ជាតិ
វិស័យទេសចរណ៍ កំពុងទទួលផលវិជ្ជមាន ពីការដកលក្ខខណ្ឌធ្វើតេស្តកូវីដ-១៩ លើភ្ញៀវអន្តរជាតិ
25, Mar 2022 , 9:59 pm        
រូបភាព
ដោយ:
រដ្ឋាភិបាលកម្ពុជាបានប្រកាសបើកទទួលអ្នកដំណើរដែលចាក់វ៉ាក់សាំងពេញលេញ ដោយមិនតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩នោះទេ។ អ្នករកស៊ីក្នុងវិស័យទេសចរណ៍ មើលឃើញផលវិជ្ជមានច្រើន ខណៈជើងហោះហើរពីក្រៅប្រទេសក៏បន្តកើនឡើង។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏មិនបារម្ភច្រើនពីការរីករាលដាលនៃជំងឺកូវីដ-១៩ ពីទេសចរអន្តរជាតិដែរ។


ប្រទេសកម្ពុជាកំពុងត្រឡប់ទៅរកភាពប្រក្រតី ដែលធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងវិញ។ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវបរទេស រាជរដ្ឋាភិបាលមិនតម្រូវឱ្យអ្នកដំណើរ ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពេញលេញ មានលិខិតបញ្ជាក់ការធ្វើតេស្តPCR និងធ្វើតេស្តរហ័សពេលមកដល់កម្ពុជាឡើយ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ។ 
 
ជុំវិញការសម្រេចនេះ លោក តុប សុភ័ក អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ រំពឹងខ្ពស់ថាកម្ពុជានឹងមានលទ្ធភាពប្រជែងយកទេសចរអន្តរជាតិ ព្រោះប្រទេសក្នុងតំបន់មិនទាន់បានបើកប្រទេសទទួលទេសចរ ដោយមិនតម្រូវ ការធ្វើតេស្តនោះទេ ។ លើសពីនេះកម្ពុជា មានហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ទាប។


 លោក តុប សុភ័ក រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ក្នុងកម្មវិធីវាទិការទេសចរណ៍អាស៊ាន។ រូបភាពពីហ្វេសប៊ុករបស់លោក

រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ រៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទដូច្នេះ៖ « ការដកលក្ខខណ្ឌនេះ ស្របតាមផែនការទេសចរណ៍វ៉ាក់សាំង ជាការប្រកួតប្រជែងមួយ ព្រោះប្រទេសក្នុងតំបន់មិនទាន់ធ្វើបានដូចកម្ពុជាទេ ហើយប្រទេសមួយចំនួនទៀតនៅរឹតបន្តឹងវិធានសុវត្ថិភាពនៅឡើយ។ តែប្រទេសខ្លះទៀតក៏កំពុងរៀបចំបើកប្រទេសទាំងមូលដែរ តែមិនអាចបើកបានភ្លាមៗទាំងអស់ទេ ដូច្នេះកម្ពុជាបើកមុន ជាឱកាសនៃការប្រកួតប្រជែងខ្ពស់ »។ 
 
លោក តុប សុភ័ក បន្តថា អាជីវករក្នុងវិស័យទេសចរណ៍មួយចំនួនធំបានបើកអាជីវកម្មឡើងវិញ ដោយអាជីវករមួយចំនួនកំពុងត្រៀមខ្លួនផ្ដល់សេវាកម្មដល់ទេសចរអន្តរជាតិ ជាពិសេសអ្នករកស៊ីនៅខេត្តគោលដៅទេសចរណ៍សំខាន់ៗ ដូចជាខេត្តព្រះសីហនុ សៀមរាប និងរាជធានីភ្នំពេញជាដើម។ 
 
តាមរយៈការដកលក្ខខណ្ឌធ្វើតេស្តPCRមុន ៧២ម៉ោង និង ការធ្វើតេស្តរហ័សពេលមកដល់កម្ពុជា អ្នករកស៊ីក្នុងវិស័យទេសចរណ៍បានបង្ហាញការគាំទ្រ ជាមួយនឹងក្ដីរំពឹងពីកំណើនទេសចរអន្តរជាតិ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA ) យល់ថាផែនការនេះធ្វើឱ្យកម្ពុជាអាចទទួលទេសចរបានពេញលេញឡើងវិញ ព្រោះចាប់តាំងពីខែវិច្ឆិកាមក ទេសចរអន្តរជាតិចូលមកកម្ពុជាមានតិចតួចនៅឡើយ ដោយសាររនាំងនៃឯកសារផ្សេងៗ។
 
ប្រធានCATA រូបនេះ រំពឹងខ្ពស់ពីកំណើនទេសចរអន្តរជាតិ ក្នុងឆ្នាំ២០២២នេះ។ « យើងរំពឹងថាភ្ញៀវអន្តរជាតិនឹងកើនឡើងរហូតដល់ ៣០ភាគរយ។ តែយើងក៏ត្រូវមានជើងហោះហើរសម្បូបែបសម្រាប់ទេសចរ ទើបគេមកកម្សាន្តនៅកម្ពុជា។ សម្រាប់វិស័យឯកជនក៏ត្រូវត្រៀមខ្លួនទាំងសេវាកម្ម និង ផលិតផល កុំឱ្យមានព័ត៌មានមិនល្អពីកម្ពុជា »។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន។
 


 លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា​(CATA) ។​ រូបភាពពីហ្វេសប៊ុកលោកស្រី។

