អន្តរជាតិ
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅឥណ្ឌូណេស៊ី៖ លោក ពូទីន គ្រោងចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី
23, Mar 2022 , 4:46 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានបំណងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) ដែលនឹងត្រូវរៀបចំដោយឥណ្ឌូណេស៊ីនៅចុងខែតុលាខាងមុខ។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅឥណ្ឌូណេស៊ី លោកស្រី Lyudmila Vorobieva បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៣ ខែមីនា ស្របពេលមានរបាយការណ៍ថា បស្ចិមប្រទេស ចង់បណ្តេញរុស្ស៊ីចេញពីក្រុមប្រទេសមួយនេះ។

 
ការឈ្លានពានលើអ៊ុយក្រែន បានធ្វើឱ្យរុស្ស៊ីរងសម្ពាធពីបណ្តាប្រទេសជាច្រើន ជាពិសេសពីបណ្តាប្រទេសលោកខាងលិច។ តាមរយៈការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​ នៅថ្ងៃទី២២ ខែមីនា អាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងស្វែងរកលទ្ធភាពដករុស្ស៊ីចេញពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ ក្រោមហេតុផលឈ្លានពានលើអ៊ុយក្រែន។ កិច្ចប្រជុំក្រុមប្រទេស G20 ឆ្នាំនេះ ត្រូវរៀបចំដោយឥណ្ឌូណេស៊ី។
 
ពាក់ព័ន្ធនឹងរបាយការណ៍នេះ លោកស្រី Lyudmila Vorobieva អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងហ្សាការតា នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៣ ខែមីនា បានថ្លែងថា ទង្វើរបស់បស្ចិមប្រទេស គឺជារឿងមិនសមហេតុផល។ លោកស្រី Vorobieva បានបន្តថា រុស្ស៊ី ត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ហើយលោក ពូទីន គ្រោងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំនេះ ដែលនឹងត្រូវរៀបចំនៅក្នុងខេត្តបាលី ឥណ្ឌូណេស៊ី នាចុងខែតុលាខាងមុខ។
 
«យើងពេញចិត្តចំពោះតួនាទីរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះក្រុមប្រទេស G20 សម្រាប់ឆ្នាំនេះ»។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ មិនមែនជាវេទិកា ជជែកពីបញ្ហាដោះស្រាយជម្លោះឡើយ ប៉ុន្តែជាវេទិកាក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។ 
 
ក្នុងការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មន្រ្តីជាន់ខ្ពស់ក្នុងក្រុមប្រទេស G7 បានលើកឡើងថា ប្រសិនបើរុស្ស៊ីនៅតែបន្តជាសមាជិកក្រុមប្រទេស G20 ក្រុមប្រទេសមួយនេះ នឹងក្លាយជាអង្គការ ដែលមិនសូវមានប្រយោជន៍ឡើយ។ ចំណែកទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan វិញ បានប្រាប់អ្នកសារព័ត៌មាន ក្នុងថ្ងៃទី២២​ ខែមីនាថា អាម៉េរិកនឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនសិន មុននឹងប្រកាសពីការដករុស្ស៊ីចេញពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០។  
 
យ៉ាងណាមិញ ការដករុស្ស៊ីចេញពីក្រុមសេដ្ឋកិច្ចមួយនេះ មិនមែនជារឿងងាយឡើយ ដោយសារប្រទេសមួយចំនួន ដូចជាចិន ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត អាចបដិសេធ ព្រោះការសម្រេចចិត្តរបស់ G20 ធ្វើក្រោមគោលការណ៍កុងសង់ស៊ីស។ 
 
គួររម្លឹកថា រុស្ស៊ី បន្ទាប់ពីគ្រប់គ្រងតំបន់គ្រីមេនៅក្នុងឆ្នាំ ២០១៤ ក៏ត្រូវបស្ចិមប្រទេសដកចេញពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៨ (G8) ដែរ។ បន្ទាប់ពីឆ្នាំនោះមក ក្រុមប្រទេស​ G8 ត្រូវប្តូរមកជាក្រុមប្រទេស G7 វិញ៕ 
 

Tag:
 រុស្ស៊ី
  ឥណ្ឌូណេស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com