អន្តរជាតិ
ក្រសួងការបរទេសចិន៖ គ្មានសមាជិក G20 ណាមួយ មានសិទ្ធិបណ្តេញរុស្ស៊ីចេញទេ
24, Mar 2022 , 2:01 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន នៅថ្ងៃទី២៣ ខែមីនា បានលើកឡើងថា គ្មានសមាជិកក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) ណាមួយ មានសិទ្ធិដកប្រទេសផ្សេងទៀតចេញពីសមាជិកឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងស្របពេលមានរបាយការណ៍ អាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងស្វែងរកលទ្ធភាព ដករុស្ស៊ីចេញពីក្រុមប្រទេសសហប្រតិបត្តិការសេដ្ឋកិច្ចមួយនេះ។



 
តាមរយៈការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​ នៅថ្ងៃទី២២ ខែមីនា អាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងស្វែងរកលទ្ធភាពដករុស្ស៊ី ចេញពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ក្រោមហេតុផលឈ្លានពានលើអ៊ុយក្រែន។ កិច្ចប្រជុំក្រុមប្រទេស G20 ឆ្នាំនេះ ត្រូវរៀបចំដោយឥណ្ឌូណេស៊ី។
 
ទាក់ទងជំហររបស់ចិនលើបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បានលើកឡើងថា ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយរុស្ស៊ី ជាសមាជិកដ៏សំខាន់សម្រាប់ក្រុមប្រទេសមួយនេះ។ 
 
«គ្មានសមាជិកណាមួយ មានសិទ្ធិដកហូតសមាជិកភាពរបស់ប្រទេសដទៃឡើយ»។​ អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ដោយពិភពលោក កំពុងប្រឈមបញ្ហាជំងឺកូវីដ-១៩ និងការជួយសង្រ្គោះសេដ្ឋកិច្ចឡើងវិញ ក្រុមប្រទេស G20 គួរផ្តោតការទទួលខុសត្រូវរបស់ខ្លួន លើកិច្ចខិតខំទប់ស្កាត់ជំងឺឆ្លងសកល កែលម្អអភិបាលកិច្ចសេដ្ឋកិច្ចសកល និងស្តារសេដ្ឋកិច្ចពិភពលោក។ 
 
ក្នុងន័យនេះ លោក វ៉ាង បានជំរុញឱ្យពិភពលោក ប្រកាន់យកប្រព័ន្ធពហុភាគីនិយម ពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្រួបបង្រួម, ដោះស្រាយរួមគ្នាលើបញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍប្រកបដោយចីរភាព និងលើវិស័យផ្សេងទៀត។ 
 
ទន្ទឹមនេះ មន្រ្តីក្រសួងការបរទេសចិនរូបនេះ បានប្រកាសគាំទ្រឥណ្ឌូណេស៊ី ក្នុងនាមជាប្រទេសផ្លាសវេនរបស់ក្រុមប្រទេសG20 នៅក្នុងឆ្នាំ២០២២ផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដោយផ្អែកក្រោមប្រធានបទ «ងើបឡើងរួមគ្នា ងើបឡើងកាន់តែរឹងមាំជាងមុន»។ 
 
សូមបញ្ជាក់ថា ការដករុស្ស៊ីចេញពីក្រុមសេដ្ឋកិច្ចមួយនេះ មិនមែនជារឿងងាយឡើយ ដោយសារប្រទេសមួយចំនួន ដូចជាចិន ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត អាចបដិសេធ ព្រោះការសម្រេចចិត្តរបស់ G20 ធ្វើក្រោមគោលការណ៍កុងសង់ស៊ីស៕ 
 

Tag:
 G20
  រុស្ស៊ី
  ចិន
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com