ទាក់ទងនឹងបញ្ហាការខ្វះខាតជើងហោះហើរ លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់សារព័ត៌មានThmeyThmey25 ថា ជើងហោះហើរពីប្រទេសក្នុងតំបន់អាស៊ី ជាពិសេសប្រទេសអាស៊ានបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីកម្ពុជាបានប្រកាសបើកប្រទេសលើកដំបូង។ លើសពីនេះ រដ្ឋាភិបាលបានដកលក្ខខណ្ឌធ្វើតេស្ត PCR និងតេស្តរហ័ស លោក ស៊ីន ចាន់សេរីវុត្ថា ជឿថាជើងហោះហើរនឹងបន្តកើនឡើង តែលោកមិនអាចសន្និដ្ឋានពីចំនួនជើងហោះហើរភ្លាមៗនោះទេ។
 
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជារូបនេះបញ្ជាក់ដូច្នេះ៖ « ជាធម្មតាជើងហោះហើរនឹងកើនឡើងហើយ តែយើងមិនអាចវាសវែងបានទេ ត្រូវការមួយខែ ឬពីរខែបានដឹង។ អ្នកដំណើរត្រូវរៀបចំផែនការ កក់សំបុត្រ និងកម្មវិធីធ្វើដំណើររបស់ពួកគាត់។ ប៉ុន្តែការព្យាកររបស់យើងគឺផលវិជ្ជមាន នៃការធ្វើដំណើរចូលមកកម្ពុជា។ ខែមីនានេះជើងហោះហើរកើនឡើង ៣-៤ជើងទៀត ហើយនៅពេលយើងប្រកាសបើកបែបនេះទៀត វានឹងអាចកើនលើសពីនេះទៀត»។
 
ក្រៅពីកំណើនជើង ហោះហើរ តម្លៃសំបុត្រយន្តហោះក៏នឹងអាចទាបជាងមុនផងដែរ ព្រោះនៅពេលក្រុមហ៊ុនជើងហោះហើរបើកច្រើនវិញ អ្នកដំណើរកើនឡើង នោះតម្លៃសំបុត្រយន្តហោះនឹងមានការប្រកួតប្រជែង។ នេះជាការបន្ថែមរបស់លោក ស៊ីន ចាន់សេរីវុត្ថា។
 
បច្ចុប្បន្នអាកាសយាន្តដ្ឋានភ្នំពេញ ទទួលបានជើងហោះហើរច្រើនជាងគេ។ ចំណែកអាកាសយាន្តដ្ឋានខេត្តសៀមរាប ទទួលបានជើងហោះហើរពីប្រទេសសឹង្ហបុរីជាប្រចាំ ដោយមួយថ្ងៃមួយជើង និងមានជើងហោះពីប្រទេសថៃ និងក្នុងស្រុកមួយសប្តាហ៍ ពីរជើង។ ដោយឡែកអាកាសយាន្តដ្ឋានកងកេង ក្នុងខេត្តព្រះសីហនុទទួលបានជើងហោះហើរពីក្រៅប្រទេសតិចតួចប៉ុណ្ណោះ។
 
យ៉ាងណាមិញ បើតាមលោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងមួយថ្ងៃភ្ញៀវទេសចរអន្តរជាតិប្រមាណ ១ពាន់អ្នកបានចូលមកកម្ពុជា ដោយភាគច្រើនមកតាមជើងហោះហើរប្រទេសសឹង្ហបុរី និង ភ្ញៀវក្នុងតំបន់អាស៊ាន។ កាលពីខែកុម្ភៈកន្លងទៅអ្នកដំណើរអន្តរជាតិចូលមកកម្ពុជា ប្រមាណ ៤ម៉ឺន ៦ពាន់នាក់។ ក្រសួងទេសចរណ៍ក៏កំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធ និងស្នើអគ្គរាជទូតថ្មីមួយចំនួន ដែលប្រចាំនៅប្រទេសកម្ពុជា ឱ្យជំរុញជើងហោះហើរត្រង់មកកម្ពុជាដែរ។


 លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ។ រូបភាពពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល

ដោយឡែកការទទួលទេសចរអន្តរជាតិ ដោយមិនតម្រូវឯកសារធ្វើតេស្ត PCR និង តេស្តរហ័ស ក្រសួងទេសចរណ៍ អះអាងថានឹងមិនមានបញ្ហាប្រឈមច្រើននោះទេ ព្រោះ រដ្ឋាភិបាលបានគិតគូរហ្មត់ចត់ហើយពីផែនការនេះ។ លោក តុប សុភ័ក បញ្ជាក់ដូច្នេះ៖ « រាជរដ្ឋាភិបាលបានប្រជុំ គិតល្អិតល្អន់រួចហើយ មុននឹងកែតម្រូវលក្ខខណ្ឌធ្វើដំណើរ។ យើងជឿថាពេលកែប្រែលក្ខខណ្ឌនឹងអាចនាំចូលនៃមេរោគបំប្លែងថ្មីមកកម្ពុជាទៀត ប៉ុន្តែក្រមខណ្ឌពិភពលោកមានអត្រាឆ្លងកូវីដ-១៩ ៩៩ភាគរយហើយនៃប្រភេទអូមីក្រុងរួចទៅហើយ ។ តែបើសិនមានមេរោគអ្វីថ្មីទៀត យើងជឿថា រដ្ឋាភិបាលនឹងពិចារណាតាមស្ថានភាព  ដើម្បីការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចជាតិ »។
 
សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី ២៤មីនា កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ សរុប ១៣៥ ៣៤៤ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២១ ២០៣ករណី ។ អ្នកជាសះស្បើយសរុប ១៣១ ៣១៣ករណី និងស្លាប់សរុបមាន ៣ ០៥៤ករណី ៕
 
 
 

Tag:
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com