កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup ៖ គ្រូព័រទុយហ្គាល់រំពឹងឈ្នះតួកគី ឯគ្រូអ៊ីតាលីមិនមើលរំលងម៉ាសេដ្វានខាងជើង
24, Mar 2022 , 10:29 pm        
រូបភាព
ក្រុមជម្រើសជាតិព័រទុយហ្គាលនឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវតួកគីក្នុងជំនួបប្រកួតជម្រុះពានរង្វាន់ World Cup តំបន់អឺរ៉ុបវគ្គ Play-Off ខណៈអ៊ីតាលីត្រូវទទួលម៉ាសេដ្វានខាងជើង វេលាម៉ោង ២:៤៥នាទី (ម៉ោងនៅកម្ពុជា) រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា ដើម្បីដណ្តើមកៅអីទៅកាន់កាតា។


ការប្រកួតនារាត្រីនេះ ជាជំនួបដ៏សំខាន់មួយសម្រាប់ក្រុមព័រទុយហ្គាល់ដើម្បីស្វែងរកឱកាសទៅកាន់ការប្រកួតជម្រុះចុងក្រោយដើម្បីប្រជែងកៅអីទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup កាតាក្នុងឆ្នាំ ២០២២ នេះ។ ព័រទុយហ្គាល់រងសម្ពាធខ្លាំង ក្រោយមិនអាចស្វែងរកកៅអីស្វ័យប្រវត្តិបានអំឡុងប្រកួតជម្រុះតាមពូលសម្រាប់តំបន់អឺរ៉ុប។ 


 រូបភាព Facebook ៖Seleções de Portugal

ក្រុមព័រទុយហ្គាល់និងក្រុមតួកគីធ្លាប់បានជួបប្រកួតគ្នាចំនួន៨លើកដោយព័រទុយហ្គាល់ឈ្នះតួកគី៦លើក និងចាញ់២លើកតែ។ ៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរគឺមានលទ្ធផលដូចគ្នាដោយ ឈ្នះ៣ ស្នើ១ និងចាញ់១ ក៏ប៉ុន្តែជំនួបរាត្រីនេះព័រទុយហ្គាល់ នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីយកឈ្នះតួកគី។
  

 រូបភាព Facebook ៖Seleções de Portugal

«រឿងដែលតែងកើតឡើងចំពោះជម្រើសជាតិព័រទុយហ្គាល់គឺជាសម្ពាធ យើងតែងជួបសម្ពាធ ហើយយើងអាចយកឈ្នះវាបាន។ យើងត្រូវតែត្រៀមខ្លួនឱ្យល្អដើម្បីយកឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ២លើកចុងក្រោយនេះឱ្យខានតែបាន»។ លោក Fernando Santos និយាយមុនការប្រកួតបែបនេះ។
 
ក្រុមព័រទុយហ្គាល់ក្នុងរាត្រីនេះ នឹងត្រូវអវត្តមានកីឡាករខ្សែការពារសំខាន់៣រូប ក្នុងនោះ Ruben Dias រងរបួស ង Joao Cancelo ជាប់បម្រាម និង Pepe មានបញ្ហា។ ចំណែកតួកគីមិនមានបញ្ហាលើកីឡាករណាមួយឡើយមុនជំនួបទល់ក្រុមខ្លាំងព័រទុយហ្គាល់។
 
ចំណែកគ្រូអ៊ីតាលី លោក Roberto Mancini អះអាងថា ម៉ាសេដ្វានខាងជើង ជាក្រុមដែលមិនអាចមើលរំលងបានឡើយព្រោះពួកគេអាចធ្វើរឿងមិនគួរឱ្យជឿបានច្រើនណាស់អំឡុងការប្រកួតជម្រុះ។ ក្រុមម្ចាស់ជើងឯក Euro ឆ្នាំ២០២០ មួយនេះ ខកខានចូលរួមប្រកួត World Cup ២០១៨ នៅរុស្ស៊ីក្រោយធ្លាក់ត្រឹមវគ្គជម្រុះក្រោមថ្វីជើងស៊ុយអែត។
 
ក្រុមទាំងពីរនេះធ្លាប់ជួបគ្នាត្រឹមតែ២លើកតែប៉ុណ្ណោះដោយអ៊ីតាលីអាចយកឈ្នះត្រឹមតែ១ប្រកួត និងស្មើ១ប្រកួត។ យ៉ាងណាមិញ៥ប្រកួតចុងក្រោយរបស់ម៉ាសេដ្វានខាងជើងធ្វើបានល្អជាអ៊ីតាលី ដោយពួកគេអាចយកឈ្នះ ៣លើក ស្មើ១ និងចាញ់១ តែប៉ុណ្ណោះ ខណៈក្រុមជើងឯក Euro 2020 ឈ្នះត្រឹមតែ២ ស្មើ២ និងចាញ់១ប្រកួត។


 រូបភាព Facebook ៖ Nazionale Italiana di Calcio

«ការប្រកួតនេះយើងត្រូវការប្រមូលអារម្មណ៍ឱ្យបានខ្លាំង។ ម៉ាសេដ្វានខាងជើង មានប្រព័ន្ធការពារពិតជាល្អខ្លាំងណាស់។ ខ្ញុំគិតថាការប្រកួតនេះមិនងាយស្រួលឡើយ។ ត្រូវចាំថាពួកគេធ្លាប់យកឈ្នះលើអាល្លឺម៉ង់នៅក្រៅដី យើងមិនអាចមើលរំលងបានឡើយ»។ នេះជាការលើកឡើងរបស់លោក Mancini មុនការប្រកួត។
ក្រុមដែលឈ្នះការប្រកួតទាំងពីរ នឹងត្រូវប្រជែងគ្នានៅថ្ងៃទី៣០ ខែមីនា ដើម្បីបានសំបុត្រយន្តហោះទៅកាតា។
  


សម្រាប់ការប្រកូតផ្សេងទៀត ស៊ុយអែត ត្រូវតទល់សាធារណរដ្ឋឆេក ដើម្បីមានឱកាសទៅប្រកួតនឹងក្រុមប៉ូឡូញ ដែលរង់ចាំជាស្រេច ក្រោយរុស្ស៊ីត្រូវដកសិទ្ធិ។ 
 
ចំណែកវែលស៍ ត្រូវតទល់ក្រុមអូទ្រីស ហើយក្រុមដែលឈ្នះការប្រកួតនេះ នឹងត្រូវទៅជួបក្រុមដែលឈ្នះការប្រកួតរវាងក្រុម ស្កុតឡែន និងក្រុមអ៊ុយក្រែន ដើម្បីបានកៅអីទៅកាតា។ ប៉ុន្តែការប្រកួតរបស់ស្កុតឡែនទល់ក្រុមអ៊ុយក្រែនត្រូវបានផ្អាកបណ្តោះអាសន្ន៕
 
 
 
 

Tag:
 World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com