កីឡាអន្តរជាតិ
អន្តរជាតិ
លោក ចនសុន ថា សំណើរុស្ស៊ីធ្វើម្ចាស់ផ្ទះ Euro 2028 ទៅហួសពីរឿងអស់សំណើចទៅទៀត
25, Mar 2022 , 3:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន នាថ្ងៃទី២៥ខែមីនា បានច្រានចោលចំណាប់អារម្មណ៍ដែលរុស្ស៊ីគ្រោងដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត Euro 2028 និងចាត់ទុកជាការប្រមាថយ៉ាងខ្លាំង ហើយស្នើឱ្យការប្រកួតប្រព្រឹត្តិនៅអ៊ុយក្រែនជំនួសវិញ។



រុស្ស៊ីបានបង្ហាញចំណាប់អារម្មណ៍ដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់អឺរ៉ុប Euro 2028 ឬក៏ Euro 2032 បើទោះបីជាកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មពីសំណាក់បស្ចឹមលោក ក្រោយវាយប្រហារអ៊ុយក្រែនក្តី។ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ក៏បានព្រមានបន្ថែមទណ្ឌកម្មលើរុស្ស៊ីពីបញ្ហានេះ។ នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ហាក់ហួសចិត្តនឹងរឿងនេះ។
 
«គំនិតរបស់រុស្ស៊ីដែលចង់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍កីឡាបាល់ទាត់ឬក៏ការប្រកួតព្រឹត្តិការណ៍វប្បធម៍ណាមួយនៅពេលនេះ គឹលើសពីការប្រមាថទៅទៀត។ ខ្ញុំមិនអាចជឿបានឡើយថានឹងមាននរណាម្នាក់នឹងគិតអំពីរឿងនេះ»។លោក ចនសុន និយាយបែបនេះពីទីក្រុងព្រុចសែលនៅថ្ងៃទី២៤ ខែមីនា។
 
យ៉ាងណាមិញ លោក ចន សុន ក៏បានអះអាងថា បើរុស្ស៊ីព្រមដកទ័ពពីទឹកដីអ៊ុយក្រែនទាំងអស់នោះ ការប្រកួតព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុបអាចពិចារណាផ្តល់ទៅឱ្យរុស្ស៊ី។
 
ការប្រកួតអំពីសិទ្ធិជាម្ចាស់ផ្ទះការប្រកួត​ Euro 2028 និង Euro 2032 នឹងត្រូវប្រកាសនៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ មុនការប្រកួត Euro 2024 ដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ៕
 

Tag:
 ​​Euro 2028
  បូរីស ចនសុន
© រក្សាសិទ្ធិដោយ thmeythmey.com