កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup ៖ អ៊ុយរូហ្គាយ និងអេក្វាឌ័រ បានកៅអីទៅកាតា
25, Mar 2022 , 5:15 pm        
រូបភាព
ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និងអេក្វាឌ័រ នាថ្ងៃទី២៥ខែមីនា បានកៅអីទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់ World Cup នៅកាតា ទោះសល់មួយប្រកួតទៀតក្ដី។



នាការប្រកួតជម្រុះតំបន់អាម៉េរិកឡាទីនថ្ងៃទី២៤ ខែមីនា អ៊ុយរូហ្គាយយកឈ្នះប៉េរូក្នុងលទ្ធផល ១-០ និង អេក្វាឌ័រ បានប្រកួតចាញ់ក្រុមប៉ារ៉ាហ្គាយ ៣-១។ អ៊ុយរូហ្គាយរកបាន៣ពិន្ទុបន្ថែម ដែលនាំឱ្យពិន្ទុសរុបឡើងដល់២៥ពិន្ទុ ចំណែកអេក្វាឌ័រទោះចាញ់ការប្រកួត ក៏នៅមានគម្លាតពិន្ទុលើក្រុមប៉េរូដែលទើបប្រកួតចាញ់ដូចគ្នាដល់ទៅ៤ពិន្ទុ ខណៈនៅសល់១ប្រកួតបង្ហើយកិច្ច។
 
ក្រុមទាំងពីរនេះ ក៏ឡើងទៅដោយស្វ័យប្រវត្តិជាមួយប្រេស៊ីលនិងអាហ្សង់ទីន។ ប៉េរូដែលឈរលេខ៥ និងមានត្រឹមតែ ២១ពិន្ទុ នឹងប្រជែងជាមួយកូឡុំប៊ីដែលមាន២០ពិន្ទុ និងស៊ីលីដែលមាន១៩ពិន្ទុ យកតំណែងលេខ៥។ ក្រុមលេខ៥ នៃតំបន់នេះ នឹងតទល់ក្រុមដែលមកពីតំបន់អាស៊ីដើម្បីបានឱកាសទៅកាតា។
 
សម្រាប់ប្រកួតចុងក្រោយនៃតំបន់ទ្វីបអាម៉េរិកខាងត្បូង ប៉េរូ ត្រូវទទួលប៉ារ៉ាហ្គាយ ចំណែកក្រុមកូឡុំប៊ីត្រូវជួបជាមួយវេណេស៊ុយអេឡា។ ស៊ីលី ត្រូវទទួលក្រុមភ្ញៀវអ៊ុយរូហ្គាយនៅថ្ងៃទី២៩ ខែមីនាខាងមុខ៕
 

Tag:
 World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com