវត្ត ទាំងនៅក្នុងពិភពលោក និងនៅកម្ពុជា ដែលជាផ្នែកមួយនៃមហិច្ឆតារបស់យើង ក្នុងចូលរួមអភិវឌ្ឍពិភពលោកនិងកម្ពុជាដ៏ល្អប្រសើរ» ។
លោកស្រីបានបន្ថែមទៀតថា៖ «យើងមានមោទកភាព ក្នុងការក្លាយជាដៃគូ ក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីក្នុងឆ្នាំនេះ ក៏ដូចជាការចូលរួមក្នុងការបិទភ្លើង នៅក្នុងរោងចក្រផលិតស្រាបៀររបស់យើង ដែលជានិមិត្តរូបដ៏មានឥទ្ធិពល នៃឯកភាពក្នុងពិភពលោក និងការប្តេជ្ញាចិត្ត ចំពោះភពផែនដីរបស់យើង»។
ទិវាមួយម៉ោងសម្រាប់ភពផែនដី នឹងប្រព្រឹត្តឡើង ក្នុងប្រទេសកម្ពុជា នៅម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា។ អ្នកដែលចូលរួមក្នុងគំនិតផ្តួចផ្តើមជាលក្ខណៈសកលនេះ អាចរំពឹងថា នឹងចូលរួមជាមួយមនុស្សរាប់លាននាក់ មកពីជុំវិញពិភពលោកផងដែរ។
លោកស្រី Anne Ollivier បានឲ្យដឹងទៀតថា៖ «ខណៈប្រទេសកម្ពុជា និងរាជរដ្ឋាភិបាល មានគំនិតផ្តួចផ្តើមគួរឱ្យកត់សម្គាល់ និងភាពស័ក្តិសមរបស់ខ្លួន ដើម្បីការពារ និងថែរក្សា បរិស្ថានរបស់ប្រទេសជាតិ ការចូលរួមរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នៅក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី ជាលក្ខណៈសកលនេះ ក៏បង្ហាញផងដែរថា យើងសហការ «រួមគ្នា» ហើយអ្នករាល់គ្នា អាចធ្វើការងាររបស់ពួកគេបាន រួមទាំងនៅទីនេះក្នុងប្រទេសកម្ពុជាផងដែរ»។
យុទ្ធនាការមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២២ របស់អង្គការ WWF-Cambodia បានចាប់ផ្តើមនៅថ្ងៃទី៧ ខែមីនា ជាមួយនឹងយុទ្ធនាការឌីជីថល ដែលមានវីដេអូសម្តែង ដោយតារាចម្រៀងល្បីគឺ អ្នកនាង មាស សុខសោភា។ ក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីពិតប្រាកដដែលត្រូវនឹងថ្ងៃទី២៦ ខែមីនា អង្គការ WWF-Cambodia នឹងរៀបចំព្រឹត្តិការណ៍កីឡា និងវប្បធម៌ ដូចជាម៉ារ៉ាតុន និងការសម្តែងវប្បធម៌ផ្សេងៗ។
លោក សេង ទៀក នាយកប្រចាប្រទេសរបស់អង្គការ WWF-Cambodia មានប្រសាសន៍ថា៖ «យើងរីករាយដែលមានក្រុមហ៊ុន «ដែលមានទំនួលខុសត្រូវផ្នែកសង្គម» ដូចជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលនាំមុខគេ ក្នុងការជួយយើងរៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដីក្នុងឆ្នាំនេះ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសាងកេរ្តិ៍ឈ្មោះរួចហើយ ចំពោះវិធីសាស្រ្តច្នៃប្រឌិតអាជីវកម្ម ដែលគាំទ្រដល់និរន្តរភាពនាពេលអនាគត ដូច្នេះ អង្គការ WWF-Cambodia មានសេចក្តីសោមនស្សរីករាយ ចំពោះការដែលមានការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនទៅកាន់កិច្ចប្រឹងប្រែងពិភពលោក»។
ក្នុងខែវិច្ឆិកា ឆ្នាំមុន ក្នុងកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនឆ្នាំ២០២១ (CSR Award 2021) ដ៏មានកិត្យានុភាព ដែលរៀបចំឡើងដោយ EuroCham Cambodia ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនដ៏ឆ្នើមមួយ ដែលបានចូលរួមជាមួយប្រទេសកម្ពុជា ក្នុងការអភិរក្សបរិស្ថាន។
ថ្មីៗនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បានឧបត្ថម្ភដល់កិច្ចប្រជុំកំពូលលើកដំបូង របស់កម្ពុជាឆ្នាំ ២០២១ ស្តីអំពីការប្រែប្រួលអាកាសធាតុ (CCCS 21) ផងដែរ។ កិច្ចប្រជុំកំពូលរយៈពេលមួយថ្ងៃ ដែលត្រូវបានរៀបចំឡើង ដោយក្រសួងបរិស្ថាន ដោយសហការជាមួយវិទ្យាស្ថាន Mekong Future Institute នេះ បានប្រមូលផ្តុំអ្នកជំនាញ អ្នកអនុវត្ត សង្គមស៊ីវិល និងធុរកិច្ច ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីឆ្ពោះទៅរកនិរន្តរភាព និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ដោយភ្ជាប់ជាមួយនឹងយុទ្ធសាស្ត្រនិរន្តរភាពឆ្នាំ២០៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន គ្រុប ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ក្នុងផលិតកម្មរបស់ខ្លួនចំនួន ៥០ភាគរយ ចាប់តាំងពីឆ្នាំ២០១៣ មក។
លើសពីនេះ កាលពីខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ បានដាក់ដំណើរការសាងសង់រោងចក្រថាមពលជីវម៉ាស់ ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់ក្នុងខែកក្កដា ឆ្នាំនេះ។ ក្នុងភាពជាដៃគូដ៏ជិតស្និទ្ធជាមួយអ្នកផ្គត់ផ្គង់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណង កាត់បន្ថយការបំភាយឧស្ម័នឱ្យបាន ៣០ភាគរយ ត្រឹមឆ្នាំ២០៣០ នៅទូទាំងខ្សែច្រវ៉ាក់តម្លៃទាំងមូលរបស់ខ្លួន។
សម្លឹងឆ្ពោះទៅមុខក្នុងឆ្នាំ២០៤០ ក្រុមហ៊ុនមានគោលបំណង សម្រេចឲ្យបានអព្យាក្រឹតភាពកាបូន នៅក្នុងខ្សែច្រវាក់តម្លៃពេញលេញរបស់ខ្លួន។ ក្រុមហ៊ុនកំពុងទទួលយកវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រ តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយគំនិតផ្តួចផ្តើមផ្នែកវិទ្យាសាស្រ្ត ផ្អែកលើគោលដៅ (Science Based Targets initiative) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីរបស់ខ្លួន។
ក្រៅពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចការពារបរិស្ថាន គោលបំណងរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏ដើម្បីលើកកម្ពស់ពិភពលោកមួយ ប្រកបដោយបរិយាបន្ន យុត្តិធម៌ និងសមធម៌ ខណៈពេលដែលជំរុញឱ្យមានការពិសាគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវ ដែលទាំងនេះគឺជាសសរស្តម្ភសំខាន់២ ផ្សេងទៀតនៃគោលបំណង «ចូលរួមអភិវឌ្ឍកម្ពុជាដ៏ល្អប្រសើរ» របស់ក្រុមហ៊ុន៕
(អត្ថបទពាណិជ្ជកម្ម)