កីឡាអន្តរជាតិ
អន្តរជាតិ
​ជម្រុះ World Cup ៖ ម៉ាសេដ្វានខាងជើងទម្លាក់អ៊ីតាលីឡើងជួបព័រទុយហ្គាល់
25, Mar 2022 , 11:02 am        
រូបភាព
ក្រុមម៉ាសេដ្វានខាងជើងដែលគ្រូបង្វឹកអ៊ីតាលីគិតថាមិនមើលរំលង បានទម្លាក់ម្ចាស់ជើងឯក Euro 2020 ចេញពីការប្រកួតជម្រុះ World Cup 2022 វគ្គ Play-Off តំបន់អឺរ៉ុបក្នុងលទ្ធផល១-០ នាថ្ងៃទី២៥ ខែមីនា។ ឯព័រទុយហ្គាល់យកឈ្នះតួកគីលទ្ធផល៣-១។ ក្រុមទាំងពីរ ត្រូវជួបគ្នាដើម្បីប្រជែងកៅអីទៅកាតា។

 
១គ្រាប់ជ័យជម្នះចុងម៉ោងរបស់ក្រុមម៉ាសេដ្វានខាងត្បូង ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Aleksandar Trajkovski នៅនាទី៩០+២ ។ នេះជាលើកទីពីរហើយ សម្រាប់អ៊ីតាលីដែលខកខានទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup ដោយកាលពីឆ្នាំ ២០១៨ អ៊ីតាលីធ្លាក់ចេញក្រោមថ្វីជើងស៊ុយអែត។
 
គ្រូបង្វឹកអ៊ីតាលីលោក Roberto Mancini បានចាត់ទុកការចាញ់ក្រោមថ្វីជើងក្រុមម៉ាសេដ្វានខាងត្បូងជារឿងដែលគួរឱ្យខកចិត្តដ៏ធំបំផុត។
 
«ពេលឈ្នះ Euro វាជាបទពិសោធអស្ចារ្យមួយក្នុងជីវិតរបស់ខ្ញុំ ក៏ប៉ុន្តែថ្ងៃនេះជារឿងដែលខ្ញុំខកចិត្តធំបំផុតមិនធ្លាប់មានពីមុនមក។ ហើយសម្រាប់អនាគតរបស់ខ្ញុំ យើងនឹងដឹកនៅពេលខាងមុខ ខ្ញុំគិតថាពេលនេះគ្រប់គ្នាកំពុងតែខកចិត្តជាខ្លាំង ហើយមិនមែនជាពេលនិយាយពីរឿងអនាគតឡើយ»។លោក Mancini និយាយក្រោយចប់ការប្រកួតបែបនេះ។
ចំណែកក្រុមព័រទុយហ្គាល់បានយកឈ្នះលើតួកគីក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Estadio do Dragao។ ៣គ្រាប់របស់ព័រទុយហ្គាល់ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Otavio, Diogo Jota និងកីឡាករ Matheus Luiz។ ចំណែក១គ្រាប់របស់តួកគីរកបានដោយកីឡាករ Burak Yilmaz។ 
 
ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ Cristiano Ronaldo មិនអាចរកគ្រាប់បាល់បានឡើយក្នុងជំនួបយប់មិញនេះ។ ទោះគ្មានគ្រាប់បាល់ គ្រូបង្វឹកលោក Santos បានអះអាងថា Ronaldo ក៏នៅតែជាផ្នែកដ៏សំខាន់មួយសម្រាប់ក្រុមបើទោះជាមិនអាចស៊ុតចូលទីបាន។ ខ្សែប្រយុទ្ធក្រុម Manchester United រូបនេះបានសរសើរទៅកាន់មិត្តរួមក្រុមនឹងឱ្យផ្តោតអារម្មណ៍បន្ថែមនៅការប្រកួតបន្ទាប់។
 
«នេះជាជំហានមួយយ៉ាងអស្ចារ្យសម្រាប់យើងឆ្ពោះទៅកាន់កាតានាចុងឆ្នាំ២០២២​ នេះ ហើយត្រូវតែផ្តោតអារម្មណ៍ដើម្បីយកឈ្នះការប្រកួតបន្ទាប់ទៀត និងជឿជាក់លើសមត្ថភាពរបស់យើងជានិច្ច»។ Ronaldo សរសេរលើ Instagram បែបនេះ។
 
ព័រទុយហ្គាល់នឹងត្រូវជួបតទល់ជាមួយម៉ាសេដ្វានខាងត្បូងនៅថ្ងៃទី ៣០ខែមីនា ចំណែកប៉ូឡូញត្រូវជួបស៊ុយអែត ខណៈវែលស៍ចាំអ៊ុតការប្រកួតស្កុតឡែនទល់អ៊ុយក្រែន៕
 
 

Tag:
 World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com