កីឡាអន្តរជាតិ
អន្តរជាតិ
Raducanu ដាក់គោលដៅប្រកួតដល់វ័យ ៣០ឆ្នាំ ខណៈ Barty កីឡាការិនីលំដាប់ពិភពលោក ប្រកាសចូលនិវត្តន៍
25, Mar 2022 , 8:29 am        
រូបភាព
កីឡាការិនីវាយកូនបាល់ Emma Raducanu នាថ្ងៃទី២៤ មីនា បាននិយាយថា នាងគ្មានគម្រោងបញ្ចប់អាជីព នៅត្រឹមវ័យក្មេងដូចកីឡាការិនី Ash Barty ដែលទើបប្រកាសចូលនិវត្តន៍ត្រឹមវ័យ ២៥ឆ្នាំឡើយ។


កីឡាការិនី Barty លំដាប់ថ្នាក់លេខ១ពិភពលោក បានប្រកាសចូលនិវត្តន៍ នាថ្ងៃទី ២៣ មីនា គឺធ្វើឡើង២ខែ បន្ទាប់ពីឈ្នះពានរង្វាន់ Australian Open រួច។ Barty បាននិយាយថា នាងបានសម្រេចបំណងក្នុងកីឡាវាយកូនបាល់នេះរួចរាល់ហើយ។ 
 
ក្រោយទទួលដំណឹងថា កីឡាការិនីលំដាប់ថ្នាក់លេខ១ពិភពលោក បានប្រកាសចូលនិវត្តន៍បែបនេះ កីឡាការិនី Raducanu ក៏បានប្រាប់អំពីគម្រោងនៅថ្ងៃអនាគតរបស់នាង គឺស្ថិតនៅលើការប្រកួតកម្មវិធី WTA Tour ជាច្រើន រយៈពេលយូរទៀត។
 
«សម្រាប់ខ្ញុំ ខ្ញុំចង់បន្តការប្រកួតកីឡាករនេះឱ្យបានកាន់យូរតាមតែអាចធ្វើទៅបាន។​ ពេលនេះខ្ញុំទើបអាយុ១៩ឆ្នាំ ខ្ញុំមានកម្មវិធីប្រកួតបន្ថែមច្រើនទៀត ហើយពេលនេះខ្ញុំនៅក្មេងខ្លាំងណាស់ ប្រហែលជាខ្ញុំអាចលេងដល់អាយុ ៣០ឆ្នាំ»។ ម្ចាស់ជើងឯក US Open ឆ្នាំ ២០២១ បានិយាយប្រាប់អ្នកកាសែតបែបនេះ។
 
កីឡាការិនី Ash Barty មិនត្រឹមតែជាកីឡាការិនីវាយកូនបាល់ទេ នាងក៏ធ្លាប់ជាកីឡាការិនីប្រកួតវាយបាល់ Cricket ផងដែរ។ 
 
ទោះជាយ៉ាងនេះក្តី Raducanu បានអះអាងបន្ថែមថា បើសិនពេញចិត្តធ្វើអ្វីមួយ គួរតែផ្តោតការយកចិត្តទុកដាក់លើវា ៕
 
 

Tag:
 Tennis
  Emma Raducanu
© រក្សាសិទ្ធិដោយ thmeythmey.com